វិភាគ៖ វប្បធម៌«រាំសារ៉ាវាន់» របស់អ្នកនយោបាយខ្មែរ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: June 03, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅកម្ពុជា យន្តការនៃការ«វាយប្រហារគ្នាដោយពាក្យសម្តី រវាងបក្សកាន់អំណាច និងបក្សដ៏ទៃទៀត ដែលគេចាត់ទុកថាជាបក្សប្រឆាំង» នៅមុនការបោះឆ្នោត បានក្លាយជាទម្លាប់ប្រចាំថ្ងៃយ៉ាងអាក្រក់ របស់អ្នកនយោបាយ។ គេមិនសូវបានឃើញក្រុមនយោបាយទាំងនោះ យកបញ្ហាដែលកើតមានចំពោះមុខ ឬបញ្ហារួមរបស់ជាតិ មកដាក់លើ«តុចចារ»ណាមួយឡើយ។
ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)
ផ្ទុយទៅវិញ ការវាយប្រហារគ្នាដែលបានធ្វើឡើងរវាងអ្នកនយោបាយ មិនមែនធ្វើឡើងក្នុងន័យស្ថាបនាទេ តែភាគច្រើនជាការ«ស្វែងរកចាប់កំហុស និងដាស់ទោសគ្នាទៅវិញទៅមក» របៀបជាការចង់«យកចាញ់ឈ្នះ» សម្រាប់បុគ្គល ឬបក្សខ្លួន ហើយបានផ្ដល់ប្រយោជន៍តិចតួចបំផុតទៅដល់ សង្គមនិងប្រទេសជាតិ។ សាធារណៈមតិបានចោទសួរឡើងថា តើហេតុអ្វីនៅកម្ពុជាតែងតែជួបនូវបញ្ហាទាំងនេះ និងត្រូវធ្វើយ៉ាងណាដើម្បីលប់ចោលនូវវប្បធម៌មួយនេះបាន? មតិនេះក៏ចង់ឲ្យមានការបំលាស់ប្តូរមួយ ពីការគិតជាប្រយោជន៍បុគ្គល ប្រយោជន៍បក្ស មកជាការគិតពីប្រយោជន៍ជាតិ ឬប្រជារាស្ត្រជាធំវិញ ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួនទៅរកនីតិរដ្ឋពិត។
ការចង់បង្កើននូវប្រជាប្រិយភាពរបស់បក្ស
លោក គង់ គាំ ទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ និងប្រធានគណបក្សសមរង្សី បានលើកឡើងថា ទាំងនោះសុទ្ធសឹងជាដំណើរនយោបាយ និងជាការបកស្រាយរបស់ ភាគីគូរប្រជែងនីមួយៗ ហើយក៏ជាការឆ្លៀតឱកាសទាញយកប្រយោជន៍នោះដែរ។ ទីប្រឹក្សាជាន់ខ្ពស់រូបនេះបន្តរថា ការប្រើប្រាស់នូវយន្តការណ៍ទាំងនេះក៏ដោយសារតែ គណបក្សទាំងនោះមាននូវប្រវត្តិអតីតកាលរបស់ខ្លួនដូចជា កំណើត ចរិត និងគោលដៅ ដែលគិតថាមានប្រយោជន៍ និងមិនចង់ឲ្យមានការបំភ្លេចពីប្រជាពលរដ្ឋ។ លោកបានបង្ហាញថា មុនការបោះឆ្នោតមកដល់ ទាំងអស់នេះវាជារឿងធម្មតាទៅហើយសម្រាប់កម្ពុជា ព្រោះជាទស្សនៈនៃថ្នាក់ដឹកនាំនយោបាយ ដែលមានគោលនយោបាយ និងទស្សនៈនៃការដឹកនាំរបស់ខ្លួន។ លោកបានលើកជាឧទាហរណ៍ថា ថ្មីៗនេះមានការចោទគ្នាទៅវិញទៅមកថា «បើគណបក្សសង្គ្រោះជាតិឈ្នះ វាកើតខ្មែរក្រហម តែខាងគណបក្សសង្គ្រោះជាតិគិតថា បើសង្គ្រោះជាតិមិនឈ្នះ ខ្មែរក្រហមនៅតែបន្តកាន់អំណាចជាដើម»។
