សម រង្ស៊ី ថា ហ៊ុន សែន ក៏​ធ្លាប់​រត់​ចោល​ស្រុក​ដែរ

ដើម្បីការពារការនិរទេសខ្លួន ចេញក្រៅប្រទេស ព្រោះគេចចេញ ពីការស្វែងរកចាប់ខ្លួន ដោយប្រព័ន្ធ​យុត្តិធម៌​ក្នុង​ស្រុក​នោះ លោក សម រង្ស៊ី បានលើកពីទឡ្ហីករណ៍ជាច្រើន សម្រាប់ពន្យល់ថា ការនិរទេសខ្លួននេះ មាន​បុព្វហេតុ​របស់​វា។ ពីក្នុងចំណោមទឡ្ហីករណ៍ទាំងនោះ មានចំនុចមួយ ត្រូវបានលោក សម រង្ស៊ី អះអាងថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខ្លួន​លោក ក៏​ធ្លាប់​រត់​ចោល​ស្រុក​ដែរ។
សម រង្ស៊ី ថា ហ៊ុន សែន ក៏​ធ្លាប់​រត់​ចោល​ស្រុក​ដែរ
ខាងមុខពីឆ្វេងមកស្ដាំ៖ លោក សម រង្ស៊ី និងលោក ហ៊ុន សែន នៅក្នុងជំនួបមួយកាលពី ខែកញ្ញា ឆ្នាំ២០១៣។ (រូបថត MONOROOM.info)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៣ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 24, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បីបុព្វហេតុប្រទេសជាតិ តើអ្នកនយោបាយខ្មែរ ចាំបាច់ត្រូវរត់ចោលស្រុក ឬធ្វើការនិរទេសខ្លួន ចេញ​ក្រៅ​ស្រុក ជានិច្ចជាកាលអញ្ចឹងឬ? លោក សម រង្ស៊ី បានលើកយកករណី របស់សម្ដេច ព្រះនរោត្ដម សីហនុ ដែល​លោក សម រង្ស៊ី បញ្ជាក់ថា ព្រះអង្គធ្លាប់​ធ្វើ​ជាប្រធានចលនាតស៊ូ នៅក្រៅស្រុក ដើម្បីរដោះប្រទេសកម្ពុជា ចេញ​ពី​«នឹមត្រួតត្រា» របស់យួនឈ្លានពាន មកធ្វើជាទឡ្ហីករណ៍ ការពារការធ្វើនិរទេសខ្លួនរបស់លោក នា​ពេល​នេះ។ ការនិរទសខ្លួនរបស់លោក សម រង្ស៊ី ដែលអ្នកផងមើលឃើញថា គឺដើម្បីគេចចេញ​ពីការស្វែង​រក​ចាប់​ខ្លួន នៃ​ប្រព័ន្ធយុត្តិធម៌ក្នុងស្រុក។

ប៉ុន្តែលោក សម រង្ស៊ី មិនបានភ្លេចឡើយ ក្នុងការលើកឡើងថា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបី​ទសវត្សន៍​នៅ​កម្ពុជា ក៏ធ្លាប់​រត់ចោលស្រុក ដូចគេឯងអញ្ចឹងដែរ។ ថ្លែងនៅក្នុងជំនួប ជាមួយពលរដ្ឋខ្មែរអាមេរិកាំង ក្នុង​ក្រុង ឡូវែល នៃ​រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ប្រធាន​គណបក្ស​​សង្គ្រោះ​​ជាតិ បាន​ឆ្លើយ​នឹង​សំនួរមួយ ដែលសួរលោក ពីករណីជាប់ពន្ធនាគារ ឲ្យដូចអ្នកស្រី អ៊ុងសាន ស៊ូជី ជាជាង​​រត់​​ចេញ​​ក្រៅ​​ស្រុក ដែល​ជាទង្វើមួយ រងការរិះគន់ថា មិនប្រកបដោយវិរៈភាព។

លោក សម រង្ស៊ី បានសួរបកទៅវិញថា៖ «ចុះ ហ៊ុន សែន ខ្លួនឯង ដែលគ្រាន់បើ​ណាស់ ដែលហ៊ាន​ប្រឆាំង​ខ្មែរ​ក្រហម នៅឆ្នាំ១៩៧៧ - ៧៨ គ្រាន់បើណាស់ ម៉េចក៏មិនឲ្យខ្មែរក្រហមចាប់ទៅ ម៉េចក៏ខ្លាចខ្មែរក្រហម ម៉េច​ក៏​ទៅ​ស្រុក​យួន​ធ្វើអី?»

