​វិភាគ៖ គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ទល់​នឹង​«ហ៊ុន សែន»? ទាល់​តែ​យូរ!

ចំណងជើងមួយម៉ាត់ខាងលើ ជាភាសាសមញ្ញមួយ ដែលយុវជនយុវនារីកម្ពុជាតែងយកវាមកប្រើ ដើម្បីឆ្លើយទៅនឹង​ការ​ប៉ុនប៉ងទាំងឡាយណា ដែលចង់ធ្វើការផ្លាស់ប្ដូររបបមួយ​ គ្រប់គ្រងដោយកណ្ដាប់ដៃដែក នៃនាយករដ្ឋមន្ត្រីហ៊ុន សែន សព្វថ្ងៃ។ ប៉ុន្តែពាក្យមួយម៉ាត់នេះដដែល ក៏ជាភាសាមួយសមញ្ញស្រួលពន្យល់ដែរ សម្រាប់បណ្ដាអ្នកវិភាគទាំងឡាយ បើគេ​ក្រឡេកមើលទៅលើបរិបទនយោបាយ និងរបៀបដឹកនាំរបស់បុរសដ៏មានអំណាចរូបនេះ តាំងពីជិត៣០ឆ្នាំមកហើយ។
Loading...
  • ដោយ: ដារា រិទ្ធ
  • កែប្រែចុងក្រោយ: July 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចំណងជើងមួយម៉ាត់ខាងលើ ជាភាសាសមញ្ញមួយ ដែលយុវជនយុវនារីកម្ពុជាតែងយកវាមកប្រើ ដើម្បីឆ្លើយទៅនឹង​ការ​ប៉ុនប៉ងទាំងឡាយណា ដែលចង់ធ្វើការផ្លាស់ប្ដូររបបមួយ​ គ្រប់គ្រងដោយកណ្ដាប់ដៃដែក នៃនាយករដ្ឋមន្ត្រីហ៊ុន សែន សព្វថ្ងៃ។ ប៉ុន្តែពាក្យមួយម៉ាត់នេះដដែល ក៏ជាភាសាមួយសមញ្ញស្រួលពន្យល់ដែរ សម្រាប់បណ្ដាអ្នកវិភាគទាំងឡាយ បើគេ​ក្រឡេកមើលទៅលើបរិបទនយោបាយ និងរបៀបដឹកនាំរបស់បុរសដ៏មានអំណាចរូបនេះ តាំងពីជិត៣០ឆ្នាំមកហើយ។


លោកហ៊ុន សែន ក្រោយពេលបោះឆ្នោតរួច នៅមណ្ឌលមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ខែកក្កដា។ (រូបថត Reuters)

និយាយឲ្យខ្លី គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងពីររួមគ្នាពីគណបក្ស សម រង្ស៊ី និងសិទ្ធិមនុស្សនោះ មិនងាយ ឬក៏គ្មានថ្ងៃ យកជ័យជំនះ លើគណបក្សប្រជាជនកម្ពុជា របស់លោកហ៊ុនសែន បានឡើយ។ តើអ្វីទៅ ជាមូលហេតុ?

ចាប់តាំងពីការចាញ់ឆ្នោតលើកដំបូង ដែលរៀបចំចាត់ចែងឡើងដោយអ៊ុនតាក់ (UNTAC) នៅឆ្នាំ១៩៩៣នោះមក លោក​ហ៊ុន សែន បានស្គាល់យ៉ាងច្បាស់ ពីបរាជ័យដែលលោកមិនចង់បាន ហើយតាំងពីពេលនោះមក លោកមិនដែលសម្រាក​សូម្បីតែមួយនាទីឡើយ ក្នុងការពង្រឹកជំហរនយោបាយ និងអំណាចរបស់លោក ដែលគេមិនចាំបាច់និយាយដល់ផងទេ ពី​ជំហរនយោបាយផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ដែលរឹងមាំរួចជាស្រេចហើយ និងមានការគាំទ្រពីបរទេស​យ៉ាង​ស្រួចស្រាវផងនោះ។

