ហ៊ុន សែន ថាខំអត់ធ្មត់ មិនដុតផ្ទះ ប៉ីប៉ី លី ចោល
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 25, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាយករដ្ឋមន្ត្រី-ប្រធានគណបក្សកាន់អំណាច នៅកម្ពុជា មិនត្រឹមតែប្រតិកម្ម ទៅនឹងការថ្លែងឡើង របស់មេដឹកនាំគណបក្សសង្គ្រោះជាតិប៉ុណ្ណោះទេ តែបើសូម្បីសំដីចំអក របស់អ្នកគាំទ្រគណបក្សប្រឆាំង ក៏លោកត្រូវប្រតិកម្មតបវិញដែរ។ នៅថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែឧសភានេះ លោក ហ៊ុន សែន បានលើកឡើងដោយមិនចំឈ្មោះ តបទៅនឹងពាក្យសំដីនោះ ដែលលោកចាត់ទុកថា ជាការប្រមាថដ៏ធ្ងន់ សម្រាប់អ្នកគាំទ្រគណបក្សលោក។ លោកបានពន្យល់ថា គណបក្សប្រជាជនកម្ពុជារបស់លោក បានខំអត់ធ្មត់ ដោយមិនបានទៅដុតផ្ទះ របស់ម្ចាស់សំដីនោះទេ។
ក្នុងពិធីសំណេះសំណាល ជាមួយគ្រឹស្ទបរិស័ទច្រើនរយនាក់ នៅក្នុងសាលមហោស្រពកោះពេជ្រ កណ្ដាលរាជធានីភ្នំពេញ បុរសខ្លាំងកម្ពុជា បានថ្លែងឡើងថា៖ «ថ្ងៃមុន នៅតាមហ្វេសប៊ុកផេកមួយ ខ្ញុំមិនដឹងថា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់វិធានការបែបណាទេ ក៏ប៉ុន្តែគឺជាការប្រមាថដ៏ធ្ងន់ មកលើអ្នកគាំទ្រគណបក្សប្រជាជន ដែលថាអស់មនុស្សហែ យកយួនមកហែ»។
លោក ហ៊ុន សែន បានព្រមានពីការផ្ទុះសង្គ្រាម ដោយរាប់ទាំងការដុតផ្ទះ របស់អ្នកគាំទ្រគណបក្សប្រឆាំង ដូច្នេះថា៖ «នេះហើយ ជាសំដីសម្រាប់ការបង្កើតសង្គ្រាម។ ប្រសិនបើគណបក្សប្រជាជនអត់ធ្មត់មិនបាន ហើយទៅដល់ផ្ទះអ្នកឯង ដុតផ្ទះអ្នកឯងចោល នោះហើយជាអ្វី? ការចាប់ផ្ដើមពីសំដីនេះហើយ ជាមូលហេតុនៃសង្គ្រាម។»។
បើទោះជាលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះ របស់ម្ចាស់សំដីនោះក៏ដោយ តែការលើកឡើងរបស់លោក ត្រូវបានគេគិតថា ជាការសំដៅទៅកញ្ញា ធី សុខា ដាក់រហស្សនាម ប៉ីប៉ី លី (Pey Pey Ly) អ្នកគាំទ្រចាស់វស្សាម្នាក់ របស់គណបក្សសង្គ្រោះជាតិ ដែលបានបង្ហោះវីដេអូមួយ នៅលើបណ្ដាញសង្គម។
កញ្ញា ធី សុខា បានបង្ហោះវីដេអូនោះ (ដាក់ជូនខាងក្រោម) កាលពីថ្ងៃទី២១ ខែឧសភាកន្លងមក ពោលគឺមួយថ្ងៃ ក្រោយការបើកយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់។ នៅក្នុងវីដេអូ ដែលមានការចែករំលែកដ៏សន្ធឹកសន្ធាប់ តារាហ្វេសប៊ុកបានថ្លែងចំអក ឲ្យការដង្ហែក្បួន របស់គណបក្សមួយ ដែលកញ្ញាមិនបានបញ្ចេញឈ្មោះទេ ដោយគ្រាន់តែដាក់បង្ហោះ ជារូបថតមួយសន្លឹកទៀត បង្ហាញឲ្យឃើញ ពីម៉ូតូប៉ុន្មានគ្រឿង ដែលពាក់ផ្លាកលេខ មកពីប្រទេសវៀតណាម កំពុងដង្ហែក្បួនឃោសនា ឲ្យគណបក្សប្រជាជនកម្ពុជា។
កញ្ញានិយាយបែបសើចកំប្លែងឡើងថា៖ «គណបក្សមួយនោះ ហួសចិត្ត! អត់មានខ្មែរទៅហែ លេងជួលយួនមកហែ។ ហួសចិត្ត! ខ្មែរគេដឹងអស់ហើយ សារុង ប៊ីចេង ក្រមាអី គេលែងយកហើយ!»។
នៅក្រោយការបង្ហោះវីដេអូចំអកនោះ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា គ.ជ.ប នឹងជូនដំណឹង ទៅគណបក្សសង្រ្គោះជាតិ ឲ្យធ្វើការអប់រំ លើសកម្មជនរបស់ខ្លួន ហើយបន្ទាប់មក គ.ជ.ប នឹងបន្តចំណាត់ការ ទៅតាមច្បាប់ ស្តីពីការបោះឆ្នោត បើគណបក្សនយោបាយមួយនេះ នៅតែបន្តឲ្យសកម្មជនរបស់ខ្លួន ធ្វើសកម្មភាពផ្ទុយពីច្បាប់។
តែនៅយប់ថ្ងៃទី២១ ខែឧសភាដដែល កញ្ញា ប៉ីប៉ី លី បានចេញវីដេអូមួយទៀត អះអាងថា នាងមិនមែនជាសកម្មជន របស់គណបក្សសង្គ្រោះជាតិទេ តែនាងគ្រាន់តែជាអ្នកគាំទ្រមួយរូបប៉ុណ្ណោះ៕