មានគេឃើញ ឈូក បណ្ឌិត នៅក្នុងផ្ទះឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន?
- ដោយ: អ៊ុម វ៉ារី ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៨ តុលា ឆ្នាំ២០១៣
- កែប្រែចុងក្រោយ: October 10, 2013
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពលរដ្ឋចំនួនបីនាក់ ដែលមានមុខរបរ និងរស់នៅក្នុងតំបន់ខុសៗគ្នា បានទម្លាយពីអាថ៌កំបាំងនេះ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាពួកគេបានឃើញវត្តមានលោក ឈូក បណ្ឌិត នៅក្នុងគេហដ្ឋានលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា។ បុរសម្នាក់ដែលជាមន្ត្រីមួយរូប ធ្លាប់មានវត្តមានចេញចូល នៅក្បែរគេហដ្ឋានអ្នកស្រីឧបនាយករដ្ឋមន្រ្តី បានធ្លាយរឿងនេះដោយផ្ទាល់មាត់ប្រាប់ទស្សនាវដ្ដី តែលោកមិនបានអនុញ្ញាត ឲ្យថតសម្លេងនោះទេ ក្រោមហេតុផលសុវត្ថិភាព។
ដោយឡែកពលរដ្ឋម្នាក់ ដែលមានមុខរបរជាអ្នករត់ម៉ូតូឌុប បានប្រាប់មកទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកបានឃើញវត្តមានលោក ឈូក បណ្ឌិត នៅផ្ទះអ្នកស្រីម៉ែន សំអន នៅមុនពេលបុណ្យភ្ជុំបិណ្ឌ។ ពលរដ្ឋរូបនោះបានឲ្យទស្សនាវដ្ដីថតសម្លេងលោក តែក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងបន្តរថា លោកបានឌុបអ្នកដំណើរ ជិះឆ្លងកាត់មុខផ្ទះលោកស្រី ហើយជា«ចៃដន្យ» លោកបានឃើញលោកឈូកបណ្ឌិត នៅទីនោះ។ ពេលក្រោយមកទៀត ក៏ឃើញវត្តមានលោកឈូកបណ្ឌិតដដែលនេះ នៅក្នុងឡានមួយជិះចេញពីផ្ទះនោះឆ្ពោះទៅក្រៅ។
លោកបានបញ្ជាក់ថា លោកស្គាល់លោក ឈូក បណ្ឌិត យ៉ាងច្បាស់តាមរយៈរូបថតនានា ដែលចុះផ្សាយតាមសារព័ត៌មាន ហើយដែលធ្វើឲ្យលោក មិនអាចមានការភ័ណ្ឌច្រឡំបានទេ។ ម្យ៉ាងទៀត លោកចំណាំមុខលោក ឈូក បណ្ឌិត បាន ក៏ដោយសារតែលោកស្អប់នូវទង្វើ របស់ជនល្មើសមានអំណាច អាងខ្នង និងបក្សពួកម្នាក់នេះ ដែលមានបំណងចង់បាញ់សម្លាប់មនុស្ស មានទាំងសាក្សី ឃើញផ្ទាល់ភ្នែកបញ្ជាក់ទៀត តែនៅរួចខ្លួនពីសំណាញ់ច្បាប់ ហើយរស់នៅយ៉ាងរំភើយ និងកំពុងជិះឡានទំនើបយ៉ាងសង្ហារ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានស្វែងរកប្រតិកម្មដោយផ្ទាល់ ពីអ្នកស្រី ម៉ែន សំអន ចំពោះការលើកឡើងខាងលើនេះ តែអ្នកស្រីបានបញ្ជាក់ថាលោកស្រីនៅឆ្ងាយ មិនអាចទទួលសម្លេងច្បាស់។ អ្នកស្រី ម៉ែន សំអន បានបង្វែរការបកស្រាយនេះ ទៅឲ្យជំនួយការរបស់លោកស្រីវិញ។
«ជាការលើកឡើងមិនពិតទាំងស្រុង» នេះជាការបដិសេធចំពោះព័ត៌មានខាងលើ របស់អ្នកស្រីជំនួយការឲ្យអ្នកស្រីឧបនាយករដ្ឋមន្រ្តី។ អ្នកស្រីបានបន្តរថា អ្នកស្រីតែងតែយកសំណុំឯកសារ ឬលិខិតស្នាមផ្សេងៗ ទៅផ្ទះលោកស្រីម៉ែន សំអន តែមិនដែលបានជួប ឬបានស្គាល់លោកឈូក បណ្ឌិតម្តងណានោះទេ។ «ព័ត៌មាននេះមិនពិតទេ (…)។ ហើយខ្ញុំក៏មិនជឿ លើការបញ្ជាក់ របស់អ្នករត់ម៉ូតូឌុបនោះដែរ (វា) ហាក់ដូចជាមិនសម អីក៏ចៃដន្យម្លេះ គ្រាន់តែជិះកាត់មុខផ្ទះបានឃើញ យ៉ាងច្បាស់នោះ។»
អ្នកស្រីជំនួយការ បានអះអាងទៀតថា ម្ដុំគេហដ្ឋានរបស់លោកស្រី ម៉ែន សំអន សុទ្ធតែជាលំនៅដ្ឋានរបស់លោក«ធំ» ដូច្នេះមិនមានអ្នកម៉ូតូឌុបឯណាអាចចុះឡើង ឬជិះកាត់ដោយធម្មតានោះឡើយ។
សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីស្តីទី លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែតុលា បានប្រាប់អ្នកសារព័ត៌មាននៅទីស្តីការក្រសួងមហាផ្ទៃថា លោកបានចេញលិខិតមួយច្បាប់ បញ្ជាទៅអគ្គស្នងការនគរបាលជាតិ ឲ្យមានការស្វែងរកចាប់ខ្លួនលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ លោក ឈូក បណ្ឌិត ដែលកាលពីថ្ងៃទី២៥ ខែមិថុនាកន្លងមក បានក្លាយជាទណ្ឌិត ដោយត្រូវបានតុលាការ ខេត្តស្វាយរៀង ផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគារមួយឆ្នាំកន្លះ ពីបទបាញ់ស្ត្រីកម្មករកាត់ដេរបីនាក់ ឲ្យរងរបួសធ្ងន់។
លោក ស ខេង បានថ្លែងទៀតថា «យើងអនុវត្ត ទៅតាមសាលដីការបស់តុលាការ ធ្វើទៅតាមច្បាប់ មិនមានអ្វីខុសឆ្គងទេ។ (…) លោក ឈូក បណ្ឌិត កំពុងលាក់ខ្លួននៅទីណា? ហើយមូលហេតុអ្វីខ្លះដែលកន្លងមក ប៉ូលិសមិនអាចតាមចាប់លោក ឈូក បណ្ឌិត នោះបាន?»៕