ក្រសួង​អប់រំ​ទទួល​ស្គាល់​ការ​បង់​ប្រាក់​ពិន័យ​បទ​ល្មើស តែ​ជា​ប្រាក់​​កម្ចី

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសទទួលស្គាល់ ការបង់ប្រាក់សំណង ទៅលើបទល្មើស ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួនបានប្រព្រឹត្តិ នៅប្រទេសកូរ៉េខាងត្បូង តែបានបញ្ជាក់ថា ទឹកប្រាក់នោះ ជាប្រាក់កម្ចី ផ្ដល់​ដោយ​សហការី និងអង្គភាព នៃនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែល​ទើបនឹង​ចេញ​ផ្សាយ នៅ​រសៀល​ថ្ងៃទី២៣ ខែ​មិថុនា​នេះ។
ក្រសួង​អប់រំ​ទទួល​ស្គាល់​ការ​បង់​ប្រាក់​ពិន័យ​បទ​ល្មើស តែ​ជា​ប្រាក់​​កម្ចី
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក គ្រី ស៊ាងឡុង។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 23, 2016
  • ប្រធានបទ: បទល្មើស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សេចក្ដី​ប្រកាស​ព័ត៌មានមួយ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចេញផ្សាយ នៅរសៀលថ្ងៃទី២៣ ខែ​មិថុនា​នេះ បានឲ្យដឹងថា លោក គ្រី ស៊ាងឡុង ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ដែលត្រូវ​បាន​ក្រសួង​ចាត់​តាំង ឲ្យទៅចូលរួមក្នុង​សិក្ខាសាលា នៅប្រទេសកូរ៉េខាងត្បូងនោះ បាន«បៀតបៀនរាយកាយ»របស់នារី អ្នក​បក​ប្រែ​ជា​ជនជាតិ កូរ៉េម្នាក់ នៅថ្ងៃបិទបញ្ចប់សិក្ខាសាលា មុននឹងត្រូវបានសមត្ថកិច្ច របស់​ប្រទេស​នេះ​ចាត់​វិធានការ ទៅតាមផ្លូវច្បាប់។

រឿងអាស្រូវរបស់មន្ត្រីជាន់ខ្ពស់ ថ្នាក់ប្រធាននាយកដ្ឋានរូបនេះ បានបែកធ្លាយជាសាធារណៈ បន្ទាប់ពី​សារព័ត៌មាន​ជាច្រើន នៅប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ ពីការ​ឃាត់ខ្លួនលោក ស៊ាងហុង ដែលបានកើត​ឡើង កាលពីយប់ម៉ោង១០ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ក្នុងសង្កាត់មួយ នៃរដ្ឋធានី​សេអ៊ូល នា​អំឡុង​ពេល​ នៃ​ដំណើរទស្សនកិច្ចរបស់លោក ដើម្បីចូលរួមវេទិកា ស្ដីពីការអភិវឌ្ឍន៍ធនធាន​មនុស្ស អាស៊ាន​បូក​៣ ឆ្នាំ២០១៦ ហៅជាភាសាអង់គ្លេសថា «2016 ASEAN+3 HRD Forum»។ ការចាប់​ខ្លួន​នោះ ត្រូវបាន​ធ្វើ​ឡើង​តាមបណ្ដឹង​ភ្លាមៗ របស់ស្ត្រីអ្នកបកប្រែភាសា ដែលបានចោទលោក គ្រី ស៊ាងឡុង ថា​បាន​លូកដៃ​ទៅ​ចាប់​ចង្កេះ និងព្យាយាមថើបនាង។

» អានអត្ថបទនេះឡើងវិញ៖ ក្រសួង​អប់រំ​បង់​ប្រាក់​ជាង​១ម៉ឺន​ដុល្លារ ក្នុង​បទ​ល្មើស​បៀត​បៀន​ផ្លូវ​ភេទ​មួយ នៅ​កូរ៉េ​ខាង​ត្បូង