មួយទៀតសោធ ការបំបាក់រហូតងើបមុខលែងរួច នូវរាល់គូរបដិបក្ខរបស់លោក ជាពិសេសចលនារាជានិយមហ្វ៊ុនស៊ិនប៉ិច ដែលសព្វថ្ងៃធ្លាក់ខ្លួនចុះដុនដាបហៅលែងឮនោះ វាបានធ្វើឲ្យអំណាចរបស់លោកហ៊ុន សែន កាន់តែលេចត្រដែតឡើង រហូតដល់ចំណុចកំពូល ដែលមិនធ្លាប់មានមេដឹកនាំណាមួយមានដូចលោក នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។ គ្រប់​ស្ថាប័នជាតិទាំងអស់ ដែលគេតែងធ្លាប់លើកពីការបែងចែកអំណាចឲ្យដាច់ពីគ្នា ដូចជាអំណាចនិតិបញ្ញតិ និតិតុលាការ ឬ​នគរបាលទាហានជាដើមនោះ ក៏សុទ្ធតែត្រូវបានលោក ហ៊ុន សែន ប្រមូលយកមកដាក់ជាប់នឹងខ្លួន ដោយលោកបាន​ដាក់​មនុស្សជំនិតៗរបស់លោក ឲ្យទៅកាន់តំណែងសំខាន់ៗធំៗ នៅទីនោះ។ បែរមកមើលវិស័យឯកជនវិញ បណ្ដា​ក្រុមហ៊ុន​ធំៗ ដែលរកស៊ីបណ្ដាក់ទុនលើវិស័យសំខាន់ៗ ទាក់ទងនឹងដង្ហើមសេដ្ឋកិច្ចជាតិ ដូចយ៉ាងប្រព័ន្ធផ្សព្វផ្សាយ ប្រេងឥន្ទនះ ប្រព័ន្ធ​ទូរគមនាគមន៍ អចលនាទ្រព្យ ។ល។ ក៏សុទ្ធសឹងត្រូវបានគ្រប់គ្រង ដោយសមាជិកគ្រួសារ ឬដោយមនុស្សជិតដិត របស់​បុរសខ្លាំងរូបនេះ ផងទៀត។

ដូច្នេះអ្វីៗគ្រប់យ៉ាង សុទ្ធតែមានការ«ចាត់តាំង»គ្រប់គ្រាន់រួចជាស្រេចហើយ ដើម្បីឲ្យលោក ហ៊ុន សែន បានបោះជំហាន​មកដល់ពេលនេះ រាប់ទាំងករណីលើកលែងទោសដល់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ឲ្យបាន​វិលត្រឡប់​ចូល​មកក្នុងប្រទេសវិញ កាលពីពេលថ្មីៗកន្លងមក។

បន្ថែមពីលើនេះ ប្រព័ន្ធរដ្ឋបាលភូមិសង្កាត់ ដែលចាប់តាំងពីកម្ពុជាបានងើបខ្លួន ចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ប្រព័ន្ធរដ្ឋបាលនេះស្ថិតនៅ ជាប្រព័ន្ធចាស់គម្រិលតាមបែបកុម្មុយនីស ហើយមិនត្រូវបានលោកហ៊ុន សែន និងរដ្ឋាភិបាល​របស់លោក ធ្វើកំណែរទម្រង់ឲ្យបានស៊ីជម្រៅ ក្នុងរយៈពេលជិត៣០ឆ្នាំនៃការកាន់អំណាចនោះទេ។ មេភូមិឬ​សង្កាត់ ដែល​នៅតែត្រូវបានតែងតាំងដោយ រដ្ឋាភិបាល ឬគណបក្សនយោបាយ ពួកគាត់ចាំបាច់ត្រូវតែបម្រើឲ្យ​រដ្ឋាភិបាល ឬ​គណបក្ស​នយោបាយនោះ។ ផ្ទុយមកវិញ ពួកគាត់ មិនបានតម្កល់​ផលប្រយោជន៍ពិតប្រាកដ របស់ប្រជាពលរដ្ឋមូលដ្ឋានឲ្យបានខ្ពស់​នោះ​ឡើយ។ ដូច្នេះ គឺប្រព័ន្ធនេះហើយ ដែលនឹងអនុញ្ញាតឲ្យលោក ហ៊ុន សែន និងរដ្ឋាភិបាល​របស់លោក នៅក្ដាប់បាន​យ៉ាងណែននៅនឹង​ដៃ តាំងពីលើរហូតដល់ក្រោម ពីចលនាមហាជន ឬពីចរន្ដនយោបាយ​របស់ប្រជាពលរដ្ឋទាំងនោះ។

