អ្នក​​នាំ​​ពាក្យ​ព្រឹទ្ធសភា៖ សមត្ថកិច្ច​ចាត់​ការ ហុង សុខហួរ ដោយ​មិន​ចាំ​គិត​ពី​អភ័យឯក​សិទ្ធិ

សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា ក្រោម៤៧/៤៧ បានសម្រេចជាឯកច្ឆ័ន្ទ ប្រគល់អំណាច ដល់​ក្រុម​សមត្ថកិច្ច​កម្ពុជា បន្តនីតិវិធីនានា លើករណីលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មក​ពី​គណបក្ស សម រង្ស៊ី។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៧ សីហា២០១៥
  • កែប្រែចុងក្រោយ: August 18, 2015
  • ប្រធានបទ: ច្បាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណកម្មការអចិន្ត្រៃយ៍នៃព្រឹទ្ធិសភា មិនធ្វើការពិចារណា លើការដក់ ឬមិនដកអភ័យឯកសិទ្ធិ ពីលោក ហុង សុខហួរ នោះឡើយ ព្រោះជា«បទល្មើសជាក់ស្តែង»។ នេះបើតាមការអះអាង របស់អ្នកនាំពាក្យព្រឹទ្ធសភា ដែល​បានថ្លែង មកកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១៧ ខែសីហា ម្សិលម៉ិញ នៅក្រោយពីបញ្ចប់កិច្ចប្រជុំ គណៈកម្មការអចិន្ត្រៃយ៍ និងកិច្ចប្រជុំពេញអង្គដោយសម្ងាត់ នៃព្រឹទ្ធសភា ដែលមានសមាជិក មក​ពី​គណបក្ស​ប្រជាជនកម្ពុជាតែមួយ។

លោក ប៊ុននាង បានធ្វើការអះអាងថា ដោយគ្មានវត្តមានសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី សមាជិក​ព្រឹទ្ធិសភាផ្សេងទៀត ដែលបានវត្តមាន បានសម្រេចឲ្យអាជ្ញាធរ​មានសមត្ថកិច្ចកម្ពុជា បន្តនីតិវិធីរបស់ខ្លួន តាម​ករណីជាក់ស្តែង នៃបទល្មើសរបស់លោក ហុង សុខហួរ។ លោកបានបន្តថា ករណីនៃបទល្មើសជាក់ស្តែង មិន​បានទាក់ទងរំខាន ដល់«អភ័យឯកសិទ្ធិ»នោះឡើយ។

អ្នកនាំពាក្យរូបនេះលើកឡើងថា សមាជិកព្រឹទ្ធសភា ដែលប្រព្រឹត្តិបទល្មើសជាក់ស្តែង ត្រូវតែប្រជុំជាបន្ទាន់ ដើម្បី​ស្វែងរកសម្លេង២ភាគ៣ ក្នុងការសម្រេចថា តើត្រូវឲ្យសមត្ថកិច្ចបន្តការចាប់ខ្លួន ឬផ្អាកនីតិវិធីទាំងនោះ។ លោកថា ព្រឹទ្ធិសភាពេញអង្គបានសម្រេច ឲ្យឲ្យសមត្ថកិច្ចធ្វើការ តាមនីតិវិធីរបស់ខ្លួន ដោយពុំចាំខ្វល់ ពី​អភ័យឯកសិទ្ធិព្រឹទ្ធិសភានោះឡើយ។

លោក ម៉ម ប៊ុននាង បានថ្លែងឡើងថា៖ «លទ្ធផលបោះឆ្នោតក្នុងកិច្ចប្រជុំ ក្រោម​សម្លេង ៤៧/៤៧ ឲ្យសមត្ថកិច្ច​បន្តនីតិវិធីបន្តទៀត។ បទល្មើសជាក់ស្តែង គ្មានអភ័យឯកសិទ្ធិទេ។ ពេល​សមត្ថកិច្ច​ឃាត់ខ្លួន ចាប់ខ្លួនហើយ គឺ​ផ្អែកទៅលើខន្តិកៈក្នុងមាត្រា១២ និងរដ្ឋធម្មនុញ្ញ នៅក្នុងមាត្រា១០៤ (ថ្មី) ដោយផ្អែកទៅលើហ្នឹង ជាបទល្មើស​ជាក់ស្តែង អត់ដក់អភ័យឯកសិទ្ធិទេ។ (...) រឿងអភ័យឯកសិទ្ធិ ចប់​ហើយ អត់មាននិយាយទេ។ ដោយសារ​គាត់ (ហុង សុខហួរ) ប្រព្រឹត្តបទល្មើសជាក់ស្តែង អត់មាននិយាយ អំពី​អភ័យ​ឯកសិទ្ធិទេ។»

