អង្គការ​លើក​លែង​ទោស​អន្តរជាតិ ទាមទារ​ឲ្យ​ដោះ​លែង​យ៉ោម បុប្ផា

អាជ្ញាធរកម្ពុជា ត្រូវដោះលែងសកម្មជនសិទ្ធិលំនៅដ្ឋាន អ្នកស្រី យ៉ោម បុប្ផា ដែលត្រូវបានជាប់ឃុំរហូតមកដល់ថ្ងៃនេះ ដោយ​សារការជំនុំជម្រះមិនយុត្តិធម៌មួយ។ នេះជាសេចក្ដីប្រកាសព័ត៌មាន របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) មានទីស្នាក់ការកណ្ដាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
Loading...
  • ដោយ: ដារា រិទ្ធ
  • កែប្រែចុងក្រោយ: June 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាជ្ញាធរកម្ពុជា ត្រូវដោះលែងសកម្មជនសិទ្ធិលំនៅដ្ឋាន អ្នកស្រី យ៉ោម បុប្ផា ដែលត្រូវបានជាប់ឃុំរហូតមកដល់ថ្ងៃនេះ ដោយ​សារការជំនុំជម្រះមិនយុត្តិធម៌មួយ។ នេះជាសេចក្ដីប្រកាសព័ត៌មាន របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) មានទីស្នាក់ការកណ្ដាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។


ផ្លាកសញ្ញា របស់អង្គការលើកលែងទោសអន្តរជាតិ។

សេចក្ដីប្រកាសព័ត៌មានរបស់អង្គការអន្តរជាតិ បានធ្វើឡើងមួយថ្ងៃមុន សវនាការកាត់ក្ដីលើសំនុំរឿងរបស់អ្នកស្រី យ៉ោម បុប្ផា នៅសាលាឧទ្ទរណ៍ថ្ងៃទី៥ខែមិថុនា។ អ្នកស្រីយ៉ោម បុប្ផា អាយុ៣១ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់​ទោសកាលពីថ្ងៃទី២៧ខែធ្នូកន្លងទៅ ពីបទប្រព្រឹត្តិអំពើហឹង្សាដោយចេតនា ដែលមានស្ថានទម្ងន់ទោស ហើយ​បង្គាប់​ឲ្យ​ដាក់ពន្ធនាគារអ្នកស្រី បីឆ្នាំ។

ក្នុងសំនុំរឿងដ៏ចម្រូងចម្រាស់ អ្នកស្រីត្រូវបានចោទថា បានរៀបគម្រោងវាយដំទៅលើបុរសអ្នករត់ម៉ូតូឌុបពីរនាក់ ដែល​ជា​អ្នកជិតខាងរបស់អ្នកស្រី។ ប៉ុន្តែក្រុមឃ្លាំមើលការរំលោភសិទ្ធិ​មនុស្ស ក្នុងប្រទេសកម្ពុជា បាននិយាយថា មិនមានចំណុច​ណាមួយ ដែលបញ្ជាក់ថាអ្នកស្រីយ៉ោម បុប្ផា ជាអ្នកផ្តើមគំនិត ឲ្យមាន​បទ​ល្មើស​ប្រើប្រាស់ហឹង្សា សម្រាប់ជាស្ថានទម្ងន់​ទោសនោះទេ ។

លោក អំ សំអាត មន្ត្រីរបស់អង្គការការពារសិទ្ធិមនុស្សក្នុងស្រុកលីកាដូ បានបញ្ជក់ថា ទាំងសាក្សី ទាំងជនរងគ្រោះ បាន​ឃើញអ្នកស្រី នៅក្រោយពេលកើតហេតុនោះ។ មន្ត្រីរូបនេះបានសន្និដ្ឋានយ៉ាងដូច្នេះថា «កុំតែអ្នកស្រីយ៉ោម បុប្ផា គឺជា​សកម្មជន​តំណាង​អ្នក​បឹងកក់ ការពារដីធ្លី និងផ្ទះសម្បែង កន្លងមកយ៉ាងសកម្មនោះ ប្រហែលជាអ្នកស្រី យ៉ោម បុប្ផា មិន​មានវាសនា​ដូច​ថ្ងៃ​នេះទេ»។

