ភរិយារបស់ជនជាប់ចោទភូមិប្រមាទាំងបី ខ្លាចគ្មានការដោះលែងស្វាមី
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 18, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សាលដីការថ្ងៃទី១៤ខែមីនា ដែលសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ បានប្រកាសដោះលែងលោក ម៉ម សូណង់ដូនោះ ក៏បានភ្ជាប់ការដោះលែងអ្នកភូមិប្រម៉ាពីរនាក់ទៀត ដែលមានវត្តមានក្នុងសំនុំរឿងនេះដែរ ។ នៅពេលដែលនាយកវិទ្យុសម្បុកឃ្មុំ ត្រូវបានដោះលែងកាលពីថ្ងៃទី១៥ខែមិនាហើយនោះ តែអ្នកភូមិទាំងពីរនាក់នេះ នៅជាប់ក្នុងពន្ធនាគារនៅឡើយ ដោយសារតែមិនទាន់ដល់ថ្ងៃ ត្រូវដោះលែងតាមច្បាប់។
វាលស្រែ និងប្រជាជននៅភូមិប្រមា។
អ្នកភូមិប្រម៉ាបីនាក់ ដែលសាលាឧទ្ទរណ៍យល់ឃើញថា ជាជនពុំសូវមានចំណេះដឹង និងមិនធ្លាប់មានទោសពីមុនផងនោះ ត្រូវបានតុលាការសម្រេចសម្រាលទោស ឲ្យជាប់ពន្ធនាគារប្រាំឆ្នាំ អនុវត្តទោសក្នុងពន្ធនាគារដប់ខែ ដោយកាត់តម្រឹមអោយស្មើ នឹងរយៈពេលដែលពួកគាត់ត្រូវឃុំខ្លួន ហើយទោសនៅសល់ ត្រូវព្យួរ ក្នុងរយៈពេលបីឆ្នាំ។
មេធាវីការពារជនជាប់ចោទពីរនាក់ លោក ឡុង លន់ បានបំភ្លឺប្រាប់មនោរម្យព័ងអាំងហ្វូថា ជនជាប់ចោទទាំងអស់មានបីនាក់ ឯម្នាក់ទៀតឈ្មោះ ភន សឿន មិនបានប្តឹងឧទ្ធណ៍ទេ។ លោកបន្តថា ជនជាប់ចោទទាំងបីនាក់នេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ មែន ប៉ុន្តែត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី១៩ ខែឧសភា។ លុះដល់ថ្ងៃទី១៩ ខែមីនា នេះដល់ថ្ងៃដែលត្រូវដោះលែង។
លោកបន្តថា នឹងជម្រុញឲ្យមានការដោះលែង ជនជាប់ចោទដែលជាអ្នកភូមិទាំងបីនាក់ នៅថ្ងៃទី១៩ ស្អែកនេះឲ្យខានតែបាន។ «តែបើមិនមានការដោះលែងទេ នោះនឹងមានករណីរំលោភច្បាប់ និងរំលោភសិទ្ធិមនុស្សកើតមានឡើង។ ឯអ្នកទទួលខុសត្រូវក្នុងរឿងនេះ ជាបន្ទុករបស់មន្ត្រីពន្ធនាគារ។»
លោកបន្ថែមថា «ដីកាដោះលែង និងសម្រង់សាលក្រមបានរៀបចំរួចរាល់ ហើយសាលាឧទ្ធរណ៍ ក៏បានបញ្ជូនឯកសារពាក់ព័ន្ធទាំងនោះ ទៅនាយកដ្ឋានពន្ធនាគារដែរ។ ខ្ញុំសង្ឃឹមថា នឹងមានការដោះលែង ទៅតាមការកាលកំណត់ ដែលសាលាឧទ្ធរណ៍បានសម្រេច។ ជាក់ស្តែងនោះ ពួកគាត់នឹងត្រូវបានដោះលែង នៅថ្ងៃស្អែក ថ្ងៃ១៩ ខែមីនា ព្រោះមានរយៈពេលដប់ខែគត់ ចាប់រាប់ពីថ្ងៃឃុំខ្លួន។»
ឆ្លើយឆ្លងតាមទូរសព្ទ័ ជាមួយមនោរម្យព័ងអាំងហ្វូ អ្នកស្រី ស្រេង ភោ ជាភរិយារបស់ជនជាប់ចោទ កាន់ សុវណ្ណ បាននិយាយថា កាលពីថ្ងៃទី១៥ខែមិនា ដែលជាថ្ងៃដោះលែងលោក ម៉ម សូណង់ដូនោះ មិនឃើញមានការដោះលែងប្តីអ្នកស្រី អ្នកស្រីខ្លាចក្រែងថា មានការផ្លាស់ប្តូរ ឬប្រែក្រឡាស់ចំពោះការដោះលែងនេះ។ អ្នកស្រីបន្តថា ប្តីអ្នកស្រីត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ តែខាងពន្ធនាគារបានប្រាប់ថា ប្តីអ្នកស្រីត្រូវបានបញ្ជូនមកឃុំខ្លួនកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១២ ដូច្នេះ ដល់ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៣ ទើបដល់ថ្ងៃត្រូវដោះលែង។