ការលើកឡើងរបស់លោក សម រង្ស៊ី បានបង្កចម្ងល់ឡើងថា តើលោក ហ៊ុន សែន ដែលបានរត់ចេញ ទៅកាន់​ប្រទេស​វៀតណាម ក្នុងអំឡុងឆ្នាំ១៩៧៨-៧៨នោះ ពិតជាដើម្បីបុព្វហេតុជាតិមាតុភូមិឬ? ឯកសារ​ជីវប្រវត្ត​ជា​ច្រើន ផ្សាយដោយរបបក្រុងភ្នំពេញ និងដោយប្រព័ន្ធផ្សព្វផ្សាយ ស្និតនឹងលោក ហ៊ុន សែន តែងបាន​ការពារ​អំណះ​​អំណាង​នេះ​ជានិច្ច ហើយលោក ហ៊ុន សែន ខ្លួនលោក ក៏តែងរំលើក​ជាច្រើនដង​ច្រើនសារ ពីការ​បូជា​ជីវិត បូជា​ការ​​រស់នៅ​ជួបជុំ​គ្នា នៃក្រុមគ្រួសាររបស់លោក នៅក្នុងសម័យកាលនោះ ដើម្បីរំដោះជាតិមាតុភូមិ ចេញ​ពី​របប​​ប្រល័យ​​ពូជសាសន៍ ខ្មែរក្រហមដែរ។

ប៉ុន្តែឯកសារផ្សេងទៀត នៅឯបរទេសបានលើកឡើងផ្ទុយពីនេះ និងបានពន្យល់ថា លោក ហ៊ុន សែន បាន​រត់​ចោល​ស្រុក គឺនៅក្នុងបុព្វហេតុតែមួយគត់ នោះគឺគេចចេញ ពីចំណាត់ការរបស់ប៉ុលពត ដែលកំណត់ឲ្យ​កំចាត់​ក្រុម​ក្បត់​អង្គការ ក្បត់បដិវត្តន៍ នៅតំបន់បូព៌ា។ សក្ខីកម្មនៃឯកសារទាំងនោះ ត្រូវបានក្រុមអ្នកប្រើប្រាស់ គេហទំព័រ «Wikipedia» ធ្វើ​ការ​ប្រមែប្រមូល និងយកមកសង្ខេប ទាក់ទងនឹងប្រវត្តិរបស់លោក ហ៊ុន សែន ដូច​ខាង​ក្រោម៖

នៅឆ្នាំ ១៩៧៧ ឧបទ្ទវហេតុជាច្រើន បានកើតឡើង នៅតាមព្រំដែនកម្ពុជា-វៀតណាម និងបានបង្ក​ឱ្យ​មាន​ការ​ឆ្លើយតប ពីសំណាក់កងទ័ពប្រជាជនវៀតណាម ដែលធ្វើឲ្យកងទ័ពខ្មែរក្រហម ពិបាក​នឹង​ធ្វើការទប់ទល់។ មេ​បញ្ជាការជាន់ខ្ពស់ នៃរបបខ្មែរក្រហម បានទម្លាក់ការទទួលខុសត្រូវ នៃការទប់ទល់​ដ៏ខ្សត់ខ្សោយ​​នា​ពេល​​នោះ ទៅលើក្រុមទាហាន និងក្រុមមេទាហានរបស់ខ្លួនមួយចំនួន ដែល​មិន​មាន​ភក្ដីភាព​ពេញ​លេញ ជាមួយ​នឹង​អង្គការ ហើយបានបញ្ជា​ឲ្យមានការចម្រាញ់ចេញ នូវជនក្បត់បដិវត្តន៍ ដែល​ស្និត​នឹង​ក្រុង ហាណូយ។ ដើម្បី​​គេច​​ចេញ ពីយុទ្ធនាការ​ចម្រាញ់នេះ លោក ហ៊ុន សែន បានសម្រេចចិត្ត​រត់​ឆ្លង​ព្រំដែន ចូល​ប្រទេស​វៀតណាម។

លោក ហ៊ុន សែន បានរត់គេចខ្លួន​នៅខែមិថុនា ហើយបានរស់នៅ ក្នុងព្រៃអស់រយៈពេល​ជាច្រើនខែ មុននឹង​ចូល​​ទៅដល់ទឹកដីវៀតណាម ក្នុងខែធ្នូ ឆ្នាំ១៩៧៧។ ពេលទៅដល់ភ្លាម លោក ហ៊ុន សែន ត្រូវបាន​អាជ្ញាធរ​យួន​ចាប់​ឃុំ​ខ្លួន មួយរយៈទៀត(?)។ បន្ទាប់ពីត្រូវបានដោះលែង លោក ហ៊ុន សែន បានចូលរួមជាមួយ លោក ហេង សំរិន និង​លោក ជា ស៊ីម ក្នុងការបង្កើត​ឲ្យមានចលនានយោបាយមួយ ដើម្បីផ្ដួលរំលំរបបខ្មែរក្រហម។ ចលនា​នោះ មាន​ឈ្មោះ​ដំបូង​ឡើង​ថា «រណសិរ្សសាមគ្គីប្រជាជនខ្មែរ ដើម្បីសង្គ្រោះជាតិ» និងក្រោយមក បានប្ដូរ​មក​ជា «រណសិរ្សយសាមគ្គីសង្គ្រោះជាតិកម្ពុជា» ហៅកាត់ជាភាសាបារាំង «FUNSK»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...