នៅក្នុងលិខិតមួយ របស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅកូរ៉េខាងត្បូង ផ្ញើរទៅកាន់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានឲ្យដឹងថា ដើម្បីជាថ្នូរនឹងការដោះលែង លោក គ្រី ស៊ាងឡុង នោះ រដ្ឋអាជ្ញា​ប្រចាំនៅសង្កាត់ "Seoul Southern" បានសម្រេចផាកពិន័យ ជាប្រាក់ចំនួន ៣.៦០០.០០០វ៉ុន និងសង​ជំងឺ​ចិត្ត​​ដល់​​ជន​រង​គ្រោះ​ ចំនួន៥.០០០.០០០វ៉ុន និងថ្លៃមេធាវី ចំនួន ៥.៥០០.០០០វ៉ុន។ លោក ឌីម៉ង់ បាន​សរសេរ​ថា៖ «ថវិកាទាំងអស់នេះ គឺបានពីការផ្ដល់​ពី​ក្រសួង​អប់រំ យុវជន និងកីឡា ដើម្បីដោះស្រាយ​សំណង»។

អង្គភាពរដ្ឋ និងគោលការណ៍...

រីឯសេចក្ដីប្រកាសព័ត៌មានដដែល របស់ក្រសួងអប់រំ បានអះអាងពន្យល់ ក្នុងករណីនេះថា៖ «ក្នុងការ​ដោះស្រាយ​បាតុភាព​នោះ សាមីខ្លួនបានខ្ចីថវិកាមួយចំនួន ដែលបានមកពីសហការី និងរបស់អង្គភាព នៃ​នាយកដ្ឋាន​តម្រង់ ទិសវិជ្ជាជីវៈ ដើម្បីបង់ពិន័យទៅតាម ការសម្រេចរបស់តុលាការ ជាសំណងរដ្ឋប្បវេណី។ ប៉ុន្តែ​ជា​គោលការណ៍​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនអនុញ្ញាតឲ្យយកថវិការបស់រដ្ឋ ទៅដោះស្រាយរឿង​ផ្ទាល់​ខ្លួន របស់​បុគ្គល​ឡើយ។ ដោយឡែកថវិកាដែល ខ្ចីពីអង្គភាព ត្រូវបានសាម៉ីជនបង្វែរសងអង្គភាព រួចរាល់​ហើយ។»

ក្រសួងអប់រំបានបញ្ជាក់ទៀតថា៖ «ក្រុមប្រឹក្សាវិន័យរបស់ក្រសួង បានចាត់វិធានការរដ្ឋបាល ដោយ​អនុលោម​ច្បាប់ស្តីពីសហលក្ខន្កិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងគោលការណ៍ណែនាំ ដែលនៅ​ជា​ធរមាន ដោយបានដកតួនាទី ពី (លោក គ្រី ស៊ាងឡុង) ប្រធាននាយកដ្ឋាន តម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា»។

គេឆ្ងល់ថា បើគ្មានការចេញផ្សាយ ពីសំណាក់សារព័ត៌មាន ទាក់ទងនឹងរឿងអាស្រូវមួយនេះទេ ថាតើក្រសួង​អប់រំពិតជាដកតំណែង ពីលោក គ្រី ស៊ាងឡុង មែនឬ? ឬមួយការដកតំណែងតួនាទី ពីប្រធាន​នាយកដ្ឋាន​មួយ​ទាំងមូល មិនត្រូវបានក្រសួងរដ្ឋមួយនេះ ប្រកាសឲ្យដឹង​ជាសាធារណៈទេឬ នៅមុនការបែកធ្លាយ?

គេឆ្ងល់ទៀតថា តើពលរដ្ឋកម្ពុជាគ្រប់រូប អាចមានសំណាង ដូចលោក គ្រី ស៊ាងឡុង ដែលបាន​ប្រព្រឹត្តិ​បទ​ល្មើស «បៀតបៀនលើរាងកាយ» ហើយ នៅមានការយកចិត្តទុកដាក់ ពីសំណាក់សហការី និងអង្គភាព​របស់​រដ្ឋ អាច​ផ្ដល់​ជា​ប្រាក់​កម្ចី ដើម្បីយកទៅបង់សងជំងឺចិត្ត ដល់ជនរងគ្រោះ នឹងអាលរួចផុតពីការឃុំខ្លួន នៅ​ប្រទេស​​កូរ៉េ​​ខាង​​ត្បូង​​នោះ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...