ទស្សនៈអ្នកលេងហ្វេសប៊ុក៖ ឈាង វុន មានកិត្តិយស ចុះអ្នកដទៃ?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី១១ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 11, 2015
- ប្រធានបទ: តារាហ្វេសប៊ុក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លិខិតមួយ របស់លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា ដាក់ទៅកាន់ ចាងហ្វាង និងអគ្គនាយកកាសែតភ្នំពេញប៉ុស្តិ៍ បានសរសេរថា អត្ថបទនៃកាសែតភ្នំពេញប៉ុស្តិ៍នេះ បានធ្វើឲ្យប៉ះពាល់កិត្តិយសលោក និងរដ្ឋសភាយ៉ាងធ្ងន់ធ្ងរ ដោយបានបញ្ជាក់ត្រង់ពាក្យ «បងធំបងតូចនៅក្នុងរដ្ឋសភា» ថាជាពាក្យ ដែលលោកផ្ទាល់ មិនអាចទទួលយកបាន។ លិខិតចុះថ្ងៃទី០៩ ខែកក្កដា របស់លោក ឈាង វុន បានលើកឡើងថា៖ «ខ្ញុំមានកិត្តិយស សូមជម្រាបលោកចាងហ្វាងថា អត្ថបទរបស់លោកតុង សុប្រាជ្ញ បាន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំ និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងធ្ងន់ធ្ងរបំផុត។»
ប៉ុន្តែ សម្រាប់ក្រុមអ្នកប្រើប្រាស់បណ្ដាសង្គម មួយភាគវិញ បានបន្ត«រឿងភាគ»របស់ពួកគេ ក្នុងការប្រត្តិកម្មតប ទៅលោក ឈាង វុន វិញថា មនុស្សទាំងអស់ មានកិតិ្តយសដូចគ្នា សិទ្ធិស្មើគ្នា និងបានការពារដោយច្បាប់ តែមួយដូចគ្នា។ ម្ចាស់គណនេយ្យម្នាក់ លោក ប៊ី ថាណាត (Bee Thanath) បានថ្លែងឡើងថា៖ «ចេះថាប៉ះពាល់ដល់កិត្តិយស ចុះពេលប្រមាថគេវិញ គំរាមគេវិញ មិនមើលមិនឃើញផង» ខណៈអ្នកនាង ណាលី (Na Lee Stone Heart) បានសរសេរថា៖ «មនុស្សមានកិត្តិយសដូចតែគ្នាទេ។ បើយើងមិនបំពានគេ គេក៏មិនបំពានយើងដែរ ចេះអីតែឯង!»
សម្រាប់លោក សូរ សាវតា (Soh Savada) បានចោទជាសំនួនថា៖ «ចុះគាត់ធ្វើឲ្យប៉ះពាល់ កិត្តិយសអ្នកដ៏ទៃរាប់ភ្លេច (នោះ)? យល់អារម្មណ៌គេដែរ (ឬ)អត់?»។ ឯកភាពការលើកឡើងនេះ កញ្ញា សិរី សោភា បានបន្ទរថា៖ «កិត្តិយស រឺមិនកិត្តិយស អាស្រ័យទង្វើរបស់ខ្លួន»។
លោក សេរីសុធី (Sum Sirysothy) បានចោទជាសំនួរថា៖ «ចុះរាល់សម្ដីបាតផ្សារ របស់លោកឯង មានប៉ះពាល់ដល់កិត្តិយសសភា ឬអត់? ហើយអកប្បកិរិយារបស់លោកឯង មានដែលផ្ដល់កិត្តិយស ដល់តំណាងរាស្ត្របក្សដ៍ទៃឬអត់?» យ៉ាងណា លោក សុវណ្ណ (Sovann Love Cambodia) បានបន្ថែមដូច្នេះថា៖ «កិត្តិយសលោកឯង វាបាត់បង់យូរហើយ មិនមែនពេលនេះទេ។ កិត្តិយសបាត់បង់ ឫ មិនបាត់បង់ គឺ លោកឯងជាអ្នកបង្កឡើងទេ កុំបន្ទោសគេឯង ប៉ាតណាប៉ាតណី!»
ចំណែកលោក កែម ពិសិទដ្ឋ បានសរសេរថា៖ «មិនមែនអត្ថបទទេ គឺទង្វើលោក ប៉ះពាល់កិត្តិយសរូបលោក និងរដ្ឋសភាជាតិខ្មែរទាំងមូល»។ លោក រិទ្ធិ (Maha Rith) ថា៖ «ពេលខ្លួនប្រមាថគេ ហេតុអ្វីមិនប៉ះដល់សភា? គេជាតំណាងរាស្ត្រដែរ និងអ្នកសារព័ត៌មាន (ក៏)ចង់់រកយុតិធម៌សម្រាប់ខ្លួន (ដែរ)។» យ៉ាងណាលោក លី ដាណៃ (Daniel Ly) ក៏បានធ្វើការលួងចិត្ត លោក ឈាង វុន វិញយ៉ាងដូច្នេះថា៖ «បងវុន បើលេងកុំខឹង បើខឹងកុំលេង! កុំភ្លេចថាបង ជាបុគ្គលសាធារណៈណាបង!»
គេមិនសូវឃើញប្រតិកម្ម ពីអ្នកគាំទ្រលោក ឈាង វុន ចេញមកសរសេរការពារលោកណាស់ នៅក្នុងបណ្ដាញសង្គម។
កាលពីពេលថ្មីៗនេះ សម្លេងមួយ ដែលត្រូវបានអះអាងថា ជាសម្លេងត្អូញត្អែ របស់លោក ឈាង វុន ពីការប្រមាថលោក យ៉ាងសន្ធឹកសន្ធាប់នោះ ត្រូវបានបង្ហោះ នៅតាមបណ្ដាញសង្គមដូចគ្នា។ សម្លេងនោះ បានអះអាងថា ការប្រមាថទាំងនោះ បានធ្វើឲ្យម្ចាស់សម្លេង (ដែលទំនងជាលោក ឈាង វុន) ធ្លាក់ខ្លួនឈឺ។ សូមស្តាប់ការលើកឡើងរបស់សម្លេង ដែលត្រូវបានអះអាងថា ជាសម្លេងរបស់លោក ឈាង វុន ដូចតទៅ៖