សម រង្ស៊ី មិនខ្វល់ពីរថក្រោះ ហ៊ុន សែន បើ CNRP ឈ្នះឆ្នោត
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៨ សីហា ២០១៦
- កែប្រែចុងក្រោយ: August 08, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះជាប្រតិកម្មជាសាធារណៈ និងជាលើកដំបូងបង្អស់ របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅចំពោះការគម្រោម ជាច្រើនលើកច្រើនសារ ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ពីការផ្ទុះសង្គ្រាមសារជាថ្មី ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។
ប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅបរទេស ដើម្បីគេចចេញពីការចាប់ចង របស់អាជ្ញាធរខ្មែរនោះ បានអះអាងដូច្នេះ នៅក្នុងវេទិការសួរឆ្លើយមួយ ជាមួយនឹងក្រុមអ្នកគាំទ្រ នៅទីក្រុង ក្លែម៉ុង ហ្វេរ៉ង់ (Clermont-Ferrand) នៅភាគកណ្តាលនៃប្រទេសបារាំង កាលពីរសៀលថ្ងៃអាទិត្យទី៧ ខែសីហា ឆ្នាំ២០១៦ម្សិលម៉ិញ។
ស្ត្រីអ្នកគាំទ្រម្នាក់ ដែលទំនងជាតាមដានយ៉ាងជាប់លាប់ ព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជា បានថ្លែងសួរទៅកាន់លោក សម រង្ស៊ី ថា៖ «បើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ហើយបើលោក ហ៊ុន សែន មិន"ចេញ"ពីអំណាច តែបែរជាគាត់"ចេញ"រថក្រោះ "ចេញ"កាំភ្លើង "ចេញ"ទាហាន តើយើង (គណបក្សសង្គ្រោះជាតិ) ទៅយកអំណាចមកយ៉ាងដូចម្ដេចបាន?»។
តបនឹងសំនួរនេះ លោក សម រង្ស៊ី បានបង្ហាញជំនឿថា លោក ហ៊ុន សែន នឹងមិនធ្វើដូច្នេះឡើយ។ ប្រធានគណបក្សសង្គ្រោះជាតិ បានពន្យល់ថា ក្រុមទ័ពទីងរបស់លោក ហ៊ុន សែន ដែលបង្កើតឡើង នៅក្រោយការចាញ់ឆ្នោត របស់គណបក្សប្រជាជនកម្ពុជានោះ នឹងគ្មានភាព«ស្របច្បាប់» ក្លាយជាក្រុម«ឧទ្ទាម»។
សូមរំលឹកជូនថា នៅក្នុងអំឡុងពេលនៃការដង្ហែសពលោក កែម ឡី កាលពីថ្ងៃទី២៤ ខែកក្កដាកន្លងមកនេះ រថក្រោះប្រមាណជា១០គ្រឿង និងរថយន្ដយោធា ជាច្រើនគ្រឿង ត្រូវបានគេឃើញចល័ត ចូលមកក្នុងរាជធានីភ្នំពេញ និងតំបន់នៅជុំវិញ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានពន្យល់ថា ការចល័តរថក្រោះទាំងនោះ គឺដើម្បីយកមកជុសជុល។
លោក សម រង្ស៊ី បានបញ្ជាក់ថា៖ «អ្នកដែលទទួលខុសត្រូវ (ចង់បង្កើតក្រុមឧទ្ទាម) គិតតែមួយភ្លែត គឺទៅមុខអត់រួចទេ។ ខ្ញុំជឿថា ហ៊ុន សែន ពេលនោះដែលគាត់ភ័យជាងគេ គឺអាយុជីវិតគាត់។ ពេលនោះ បើបានទ្រព្យសម្បត្តិគាត់ខ្លះ បើកច្រកឲ្យគាត់ចេញ គាត់ហួសពីអរ។»
» វីដេអូ នៃការលើកឡើងទាំងស្រុង របស់លោក សម រង្ស៊ី៖