ពលរដ្ឋនៅតែលួចឆ្លងទៅកាប់ព្រៃនៅថៃ ទោះនាយករដ្ឋមន្ត្រីព្រមានមន្ត្រី
ភ្នំពេញ៖ កំលាំងឈរជើងរបស់កម្ពុជានៅតាមបណ្តោយព្រំដែន អាចនិងពាក់ព័ន្ធជាមួយការបន្ត ឆ្លងដែនខុសច្បាប់ របស់ពលរដ្ឋខ្មែរ ចូលទៅកាប់ឈើនៅក្នុងទឹកដីថៃ នៅតាមភូមិសាស្ត្រស្មុគស្មាញ នៅក្នុងខេត្តមួយចំនួន នេះបើយោង ទៅតាមរបាយការណ៍ប្រចាំខែ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ បង្ការទប់ស្កាត់ និងបង្ក្រាបការកាប់ ការដឹកជញ្ជូន ការប្រមូល ការស្តុកទុក និងការនាំចេញឈើគ្រញូង ពីថ្ងៃទី ១៩ ខែឧសភា ដល់ថ្ងៃ ទី ២០ ខែមិថុនា ដែលបានចេញផ្សាយកាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៣។
រូបភាពជំនួស បង្ហាញពីឈើទាំងដើមៗ ត្រូវបានកាប់រំលំ ដើម្បីរងចាំការនាំចេញ។
របាយការណ៍កម្រាស់៣ទំព័រ ចេញផ្សាយដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ខែមិថុនាកន្លងទៅ ឲ្យដឹងថា ពលរដ្ឋនៅតែបន្តលួចលាក់ឆ្លងដែនដោយខុសច្បាប់ ចូលទៅកាប់ឈើនៅប្រទេសថៃ ភូមិសាស្ត្រស្មុគ្រស្មាញយ៉ាងខ្លាំងគឺ នៅតាមភូមិសាស្ត្រខេត្តឧត្តរមានជ័យ ព្រះវិហារនិងបាត់ដំបង។ ក្នុងរបាយការណ៍បានឲ្យដឹងទៀតថា៖ «តាមរបាយការណ៍ ដែលទទួលបានពីបណ្តាខេត្តជាប់ព្រំដែន និងពីនាយកដ្ឋានកណ្តាលនគរបាលព្រំដែន ប្រជាពលរដ្ឋនៅតែបន្តលួចលាក់ឆ្លងដែន ដោយខុសច្បាប់ចូលទៅកាប់ឈើនៅប្រទេសថៃ អាចមានពាក់ព័ន្ធនឹងកម្លាំងឈរជើងរបស់កម្ពុជា»។
របាយការណ៍បានបង្ហាញថា បន្ទាប់ពីបទបញ្ជារ ០២បប ចុះថ្ងៃទី ២២ ខែ កុម្ភៈ របស់រដ្ឋាភិបាល លទ្ធផលបង្ក្រាបឈើក្រញូងរយៈពេល៤ខែ គិចពីចុងខែកុម្ភៈ ដល់ចុងខែ មិថុនា បង្រ្កាបបានចំនួន១០ លើក នៅក្នុងខេត្តចំនួន៧ គឺខេត្ត មណ្ឌលគីរី កំពង់ធំ ពោធិ៍សាត់ កំពង់ឆ្នាំង ស្ទឹងត្រែង សៀមរាប និង ខេត្តកំពត ដោយចាប់បានឈើសរុប៤១៤២ម៉ែត្រគូប ព្រមទាំងចាប់ជនល្មើសបានចំនួន២នាក់ និងរថយន្ត ៩គ្រឿង។ របាយការណ៍បានបង្ហាញឲ្យដឹងទៀតថា៖ «ពីថ្ងៃទី១៩ ខែឧសភា ដល់ថ្ងៃទី ២០ ខែមិថុនា ប្រជាពលរដ្ឋខ្មែរនៅតែបន្ត លួចលាក់ចូលឆ្លងដែនចូលទឹកដីថៃ បណ្តាលឲ្យថៃបាញ់ស្លាប់ ៦នាក់ ចាប់ខ្លួន៦នាក់ រត់រួច៣២នាក់ ក្នុងនោះរបួស៧នាក់»។
សូមរម្លឹកថា កាលពី ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៣ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខាលើបទបញ្ជារ ០២ បប ស្តីពីវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបការកាប់ ការដឹកជញ្ជូន ការប្រមូល ការស្តុកទុក និងការនាំឈើក្រញូងចេញ ដោយសម្រេចលើ៩ ចំនុច ដែលនៅក្នុងចំនុចទី១ ក្នុងកថាខណ្ឌទី២ បានលើកឡើងថា ករណីមានការឆ្លងដែនខុសច្បាប់ ក្នុងភូមិសាស្ត្រឈរជើងរបស់អង្គភាពណាមួយ មេបញ្ជារការអង្គភាពនោះត្រូវមានការទទួលខុសត្រូវ ចំពោះមុខរាជរដ្ឋាភិបាល។
