ចៅ​សង្កាត់​​អូរចារ ថា​ការ​ចាក​ចេញ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ម្នាក់ ជា​រឿង​«បុគ្គល»

នៅចំពោះការចាកចេញ របស់សមាជិកក្រុមប្រឹក្សាសង្កាត់ម្នាក់ ពីគណបក្សសង្គ្រោះជាតិ ទៅកាន់គណបក្សប្រជាជនកម្ពុជា កញ្ញា ស៊ីន ចាន់ពៅរ៉ូហ្សែត ចៅសង្កាត់ក្រមុំ នៅសង្កាត់អូរចារ បានចេញមកពន្យល់ថា ទង្វើរបស់សមាជិកក្រុមប្រឹក្សារូបនោះ ជាសិទ្ធិ«បុគ្គល» ក្នុងការជ្រើសរើសវិថីនយោបាយ​ណាមួយ។ 
ចៅ​សង្កាត់​​អូរចារ ថា​ការ​ចាក​ចេញ​របស់​សមាជិក​ក្រុម​ប្រឹក្សា​ម្នាក់ ជា​រឿង​«បុគ្គល»
កញ្ញា ស៊ីន ចាន់ពៅរ៉ូហ្សេត ចៅសង្កាត់ក្រមុំ នៃសង្កាត់អូរចារ ក្រុងបាត់ដំបង។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 28, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«រឿងគាត់ ទៅចូលរួមជាមួយ​ CPP មិនជាបញ្ហាទេ​ ព្រោះវាជាសិទ្ធិបុគ្គលផ្ទាល់ខ្លួនគាត់» នេះ ជាការលើកឡើង របស់ចៅសង្កាត់អូរចារ ក្រុងបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ ដើម្បីប្រតិកម្មទៅនឹងការចាកចេញ របស់អ្នកស្រី រ៉ុម រ៉ាត់ សមាជិកមួយរូប នៃក្រុមប្រឹក្សាសង្កាត់ ទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងលិខិតមួយ សរសេរទៅកាន់គណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា អ្នកស្រី រ៉ុម រ៉ាត់ អាយុ៦៧ ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ អូរចា មួយរូប បានប្រកាសសុំ«រួមជីវភាព» ជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពី«បានតានដាន សកម្មភាព និងការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេស ធ្វើឲ្យប្រទេសមានសុខ​សន្តិភាព និងការអភិវឌ្ឍន៍»។

អ្នកស្រី រ៉ុម រ៉ាត់ បានសរសេរ នៅក្នុងលិខិតថា៖ «ខ្ញុំមិនអាចរួមរស់នៅ ជាមួយគណបក្សសង្គ្រោះជាតិ តទៅទៀតបានទេ។ ខ្ញុំបានសម្រេចចិត្ត សុំមកចូលរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃនេះតទៅ។»។

ក្រោយលិខិតនេះ ត្រូវបានផ្សព្វផ្សាយ ដោយប្រដាប់ឃោសនា របស់គណបក្សប្រជាជនកម្ពុជារួច កញ្ញា ស៊ីន ចាន់ពៅរ៉ូហ្សេត ដែលជាចៅសង្កាត់វ័យក្មេង នៅសង្កាត់អូរចា ក៏បានជួបប្រជុំ ជាមួយក្រុមប្រឹក្សា​មកពីគណបក្សសង្គ្រោះជាតិ ជាបន្ទាន់ដែរ នៅព្រឹកថ្ងៃទី២៨ ខែតុលានេះ។

ចៅសង្កាត់ក្រមុំ បានពន្យល់នៅលើ​គណនីហ្វេសប៊ុករបស់កញ្ញាថា៖ «យើងគ្រាន់តែជួបគាត់​ ដើម្បីបញ្ជាក់គោលជំហរ​ និងទឹកចិត្ត​ពួកយើង ចំពោះគាត់​ថា​ យើងនៅតែស្រឡាញ់រាប់អានគាត់​ មិនប្រកាន់ខឹងគាត់ទេ​ យើងរក្សាសិទ្ធិសម្រេចចិត្តនយោបាយរបស់គាត់​ គ្រាន់តែយើងមិនចង់ឲ្យគាត់ មានឈ្មោះ​ "ក្បត់"​ ដូច្នេះយើងសុំឲ្យគាត់ សុំសំរាកធម្មតាទៅ»។

នៅចំពោះការលើកឡើង របស់ទំព័រហ្វសប៊ុកមួយ ដាក់ឈ្មោះ «កវី ដងស្ទឹង» ដែលចាត់ទុកការជួបប្រជុំខាងលើ ថាជា«បិទសិទ្ធិសេរីភាពនយោបាយ» និងជាការ«គំរាមសិទ្ធិបុគ្គល» របស់អ្នកស្រី រ៉ុម រ៉ាត់ នោះ កញ្ញា ស៊ីន ចាន់ពៅរ៉ូហ្សេត បានសរសេរបែបចំអក តបទៅវិញថា៖ «មានតែក្រុមលោកទេ ដែលធ្វើរឿងបែបហ្នឹង ហើយបញ្ជាក់មួយទៀត ការសម្រេចចិត្តរបស់បុគ្គល ក្នុងការចាកចេញ ពីគណបក្សសង្គ្រោះជាតិ គឺជាសិទ្ធបុគ្គល។ គណបក្សសង្គ្រោះជាតិ​ មិនមានវប្បធម៌គំរាមទេ!»។

ក្នុងរយៈពេលចុងក្រោយនេះ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដំឡើងសម្លេងច្រើនដង ប្រកាសឲ្យមន្ត្រី-សមាជិកទាំងឡាយ របស់គណបក្សប្រឆាំង​ ឲ្យចុះចូលមកជាមួយគណបក្សរបស់លោក។ ការប្រកាសនេះ បានធ្វើឡើងស្របគ្នា នឹងការគម្រាមរបស់លោក ម្ដងហើយម្ដងទៀត ថាគណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយក្នុងពេលដ៏ខ្លីខាងមុខនោះ។ តែការគម្រាម និងសេចក្ដីប្រកាសនោះ បានរងការថ្កោលទោស ពីសំណាក់ក្រុមមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ ដោយហៅសកម្មភាពរបស់លោក ហ៊ុន សែន គ្រាន់ជាចេតនាកកូរ និងធ្វើឲ្យគណបក្សសង្គ្រោះជាតិចុះខ្សោយប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...