ក្រុមប្រឹក្សា​ធម្មនុញ្ញ សម្រេច​បិទ​ផ្លូវ​តវ៉ា​ចំពោះ​ច្បាប់«តុលាការ»​ទាំង​បី

មិនមានអ្វីភ្ញាក់ផ្អើលឡើយ ព្រោះទីបំផុតទៅ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានសម្រេចគាំទ្រច្បាប់ ដ៏សម្រូងចម្រាស​ទាំងបី និងបានបិទផ្លូវតវ៉ា ដោយសំអាងថាច្បាប់ទាំងបី មិនមានអធម្មនុញ្ញភាព ដូចការរិះគន់របស់មជ្ឈដ្ឋានមួយចំនួន​នោះ​ទេ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនមានអ្វីភ្ញាក់ផ្អើលឡើយ ព្រោះទីបំផុតទៅ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានសម្រេចគាំទ្រច្បាប់ ដ៏សម្រូងចម្រាស​ទាំងបី និងបានបិទផ្លូវតវ៉ា ដោយសំអាងថាច្បាប់ទាំងបី មិនមានអធម្មនុញ្ញភាព ដូចការរិះគន់របស់មជ្ឈដ្ឋានមួយចំនួន​នោះ​ទេ។


សមាជិកទាំង៩រូប របស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងសវនាការរបស់ខ្លួន។ (រូបថត MONOROOM.info/ O. Vary)

ច្បាប់ - បន្ទាប់ពីបានពិនិត្យរួចរាល់ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដែលមានសមាសភាព ៩ រូប បានកំណត់ថា សេចក្តី​សម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីសម្រេចជាស្ថាពរថា បិទផ្លូវតវ៉ាតាមគ្រប់រូបភាពទាំងអស់ ហើយ​ថាសេចក្តីសម្រេចនេះ ត្រូវមានអានុភាពអនុវត្តទៅលើអំណាចទាំងអស់ ក្នុងប្រទេសកម្ពុជា ដែលមានចែងក្នុង​រដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច ផងដែរ។

បើតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលប្រកាសឲ្យដឹងនៅគ្រាចុងក្រោយនេះ បានសង្កត់ធ្ងន់ថា៖ «រាល់​បញ្ញត្តិនៅក្នុងច្បាប់ទាំងនេះ ពុំមានបទបញ្ញត្តិណាមួយ មិនស្របទៅនឹងរដ្ឋធម្មនុញ្ញនោះទេ»។ សេចក្តីសម្រេច​ដដែល​នោះ បានពន្យល់ថា រដ្ឋសភា និងព្រឹទ្ធសភា បានអនុវត្តយ៉ាងត្រឹមត្រូវ តាមបែបបទដែលមានចែង ក្នុង រដ្ឋធម្មនុញ្ញ ក្នុង​ការពិនិត្យច្បាប់ និងអនុម័តច្បាប់ទាំង៣ នោះ ។

សេចក្តីព្រាងច្បាប់ទាំងបីរួមមាន សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពី​លក្ខន្តិកៈ​នៃចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវបានគណបក្សសង្រ្គោះជាតិ ជាគណបក្សជំទាស់ និងក្រុមអង្គការសង្គមស៊ីវិល បន្តរិះគន់ជាបន្តបន្ទាប់ តាំងពីនៅ​គណៈរដ្ឋមន្រ្តី រដ្ឋសភា ព្រឹទ្ធសភា ដល់ក្រុមប្រឹក្សាធម្មនុញ្ញ ថាច្បាប់ទាំងនេះ នឹងមិនអាចធានាបានយុត្តិធម៌ នៅក្នុង​ប្រព័ន្ធយុត្តធម៌កម្ពុជាបានទេ។

បើតាមមជ្ឈដ្ឋានរិះគន់ទាំងនោះ បានលើកហេតុផលថា តាមខ្លឹមសារនៃមាត្រាច្បាប់ទាំងបី បានបង្ហាញថា ច្បាប់​ដែល​បានស្នើឡើងចំនួនបី និងត្រូវបានអនុម័តរួចដោយរដ្ឋសភា និងព្រឹទ្ធសភានោះ គឺផ្ទុយពីរដ្ឋធម្មនុញ្ញ ហើយច្បាប់​ទាំង​នេះ អាចប៉ះពាល់ដល់ឯករាជ្យភាព នៃស្ថាប័នតុលាការកម្ពុជា។ មជ្ឈដ្ឋានរិះគន់ទាំងនោះ បានសង្កត់ធ្ងន់ថា ច្បាប់ថ្មី​នេះនឹងផ្តល់អំណាចខ្លាំង ដល់ក្រសួងយុត្តិធម៌ដែលជាសេនាធិការរបស់រដ្ឋាភិបាល ដែលអាចមានឥទ្ធិពល គ្រប​ដណ្តប់ទៅលើប្រព័ន្ធយុត្តិធម៌កម្ពុជា។

តែការរិះគន់ទាំងនោះ ក៏ត្រូវបានច្រានចោល ដោយស្ថានប័ន រដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សា​ធម្មនុញ្ញ​ផងដែរ។ លោក ព្រហ្ម ញាណវិចិត្រ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ​ថា ច្បាប់ទាំងនោះ បានចាត់តាំងឲ្យក្រុមជំនាញនីមួយៗ មានរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាគេធ្វើហើយ ហើយថា​ពេលគេធ្វើហើយ គេនឹងដាក់ចូលមកអង្គប្រជុំ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីត្រួតពិនិត្យពិភាក្សាគ្នា ដើម្បីសម្រេច ដូចដែលគោលការណ៍ច្បាប់បានកំណត់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...