សមាជិកព្រឹទ្ធសភាអាមេរិកហៅការបំភ្លឺរបស់មេទូតខ្មែរ ថាជា«ការដោះសារ និងសំដីឥតតម្លៃ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៩ វិច្ឆិកា ២០១៧
- កែប្រែចុងក្រោយ: November 09, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ឯកអគ្គរាជរដ្ឋទូត ជុំ ប៊ុនរ៉ុង បានឆ្លើយតប ចំពោះការសាកសួររបស់ខ្ញុំ ជាមួយនឹងការដោះសារច្រានចោល និងពាក្យសំដីឥតតម្លៃ» នេះជាការវាយតម្លៃ របស់លោក ថេដ គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភា និងជាអតីតបេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ ចំពោះការឆ្លើយតប របស់លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំនៅសហរដ្ឋអមេរិក។
កាលពីថ្ងៃទី៧ ខែវិច្ឆិកា លោក ជុំ ប៊ុនរ៉ុង បានសរសេរលិខិតមួយច្បាប់ ប្រាប់ទៅលោក ថេដ គ្រូស ថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងតែវិវឌ្ឍទៅមុខ ហើយដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យនេះ អាចសម្រេចទៅបាន លុះត្រានីតិរដ្ឋត្រូវបានធានា និងអនុវត្តដោយពេញលេញ ក្នុងគោលបំណងដើម្បីថែរក្សាស្ថិរភាព សន្តិភាព និងផលប្រយោជន៍ប្រជាជាតិ។
លោកឯកអគ្គរាជទូតខ្មែរ ប្រចាំនៅរដ្ឋធានី វ៉ាស៊ីនតោន រូបនេះ បានពន្យល់បន្តថា ការចាប់ខ្លួនលោក កឹម សុខា ពីបទក្បត់ជាតិ ត្រូវបានធ្វើឡើង ស្របតាមបទបទបញ្ញត្តិ ជាធរមាននានា ដូចដែលមានចែង ក្នុងក្រមព្រហ្មទណ្ឌកម្ពុជា។ លោក ជុំ ប៊ុនរ៉ុង ចោទសួរទៅលោក ថិត គ្រូស វិញថា តើក្រោមច្បាប់សហរដ្ឋអាមេរិក ទង្វើ និងការប្រព្រឹត្តដូចករណីលោក កឹម សុខា នេះ អាចត្រូវបានអត់ឱនឲ្យ បានដែរឬទេ?
លោក ជុំ ប៊ុនរ៉ុង បានសរសេរបន្តថា អ្វីដែលលោក កឹម សុខា បានប្រព្រឹត្តនៅពេលកន្លងមកនេះ គឺមិនមែនជាការប្រកួតប្រជែង ប្រកបដោយលក្ខណៈស្មើភាពគ្នា ក្នុងលទ្ធិប្រជាធិបតេយ្យនោះទេ ហើយវាជាការមិនត្រឹមត្រូវឡើយ ដែលរដ្ឋាភិបាលកម្ពុជា បានទទួលរងនូវការរិះគន់ និងការគំរាមអំពីការដាក់ទណ្ឌកម្មនានាយ៉ាងដូច្នេះ ព្រោះដោយសារតែបានចាត់ការផ្លូវច្បាប់ ក្នុងគោលបំណង ដើម្បីការពារសន្តិសុខ សន្តិភាព ឯករាជ្យ និងអធិបតេយ្យរបស់ខ្លួនដូចដែលប្រទេសដទៃទៀត កំពុងអនុវត្តយ៉ាងដូច្នោះដែរ។
លោកឯកអគ្គរាជទូត ថ្លែងបញ្ជាក់ថា ការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ ដែលនឹងមិនអាចជៀសផុតនេះ មិនមានន័យថា ជាការបិទបញ្ចប់នៃស្ថាប័នប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជានោះឡើយ។
ជាប្រតិកម្មទៅនឹងលិខិតខាងលើនេះ លោក ថេដ គ្រូស បានសរសេរ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលបង្ហោះនៅលើគេហទំព័ររបស់លោក កាលពីថ្ងៃទី៨ ខែវិច្ឆិកាម្សិលម៉ិញ គូសបញ្ជាក់ពីជំហររបស់លោក ក្នុងចំណាត់ការ«ដំបូងៗ»របស់លោក ដែលត្រូវកំណត់មុខសញ្ញា «មន្រ្តីរដ្ឋាភិបាលដែលទទួលខុសត្រូវ ចំពោះសកម្មភាពទាំងនេះ នឹងត្រូវបានរារាំង មិនឱ្យធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិក»។
លោកសមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ ដែលជាគណបក្សកាន់អំណាចនៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា បើសិនជាលក្ខខណ្ឌ ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រឡប់មករកភាពល្អប្រសើរវិញ មិនទទួលបានការឆ្លើយតបជាវិជ្ជមានទេ នោះ«សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត» នឹងមិនអាច«ទទួលស្គាល់ នូវភាពស្របច្បាប់ នៃការបោះឆ្នោត» ក្នុងពេលខាងមុខនោះឡើយ។
