ហ៊ុន សែន ឲ្យ CNRP ដេញ​សមាជិក​ទាំង​អស់ ដែល​និយាយ​រឿង​ប្រពន្ធ​កូន​លោក

បំភ្លេចមិនបាន! នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា លោក លោក ហ៊ុន សែន បានត្រឡប់មកនិយាយឡើងវិញទៀត ពីរឿងរ៉ាវចោទប្រកាន់ប្រពន្ធ-កូនលោក ជាប់ពាក់ព័ន្ធ ជាមួយអតីតមេទ័ពវៀតណាម លោក ឡេ ឌឹកថូ។ លោកបានជំរុញឲ្យគណបក្សប្រឆាំង ធ្វើសេចក្ដីថ្លែងការណ៍ថ្កោលទោស និងបណ្ដេញសមាជិកណា ដែលនៅតែនិយាយពីបញ្ហានេះ។
ហ៊ុន សែន ឲ្យ CNRP ដេញ​សមាជិក​ទាំង​អស់ ដែល​និយាយ​រឿង​ប្រពន្ធ​កូន​លោក
ពីឆ្វេងមកស្ដាំ៖ លោក ឡេ ឌឹកថូ អតីតមេទ័ពវៀតណាម និងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន។ (រូបថតឯកសារ និងរូបថត Lowell)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 25, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«រឿងមួយដែលអ្នកឯង ត្រូវដោះស្រាយជាមួយខ្ញុំ គឺរឿងអ្នកឯងប្រមាថប្រពន្ធខ្ញុំ និងកូនប្រុសរបស់ខ្ញុំ» ជាថ្មីម្ដងទៀត លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងខ្លាំងៗ នៅថ្ងៃព្រហស្សត្តិ៍នេះ សំដែងការឈឺចាប់ របស់លោក នៅចំពោះការចោទប្រកាន់ ភរិយា និងកូនប្រុសច្បង​របស់លោក ដែលលើកឡើងថា មានជាប់ទាក់ទង ក្នុងរឿង​សាហាយ​ស្មន់ ជាមួយ​អតីត​មេទ័ព​វៀតណាម លោក ឡេ ឌឹកថូ (Lê Đức Thọ)។ មិនខុសពីលើកមុនៗទេ លោក ហ៊ុន សែន បានចោទការលើកឡើងនេះ ទៅលើគណបក្សសង្គ្រោះជាតិ និងបានយោងមូលហេតុនេះ ថាធ្វើឲ្យសង្គ្រាមកើតឡើង។

លោក ហ៊ុន សែន បានថ្លែង​ នៅចំពោះ​គ្រឹស្ទបរិស័ទ​​ច្រើនរយ​នាក់ នៅក្នុងសាល​មហោស្រព​កោះ​ពេជ្រ​ ដោយសម្លេងខ្លាំងៗថា៖ «ថ្ងៃមុន នៅក្នុងគេហទំព័រ គេហៅ វីគីផេឌៀ (WikiPedia) គេចូលទៅកែប្រវត្តិរូប កូនប្រុសរបស់ខ្ញុំ នៅក្នុងនេះ ហើយមានវីដេអូឃ្លីបមួយ និយាយអាក្វាងវាយក... កឹម សុខា សន្យាជាមួយខ្ញុំរឿងអី អ្នកឯងអត់បានធ្វើទេ។ រឿងរ៉ាវមួយនេះ មិនមែនរឿងតូចតាច។»។

រឿងរ៉ាវនៃការចោទប្រកាន់នេះ មិនមែនទើបតែកើតឡើង ក្នុងពេលថ្មីៗនេះទេ។ តាំងពីច្រើនឆ្នាំមុន ប្លូក (Blog) ជាច្រើន បានធ្វើការផ្សព្វផ្សាយ តៗគ្នា នូវរូបថតកាត់ត នៃសមាជិក​ក្រុមគ្រួសាររបស់លោក ហ៊ុន សែន ជាមួយនឹងការសង្ស័យ​ថា អ្នកស្រី ប៊ុន រ៉ានី និងលោក ហ៊ុន ម៉ាណែត គឺជាប្រពន្ធ និងកូនលួចលាក់ របស់លោក ឡេ ឌឹកថូ។