នាយិការងអង្គការលើកលែងទោសអន្តរជាតិទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក លោកស្រី អ៊ីសាប៊ែល អារ៉ាដុង (Isabelle Arradon) បាននិយាយថា «អវត្តមាននៃបណ្ដុំភស្ដុតាង ប្រឆាំងអ្នកស្រី យ៉ោម បុប្ផា បញ្ជាក់ថាទម្ងន់ទោស ដែលបាន​ដាក់​លើអ្នកស្រី គ្មានមូលដ្ឋានពិតប្រាកដ ហើយស្ត្រីម្នាក់នេះមិនគួរត្រូវបានគេដាក់ទោសនោះទេ។ គេត្រូវដោះលែងអ្នកស្រី ជាបន្ទាន់។»

អ្នកស្រី យ៉ោម បុប្ផា និងស្វាមីអ្នកស្រី ត្រូវបានចាប់ខ្លួននៅថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១២ តែស្វាមីអ្នកស្រីបានត្រូវដោះលែង​វិញ​នៅប៉ុន្មានថ្ងៃក្រោយមក។ មុនថ្ងៃចាប់ខ្លួន អ្នកស្រីជាសកម្មជនការពារសិទ្ធិលំនៅដ្ឋានស្របច្បាប់មួយរូប ទាក់ទងនឹង​ការ​បណ្ដេញចេញដោយបង្ខំ ពីតំបន់បឹងកក់ នៅក្នុងគម្រោងមួយរបស់រដ្ឋាភិបាល ក្នុងការប្រគល់តំបន់នេះ ទៅឲ្យក្រុមហ៊ុន​ឯកជនវិនិយោគ។ អ្នកស្រីក៏ធ្លាប់បានចេញមុខ ទាមទារឲ្យដោះលែងសកម្មជនដីធ្លី១៣នាក់ផ្សេងទៀត ដែលត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន កាលពីខែឧសភាឆ្នាំ២០១២ និងជាប់ទោសក្នុងម្នាក់ពីរឆ្នាំ ក្រោយពីពួកគេទាំងនោះបាន​ធ្វើបាតុកម្ម​អហឹង្សា។

លោកស្រី អ៊ីសាប៊ែល អារ៉ាដុង បាននិយាយទៀតថា «អង្គការលើកលែងទោសអន្តរជាតិ ចាត់ទុកអ្នកស្រីយ៉ោម បុប្ផា ជា​អ្នកទោសមនសិការ ដែលត្រូវជាប់ឃុំដោយសារតែគាត់បានអនុវត្តន៍ នូវសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់គាត់»។ ហើយលោកស្រីបានបរិហារប្រព័ន្ធយុត្តិធម៌ ក្នុងប្រទេសកម្ពុជា ថាត្រូវបានប្រើប្រាស់ ដើម្បី«ធ្វើទុក្ខបុកម្នេញ លើក្រុមអ្នក​ការពារសិទ្ធិមនុស្ស» ហើយលោកស្រីអំពាវនាវ ទៅបណ្ដាប្រទេសដៃគូរអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ឲ្យរួមដៃជាមួយ​អង្គការលើកលែងទោស និងក្រុមការពារសិទ្ធិមនុស្សផ្សេងទៀត ដើម្បីគាំទ្របុព្វហេតុរបស់ក្រុមអ្នកភូមិនៅបឹងកក់។

សូមបញ្ជាក់ថា ក្រុមអ្នកភូមិបឹងកក់ ត្រូវបានកងកម្លាំងអាជ្ញាធរវាយបង្ក្រាបយ៉ាងចាស់ដៃ កាលពីថ្ងៃទី១៣ខែមិនាឆ្នាំ​២០១៣​នេះ ខណៈពួកគេបានព្យាយាមជួបជុំគ្នាធ្វើបាតុកម្មដោយអហឹង្សា នៅមុខគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ នៅក្នុងព្រឹត្តិការណ៍នោះ ស្ត្រីម្នាក់បានរងគ្រោះថ្នាក់បាក់ដៃមួយចំហៀង និងម្នាក់ទៀតអាយុ៧០ឆ្នាំ រងគ្រោះរហូតដល់​សន្លប់៕

-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...