ងាកត្រឡប់មកមើល ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទីប្រាំឯណេះវិញ បើទោះជាគេមើលឃើញមានការ​ខិតខំ​ប្រឹងប្រែង​ពី​ស្ថាប័នជំនាញ គ.ជ.ប នោះក៏ដោយ ប៉ុន្តែភាពមិនប្រក្រតីជាច្រើន បានកើតឡើង តាំងពីមុនបោះឆ្នោត រហូតមកដល់ពេលបោះឆ្នោតថ្ងៃទី២៨ខែកក្កដានេះ។ ភាពមិនប្រក្រតីទាំងនោះ មានដូចជាការបាត់ឈ្មោះ មានឈ្មោះស្ទួន ការបោះឆ្នោតជំនួស បញ្ហាទឹកខ្មៅជ្រលក់ម្រាមដៃនោះជាដើម។ ជាងនេះទៅទៀត ការគេចវេសរបស់គ.ជ.ប មិនឆ្លើយ ឬ​ឆ្លើយមិនចំនឹងសំនួរ ដែលចោទសួរទាក់ទងនឹងភាពមិនប្រក្រតីទាំងនេះ វាបានបន្ថែមជាទឡ្ហីករណ៍ច្រើនទៀត ដើម្បីឆ្លុះ​បញ្ចាំងឲ្យកាន់តែច្បាស់ពីប្រព័ន្ធបោះឆ្នោតមួយ ដែលពួកអ្នកវិភាគនិយាយថា វាត្រូវបានរៀបចំឡើង ដើម្បីតែការលួចបន្លំ និងជួយបន្តអំណាចឲ្យលោក ហ៊ុន សែនតែប៉ុណ្ណោះ។ នេះ គេនៅមិនទាន់និយាយដល់ច្បាប់បោះឆ្នោត ដែលបង្កើតភាព​ស្មុគ្រស្មាញយ៉ាងច្រើនដល់ការបោះឆ្នោត និងអ្នកបោះឆ្នោត និងបានទុកចន្លោះប្រហោងយ៉ាងសម្បូរបែប ឲ្យទៅគ.ជ.ប ឬ​មន្ត្រីអ្នកអនុវត្តន៍ច្បាប់មួយចំនួន ដើម្បីយកមកបកស្រាយស្រេចតែអំពើចិត្ត។

ដូច្នេះឆ្លងតាមការរៀបរាប់ត្រួសៗមកនេះ វាមិនពិបាកយល់ទេ ពីមូលហេតុដែលថា គណបក្សប្រឆាំងមិនអាច​យកឈ្នះ​លើ​លោក ហ៊ុន សែនបាននោះ។ អ្វីដែលគេត្រូវដឹងបន្តពីនេះ គឺភាព«មិនចាញ់»របស់លោកហ៊ុន សែន នឹងមានថេរវេលា​ដល់​ពេលណា ដូចឃ្លាមួយរបស់អ្នកពូកែវោហាស័ព្ទ ម៉ម សូណង់ដូ ធ្លាប់និយាយនៅពេលឃោសនាបោះឆ្នោត ឲ្យគណបក្ស​សង្គ្រោះជាតិថា «តើអ្នកឯងរស់ដល់ពេលណា»?

ប៉ុន្តែបើមើលការរៀបជើងព្រួល«ស្នងមរតក» ទៅឲ្យកូនៗរបស់លោក ដែលលោក ហ៊ុន សែន បានកំពុងធ្វើក្នុងពេលនេះ ឃ្លាដើមពីមុនរបស់លោក ម៉ម សូណង់ដូ ៖ «តើខ្ញុំរស់ដល់ពេលណា?» វាទំនងជា​សក្ដិសមជាងឃ្លាថ្មី ក្នុងការលើក​មក​ប្រៀបធៀប៕

-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...