ចំណែកអ្នកស្រី គី គារ ភរិយារបស់ជនជាប់ចោទ ទូច រៀម បាននិយាយថាអ្នកស្រី ក៏មានការព្រួយបារម្មណ៍ចំពោះការដោះលែងប្តីអ្នកស្រីដែរ ដោយខ្លាចមានការកែប្រែ។ តែអ្នកស្រីសង្ឃឹមថា នឹងមានការដោះលែង ពិតប្រាកដមួយ នាថ្ងៃទី១៩ ខែមិនានេះ។ រីឯអ្នកស្រី បាន ភឹង ជាភរិយារបស់បុរសឈ្មោះ ភន ស្រឿន ជាជនជាប់ចោទទីបី ដែលមិនបានដាក់ពាក្យបណ្តឹងមកសាលាឧទ្ធណ៍នោះ ក៏ត្រូវបានសម្រេចដោះលែងក្នុងថ្ងៃជាមួយគ្នាដែរ។ «ខ្ញុំនឹងបានទៅផ្ទះវិញ ជាមួយនឹងប្តីខ្ញុំ នាថ្ងៃស្អែកនេះ»។
ក្នុងប្រទេសកម្ពុជា នៅក្នុងគ្រួសារនីមួយៗ បុរសនៅតែត្រូវបានចាត់ទុក ជាបង្គោលដ៏សំខាន់ ក្នុងការទ្រទ្រង់គ្រួសារ។ ភរិយារបស់អ្នកភូមិជាប់ពន្ធនាគារទាំងបីនាក់ បានសម្ដែងសេចក្ដីសង្ឃឹមថា ស្វាមីពួកគាត់នឹងបានចេញពីពន្ធនាគារ ត្រឡប់ទៅផ្ទះវិញ ហើយនឹងជាកម្លាំងជួយដល់ការងារស្រែកចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាព និងចិញ្ចឹមកូនៗ ហើយពួកគេបានបន្តការសិក្សាឡើងវិញទាំងអស់គ្នាដែរ។
សូមរម្លឹកថា ឈ្មោះ កាន់ សុវណ្ណ ជាប់ចោទពីបទសម្លុតគំរាម និងប្រឆាំងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោស ចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ត្រូវសាលាដំបូងសម្រេចដាក់ទោសចំនួន ៣ឆ្នាំ។ ឯឈ្មោះទូច រៀម ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ ដោយជាប់ចោទពីបទឆបោក បទជ្រៀតជ្រែកខុសច្បាប់ ក្នុងការបំពេញមុខងារសាធារណៈ បទកាន់កាប់ និងដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត និងបទប្រឆាំងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោស ត្រូវសាលាដំបូងសម្រេចដាក់ទោសចំនួន ៥ឆ្នាំ។ និងអ្នកទីបីឈ្មោះ ភន សឿន មិនបានប្តឹងឡើងមកឧទ្ធណ៍ទេ តែក៏ត្រូវបានចាប់ខ្លួននៅថ្ងៃជាមួយគ្នា ហើយត្រូវសាលាដំបូងផ្ដន្ទាទោស ជាប់ពន្ធនាគារចំនួនដប់ខែ ពីបទប្រឆាំងអ្នករាជការសាធារណៈ ដែរ។
អ្នកទាំងបី ត្រូវបានជាប់ចោទ ថាបានប្រព្រឹត្តបទចោទខាងលើ នៅក្នុងជម្លោះដីធ្លីមួយ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីពាក់កណ្តាល ឆ្នាំ២០១២ កន្លងទៅ។ ក្នុងការងើបតវ៉ាប្រឆាំងរបស់អ្នកភូមិ ដែលទទួលការវាយបង្ក្រាបយ៉ាងហឹង្សា ពីកងកម្លាំងប្រដាប់អាវុធនេះ កុមារីអាយុជាង១០ឆ្នាំម្នាក់ បានត្រូវគ្រាប់កាំភ្លើងស្លាប់ ខណៈនាងនៅក្នុងផ្ទះរបស់ខ្លួន៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៨ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