ខាងក្រោមនេះ ជាខ្លឹមសារបកប្រែជាខេមរភាសា (ក្រៅផ្លូវការ) នៃសេចក្ដីប្រកាសព័ត៌មាន របស់លោក ថេដ គ្រូស៖
នៅថ្ងៃទី២៣ ខែតុលា ខ្ញុំបានសរសេរលិខិតជូន ឯកអគ្គរាជទូតកម្ពុជា លោក ជុំ ប៊ុននរ៉ុង ទាមទារឱ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ (CNRP)។ ដូចដែលខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ ទៅកាន់រដ្ឋាភិបាលកម្ពុជា នៅពេលនោះថា ការចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ គឺជាជំហានចុងក្រោយបំផុត នៅក្នុងដំណើរស្វែងរកបន្ត របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីគេចចេញ ពីការទទួលខុសត្រូវ ក្នុងលទ្ធិប្រជាធិបតេយ្យ និងមិនអាចធ្វើឱ្យកិច្ចការ វិលត្រឡប់ដូចដើមវិញ ដែលសហរដ្ឋអាមេរិក ជប៉ុន និងសហគមន៍អឺរ៉ុប បានវិនិយោគនៅប្រទេសកម្ពុជា ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ លើសពីការដាក់ពន្ធនាគារ នៃប្រធានគណបក្សប្រឆាំង គឺលោក កឹម សុខា ក៏មានការបិទស្ថានីយវិទ្យុ ដែលផ្សាយកម្មវិធី ពីវិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក បានហាមឃាត់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ពីការធ្វើប្រតិបត្តិការនៅកម្ពុជា ហើយនិងបានគំរាម រំលាយគណបក្សសង្គ្រោះជាតិ ជាផ្លូវការទៀតផង។
កាលពីម្សិលមិញ ឯកអគ្គរាជរដ្ឋទូត ប៊ុនរ៉ុង បានឆ្លើយតបចំពោះការសាកសួររបស់ខ្ញុំ ជាមួយនឹងការដោះសារច្រានចោល និងពាក្យសំដីឥតតម្លៃ។ លោកឯកអគ្គរាជរដ្ឋទូត បានថ្លែងថា "វាមិនយុត្តិធម៌ទេ ដែលរដ្ឋាភិបាលកម្ពុជាត្រូវរិះគន់ និងគំរាមកំហែងដោយវិធានការដាក់ទណ្ឌកម្ម ចំពោះចំណាត់ការច្បាប់ ដើម្បីការពារសន្តិសុខ ឯករាជ្យភាព និងអធិបតេយ្យរបស់ខ្លួន ដូចជាប្រទេសដទៃទៀតដែរនោះ” ។ លើសពីនេះទៅទៀត "ការចាប់ខ្លួនលោក កឹម សុខា និងការរំលាយមិនអាចជៀសបាន [គណបក្សសង្គ្រោះជាតិ] មិនបានបញ្ជាក់ ពីការបញ្ចប់នូវស្ថាប័នពហុបក្ស និងប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជាឡើយ”។ ឬនិយាយឲ្យចំទៅ ក្នុងទស្សនៈរបស់ឯកអគ្គរាជរដ្ឋទូត និងនាយករដ្ឋមន្ត្រី [លោក ហ៊ុន សែន] គឺឥស្សវជនដែលទាមទារ ឲ្យមានការផ្លាស់ប្តូរ ដូចជា "លោក កឹម សុខា" គឺជាការគំរាមកំហែងពិតប្រាកដ ដល់ប្រទេសកម្ពុជា។
ការប៉ុនប៉ងនេះ ពីសំណាក់រដ្ឋាភិបាលកម្ពុជា ដើម្បីបង្វិលសហរដ្ឋអាមេរិក គឺជាការព្រួយបារម្ភ យ៉ាងជ្រាលជ្រៅ នៅថ្ងៃស្អែក គឺជាថ្ងៃចុងក្រោយ ដែលប្រជាពលរដ្ឋកម្ពុជា អាចចុះឈ្មោះបោះឆ្នោត នៅក្នុងការបោះឆ្នោត ឆ្នាំ២០១៨។ ប្រសិនជាលក្ខខណ្ឌជាក់លាក់មួយចំនួន មិនត្រូវបានឆ្លើយតប រួមទាំងការដោះលែងលោក កឹម សុខា ការអនុញ្ញាតឱ្យស្ថានីយ៍វិទ្យុបន្តការផ្សាយ ស្របតាមឆន្ទានុសិទ្ធិរបស់ពួកគេ ហើយនិងការអនុញ្ញាតឱ្យអង្គការប្រជាធិបតេយ្យ ធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាទេនោះ វាមិនអាចទៅរួចទាល់តែសោះ សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង ដើម្បីទទួលស្គាល់នូវភាពស្របច្បាប់ នៃការបោះឆ្នោតទាំងនេះ។
លោក ហ៊ុន សែន ត្រូវចាត់វិធានការមុនគេបង្អស់ ឆ្ពោះទៅរកដំណោះស្រាយចំពោះលក្ខខណ្ឌទាំងនេះ ដោយដោះលែងលោក កឹម សុខា។ ហើយលោក ហ៊ុន សែន ត្រូវតែធ្វើភ្លាមៗ។ បើមិនដូច្នោះទេ ខ្ញុំនឹងធ្វើការជាមួយសហការីរបស់ខ្ញុំ នៅក្នុងសភាតំណាងរាស្ត្រ និងនៅក្នុងរដ្ឋបាល ដើម្បីពិនិត្យមើលការឆ្លើយតបដំបូង ដែលត្រូវកំណត់មុខសញ្ញាមន្រ្តីរដ្ឋាភិបាល ដែលទទួលខុសត្រូវ ចំពោះសកម្មភាពទាំងនេះ នឹងត្រូវបានរារាំង មិនឱ្យធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិក៕