ការសម្រេចរបស់ព្រឹទ្ធសភា បានធ្វើឡើង ដោយមានភាពប្រទាំងប្រទើស ទៅនឹងសេចក្តីថ្លែងការណ៍មួយ របស់​គណបក្សសង្រ្គោះជាតិ ដែលបានស្នើឲ្យមានការដោះលែង សមាជិកព្រឹទ្ធិសភា លោក ហុង សុខហួរ ដើម្បី​ឲ្យ​ស្របតាមតាមស្មារតីរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា។ សេចក្តីថ្លែងការណ៍នោះបានរៀប​រាប់​ថា បើសិនជាសមាជិកព្រឹទ្ធសភាណាម្នាក់ ប្រព្រឹត្តកំហុសអ្វីមួយ សមត្ថកិច្ចត្រូវធ្វើរបាយការណ៍ ជូនព្រឹទ្ធសភា ឬ​គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ជាបន្ទាន់ ដើម្បីធ្វើការសម្រេចជាមុនសិន មុននឹងឈាន ទៅដល់ការ​ចាប់​ខ្លួននោះ ពិសេសត្រូវធ្វើការដកអភ័យឯកសិទ្ធិព្រឹទ្ថិសភា ជាមុនសិន។

សេចក្ដីថ្លែងការណ៍ របស់គណបក្សសង្គ្រោះជាតិ បានសរសេរថា៖ «ករណីរបស់លោក ហុង សុខហួរ មិនទាន់​ត្រូវបានព្រឹទ្ធសភា លើកអភ័យឯកសិទ្ធិ។ ហើយ គ្មានសេចក្តីសម្រេចចិត្តណាមួយ ពីព្រឹទ្ធសភា ឬគណៈ​កម្មារធិការ​អិន្រ្តៃយ៍ របស់ព្រឹទ្ធសភាពាក់ព័ន្ធ នឹងករណីអភ័យឯកសិទ្ធិនេះដែរ។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំប្រតិកម្ម ពីប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ បានទេក្នុងថ្ងៃនេះ ពាក់ព័ន្ធបញ្ហាខាងលើ។ តែលោកធ្លាប់បានប្រតិកម្មភ្លាមៗ ចំពោះការចាប់ខ្លួន សមាជិកគណបក្សរបស់ខ្លួន ដោយ​ពុំមានការសម្រេច ដកអភ័ឯកសិទ្ធិជាមុននោះ។ លោកបានចាត់ទុកថា ការកោះប្រជុំ«បន្ទាន់» នៃ​សមាជិក​ព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ដោយគ្មានវត្តមានសមាជិកគណបក្ស សម រង្ស៊ី (ធ្វើពហិការ) នារសៀលថ្ងៃទី១៧ សីហា ម្សិលម៉ិញនេះ ជាការរំលោភច្បាប់ និងស្ថិតក្រោមហេតុផលនយោបាយ។ នេះ បើតាមកិច្ចសម្ភាស ជាមួយវិទ្យុក្នុងស្រុកមួយ របស់លោក គង់ គាំ។

សូមបញ្ជាក់ថា លោក ហុង សុខហួរ ត្រូវបានសាលារាជធានីភ្នំពេញចោទប្រកាន់ ចំនួនបីបទល្មើស រួមមានបទ​ក្លែងឯកសារសាធារណៈ, ប្រើប្រាស់ឯកសារក្លែងសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទមជ្ឈឹម ឬបទឧក្រិដ្ឋ​មិន​សម្រេច ក្នុងការក្លែងសន្ធិសញ្ញាព្រំដែន កម្ពុជា-វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤។ លោក ហុង សុខហួរ ត្រូវ​បានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា នឹងត្រូវបានតុលាការសម្រេចឃុំខ្លួន នៅថ្ងៃទី១៦ ខែសីហា នៅ​ពន្ធនាគារព្រៃស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...