កាលពីដើមខែមិថុនា ក្រុមយុវជនប្រមាណជាង២០០នាក់ ដែលធ្វើការលើវិស័យព្រៃឈើ បរិស្ថាន ទំនប់វារីអគ្គីសនី និងធនធានធម្មជាតិ បានដាក់ញ្ញាត្តសុំអន្តរាគមន៍ទៅរដ្ឋសភាដើម្បី បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ ដោយខុសច្បាប់ និងត្រួតពិនិត្យលើក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងឲ្យដឹងថា ក្រសួងតែងតែចេញសារាចរណ៍នែនាំជាញឹកញ៉ាប់ ដល់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន អប់រំកុំឲ្យធ្វើចំណាកស្រុកខុសច្បាប់ទៅប្រទេសក្រៅ ដោយនែនាំពួកគាត់ឲ្យរកការងារធ្វើ នៅក្នុងប្រទេសរបស់ខ្លួន វាងាយស្រួសជាជាងការចាកចេញទៅឆ្ងាយពីផ្ទះ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ជីវិតគឺថ្លៃជាងអ្វីៗទាំងអស់ គ្មានអ្នកណាមានសិទ្ធិអនុញ្ញត ឲ្យពួកគេឆ្លងដែនដោយខុសច្បាប់ឲ្យគេសម្លាប់នោះទេ តែកំហុសអាចមកពីទាំងសងខាង មន្ត្រី យើងធ្វើការហាមឃាត់ តែគាត់នៅតែលូចឆ្លងដែនចូលទៅ»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត បានថ្លែងឲ្យដឹងថា វាជាការពិត ពលរដ្ឋដែលឆ្លងដែនទៅកាប់ឈើក្រញូងនៅប្រទេសថៃគឺពិតជាជាប់ពាក់ព័ន្ធនិងមន្ត្រីខ្លះ បើមិនមានជាប់ពាក់ព័ន្ធទេនោះ គឺពិតជាមិនងាយឆ្លងដែនខុសច្បាប់បាននោះទេ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «អ្នកមានអំណាច និងអ្នកមានលុយខ្លះ បានជួយឧត្តម្ភជាលុយ ដល់ពលរដ្ឋឲ្យឆ្លងដែនខុសច្បាប់ទៅកាប់ឈើក្រញូង ដូច្នេះដើម្បីការពារអាយុជីវិតប្រជាជន រដ្ឋាភិបាលត្រូវពង្រឹងមន្ត្រីរបស់ខ្លួន ហើយត្រូវអនុវត្តតាមច្បាប់ ចំពោះមន្ត្រីណាដែលបានប្រព្រឹត្តិខុស»។
លោក ឈឹម សាវុធ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលធ្វើស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ទៅនឹងវិនាសកម្មព្រៃឈើ នៅក្នុងប្រទេសកម្ពុជានោះបានថ្លែងឲ្យដឹងថា របាយការណ៍របស់ក្រសួង ដែលបានលើកថាមន្ត្រីដែលឈរជើងពាក់ព័ន្ធ នឹងការចូលកាប់ព្រៃនៅស្រុកថៃនោះ គឺជាការពិតពីព្រោះមន្ត្រីទាំងនោះ គឺជាអ្នករកស៊ីក្រញូង ដូច្នេះក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងការពារជាតិ គួរតែទទួលខុសត្រូវចំពោះមន្ត្រីរបស់ខ្លួន។ លោកបានថ្លែងឲ្យដឹងថា ៖ «អ្នកដែលក្របរបរកស៊ីក្រញូងនេះ គឺជាអ្នកមានអំណាចហើយស្និតជាមួយរដ្ឋាភិបាល និងជាមន្ត្រីប៉ូលីសទាហានតាមព្រំដែន ពលរដ្ឋធម្មតារឺក៏ឈ្មួញ ដែលគ្មានខ្នងស្និតជាមួយរដ្ឋាភិបាល ពុំអាចរកស៊ីរបរនេះបានទេ»៕
----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