តែការលើកឡើងនេះ មានវិសាលភាពកាន់តែខ្លាំងឡើង បន្ទាប់ពីរូបភាពទាំងនោះ ត្រូវបានបណ្ដាអ្នក​មាន​និន្នាការ​ប្រឆាំង​លោក ហ៊ុន សែន យកមកចែក​ចាយ​ព្រោងព្រាត​ នៅលើបណ្ដាញ​សង្គម។ អ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះ ដូចជាលោក យ៉ង់ ណុយ ហៅ «Brady N Young» អតីត​សមាជិក​មួយ​រូប របស់គណបក្សសង្គ្រោះជាតិ ​ពីទីក្រុង​ឡុងប៊ិច (Long Beach - រដ្ឋ​កាលីហ្វ័រញ៉ា​ខាង​​​ត្បូង សហរដ្ឋអាមេរិក) ជាដើម ថែមទាំងបានជំរុញឲ្យលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទៅពិនិត្យ «DNA ឬ ADN» នោះផងទៀត។

លោក ហ៊ុន សែន បានថ្លែងរៀបរាប់ ពីក្ដីឈឺចាប់ នៃក្រុមគ្រួសារលោកថា៖ «ប្រពន្ធខ្ញុំកូនខ្ញុំវេទនាខ្លាំងណាស់ ហេតុអីទៅ បានជាប្រពន្ធរបស់ខ្ញុំ កូនរបស់ខ្ញុំ ក្លាយជាសាច់ឈាមរបស់វៀតណាមទៅវិញ? សុទ្ធតែសមាជិកអ្នកឯង ហើយសុទ្ធតែមេបក្សអ្នកឯងឲ្យធ្វើ។»។

នាយករដ្ឋមន្ត្រី ដែលស្ថិតក្នុងតំណែង តាំងពីជាង៣ទសវត្ស៍មកនេះ បានទាមទារឲ្យគណបក្សប្រឆាំង ត្រូវចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសឲ្យបានខ្លាំងក្លា និងទាមទារឲ្យបណ្ដេញជនណា ដែលបានលើកឡើងដូចនោះ ចេញពីសមាជិកគណបក្ស។ លោកថា៖ «បើអ្នកឯងចិត្តសឿង អ្នកឯងថ្លែងការណ៍ឲ្យខ្លាំងទៅ។ ប៉ុន្តែពួកអ្នកឯង ជាអ្នកបង្កហេតុ។ ហ្នឹងហើយ ដែលខ្ញុំហ៊ាននិយាយថា សង្គ្រាមវានឹងកើត។ ជាការប្រមាថ បើអ្នកឯងមិនជាប់ពាក់ព័ន្ធ មិនចង់ពាក់ព័ន្ធទេ បណ្ដេញចេញពីបក្សទាំងអស់ទៅ បើអ្នកឯងយកភាពស្អាតស្អំ ថាមិនមែនជាសមាជិកបក្ស អ្នកធ្វើគឺដេញចេញអ្នកហ្នឹង គឺដេញចេញពីបក្ស អ្នកឯងហ៊ានធ្វើឬទេ?»។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្នុងថ្ងៃនេះ ថាគណបក្សប្រឆាំង​មិន​ចាប់​អារម្មណ៍ នឹងការលើកឡើង របស់លោក ហ៊ុន សែន នោះទេ ដោយចាត់ទុកថា ការលើកឡើងខាងលើ មានបំណងបង្វែ​ចំណាប់​អារម្មណ៍​របស់ពលរដ្ឋ ឲ្យងាកចេញ ពីការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្ងៃទី៤ ខែមិថុនាខាងមុខ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិ ធ្លាប់បានចេញសេចក្ដីថ្លែងជាច្រើនដងហើយ ថ្កោលទោសទង្វើនេះ និងបានសំដែងសេចក្ដីឈឺចាប់ ជាមួយលោក ហ៊ុន សែន ខណៈលោក យ៉ង់ ណុយ ត្រូវបានគណបក្សបញ្ចប់សមាជិកភាព ​តាំងពីថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ២០១៦ កន្លងមកម្លេះ។

ដោយឡែក លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏ធ្លាប់ត្រូវ​បាន​លោក ហ៊ុន សែន ចោទប្រកាន់​ក្នុងពេល​កន្លងមក ថា​ជា​មនុស្សម្នាក់ ដែលស្និតនៅពីក្រោយរឿងរ៉ាវនេះដែរ។ ប៉ុន្តែលោក សម រង្ស៊ី បានថ្លែងប្រតិកម្មតបវិញ តាំងពីខែមិថុនា ឆ្នាំទៅម៉ិញ ថា៖ «ខ្ញុំមិនជឿថា អ្នកដែលប្រតិកម្មបែបនេះ (ជាមនុស្ស)ល្ងង់ គិតស្រាល ចោទប្រកាន់គេ​គ្មានមូលដ្ឋាន​បែបនេះ មាន​បំណងអាក្រក់ គ្រាន់តែយករឿងបុគ្គល យកមកបាំងមុខ យកមកបង្វែរអារម្មណ៍ កុំឲ្យ​ប្រជា​ពលរដ្ឋ​គិត​ពី​រឿង​ជាតិ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...