ឯអ្នកនាំពាក្សគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ស៊ុំ សម្បុរ បានបង្ហាញថា ការសម្លៀងមាត់ ប្រគួតប្រជែងតាមពាក្សសម្តីនេះ វាបានក្លាយទៅជាទម្លាប់ និងជាវប្បធម៌ទៅហើយសម្រាប់ស្រុកខ្មែរនោះ។ លោកបន្តថា គណបក្សដែលតែងតែប្រឈមមុខដាក់គ្នានោះ មានគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដែលស្តែងឡើង ក្នុងគោលបំណងស្វែងរកចំណេញសម្រាប់ប្រយោជន៍បក្ស និងការទាញយកចំណេញលើចំណុចខ្វះខាត ឬភាពចន្លោះប្រហោង របស់គណបក្សដ៏ទៃទៀត។ អ្នកនាំពាក្សរូបនេះបន្តថា តើរាល់ការកេងយកផលចំណេញពីនយោបាយទាំងនោះ សម្រាប់នណា! សម្រាប់បុគ្គល សម្រាប់បក្ស ឬសម្រាប់ជារួម(ជាតិ) ព្រោះការទាំងនោះបានធ្វើឡើង ដោយពុំដែលគិតពីពេលវេលា ឬផលប៉ះពាល់ម្តងណានោះឡើយ។ លោកថា ទោះជាយ៉ាងនេះក្ តីវាជាសិទ្ធិសេរីភាពរបស់គណបក្សនយោបាយ។
លោក ស៊ុំ សម្បុរ បញ្ជាក់ថា ដោយសារតែបក្សកាន់អំណាច និងបក្សប្រឆាំងនេះ បានប្រកាន់នូវគោលជំហរ«រឹង ឬភាពមានៈ»រៀងៗខ្លួន ដែលមិនអាចធ្វើ ឬទទួលយកការអធ្យាស្រ័យពីគ្នា និងជាពិសេសមិន «មិនអនុគ្រោះ ឬបន្ថូបន្ថយឲ្យគ្នាទៅវិញទៅមក»។ លោកថា បក្សទាំងពីរនេះក៏មិនបានគិតពីបញ្ហាបច្ចេកទេស លក្ខណៈប្រជាធិបតេយ្យក្នុងស្រុក និងបញ្ហាអភិវឌ្ឍន៍ប្រទេសដែរ។ ការប្រើប្រាស់នូវកំលាំងហួសហេតុ ក្នុងការទប់ស្កាត់ជាមួយអ្នកប្រឆាំង ឬអ្នកទាមទារនូវដំណោះស្រាយផ្សេងៗនោះ លោកបានចាត់ទុកថា វាកើតចេញពីការមិនស្គាល់នូវ«សិទ្ធិសេរីភាព»របស់ខ្លួនច្បាស់លាស់តែប៉ុណ្ណោះ។
ផ្ទុយនឹងការលើកឡើងខាងលើ ទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រសួងវប្បធម៌ លោក ថៃ នរសត្យា បញ្ជាក់ថា នេះជាយុទ្ធនាការដោយពាក្យសម្តីមួយ ដើម្បីភាពឈ្នះ មុនការបោះឆ្នោតនោះ។ លោកបន្តថា ករណីនេះ វាក៏មិនមែនកើតឡើង«ទោល»តែឯងនៅកម្ពុជានោះដែរ បើប្រទេសណាមួយមានការបោះឆ្នោតដោយសេរី មានន័យថាជាការ «ដណ្តើមយកប្រជាប្រិយភាពពីគ្នាទៅវិញទៅមក»។ លោកបន្តថា«គ្មានអ្នកណាធ្វើដើម្បីតែគណបក្សសុទ្ធនោះទេ ហើយក៏គ្មានអ្នកណាធ្វើដើម្បីតែប្រជាពលរដ្ឋសុទ្ធនោះដែរ(…)។ ដើម្បីបានបំរើប្រជាជនលុះត្រាតែគណបក្សហ្នឹង មានអាទិភាពក្នុងការបំរើប្រជាជន នោះមានន័យថាបានបំរើប្រទេសជាតិហើយ។ ការបំរើជាតិ ការបំរើប្រជាជនធ្ចើឡើងទៅតាមរយៈគណបក្ស ដែលមិនអាចខ្វះបាន។»
ចំពោះសង្គមស៊ីវិល យល់ឃើញថា ទាំងអស់នោះអាចជាការប្រើប្រាស់នូវ«ប្រជាភិថុតិ» ក្នុងគោលបំណងទិញទឹកចិត្តប្រជាពលរដ្ឋ ឲ្យលង់នឹងការអូសទាញរបស់បក្សណាមួយ។ ប្រធានផ្នែកបច្ចេកទេស ស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ(Licadho) លោក អំ សំអាត លើកឡើងថា អំឡុងថ្ងៃបោះឆ្នោតចិតជិតមកដល់ គ្រប់គណបក្សដែលចូលរួម តែងតែគិតថា ធ្វើយ៉ាងណាដើម្បីទាញយកប្រជាប្រិយភាព ក្នុងការគាំទ្រដោយសម្លេងឆ្នោតពីប្រជាពលរដ្ឋ និងការប្រើប្រាស់នូវអ្វីដែលកិតថា ជាភាពចំណេញរបស់គណបក្ស ហើយពួកគាត់(គណបក្ស)នឹងប្រើប្រាស់ទៅតាមលទ្ធភាពដែលមាន។
គួរមានការពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយ
បក្សទាំងអស់បានប្រកាន់យកនូវគោលជំហរមួយ ដែលខ្លួនគិតថា«ត្រឹមត្រូវ» បើទោះ បីជាមានការរិះគន់ពីស្ថាប័ននានា ដូចជាអង្គការជាតិ ឬអន្តរជាតិក្នុងន័យស្ថាបនាក៏ដោយ ជាពិសេសបក្សដែលដឹកនាំរដ្ឋាភិបាលតែម្តង។ គណបក្សចូលរួមក្នុងការបោះឆ្នោត ក៏មិនដែលលើកយកបញ្ហាទាំងនោះមកដាក់លើ«តុ» ដើម្បីជជែក ស្វែងរកដំណោះស្រាយនោះដែរ។
ក្នុងបញ្ហាជំនួបពិភាក្សា លោក គង់ គាំ បានផ្តល់ជាយោបល់ថា ថ្នាក់ដឹកនាំនយោបាយសំខាន់ៗ គួតែជួបជជែកគ្នាពីគោលនយោបាយវិជ្ជមានរបស់គណបក្សខ្លួន និងគោលនោយបាយជាអវិជ្ជមាន នៃបក្សដែលចូលរួមប្រគួតជាមួយខ្លួនបើអាចទៅរួច នោះជាការត្រឹមត្រូវបំផុត។
ឯលោក ស៊ុំ សម្បុរ យល់ថា ប្រជាធិបតេយ្យនៅកម្ពុជា ដែលទើបនឹងកើតមានឡើង មិនទាន់មានលក្ខណៈរឹងមាំ ដូច្នេះការយកបញ្ហាដែលចន្លោះប្រហោង មកដាក់រួមពិភាក្សាគ្នារវាងបក្សកាន់អំណាច និងបក្សប្រឆាំងនោះមិនទាន់អាចទៅរួចនោះទេ។ លោកបានពន្យល់ថា ករណីមិនមានការពិភាក្សាគ្នាលើ«តុ» នូវចំណុចខ្វះខាត ឬភាពចន្លោះប្រហោងនៃគោលនយោបាយរបស់បក្ស ដើម្បីធ្វើការពិភាក្សា ឬដោះស្រាយនោះ ព្រោះតែ ទីមួយវាជាឧបករណ៍នៃល្បែងនយោបាយសម្រាប់ប្រជាប្រិយភាពរបស់បក្ស ទីពីរភាពខ្វះចន្លោះប្រហោងនៃច្បាប់ (មិនមានច្បាប់ដាក់កំហិត) និងទីបីការមិនបន្ទន់ឥរិយាបទរបស់គួរបដិបក្ស។
ដោយឡែកលោក ថៃ នរសត្យា បានបង្ហាញថា ការជែកពិភាក្សាគ្នាលើបញ្ហានេះ ទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិ ធ្លាប់បានបង្កើតនូវនាទីមួយដែលឯករាជ្យហៅថា«នាទីសមធម៌» សម្រាប់គ្រប់គណបក្សទាំងអស់ មិនថាតូច ឬធំតែងតែទទួលបាននូវសិទ្ធិស្មើគ្នាក្នុងការលើកពីបញ្ហា និងការកង្វល់របស់ខ្លួន។ លោកបន្តថា តែបក្សខ្លះចេះតែប្រើនូវឯករាជ្យ ឬសិទ្ធិរបស់ខ្លួនឲ្យមានភាពហួសហេតុ ដែលអាចបង្កឲ្យមានជាការ«ញុះញង់»ជាដើម។
ចំណែកខាងសង្គមស៊ីវិល លោក អំ សំអាត យល់ថា ជាទូទៅ មិនចំពោះគណបក្សនយោបាយណាមួយនោះទេ ធ្វើយ៉ាងណាការទាក់ទាញប្រជាប្រិយភាពពីប្រជាពលរដ្ឋ កុំឲ្យតែប៉ះពាល់ដល់ផលប្រយោជន៍ ឬការខាតបង់របស់ប្រជាពលរដ្ឋណាម្នាក់ ហើយក៍មិនត្រូវប្រើប្រាស់ប្រជាពលរដ្ឋ ជាមធ្យោបាយក្នុងការវាយប្រហារគ្នា ក្នុងឆាកនយោបាយរបស់ខ្លួននោះដែរ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៣ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