ទីប្រឹក្សា-ជំនួយការ «ផ្អើល​និង​បារម្ភ» ព្រោះ​ខំ​ចំណាយ​តែ​គ្មាន​លទ្ធផល

ទាំងទីប្រឹក្សា ទាំងជំនួយការ មិនថារបស់ក្រសួងស្ថាប័នរដ្ឋ ឬរបស់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំងអស់របស់កម្ពុជា កំពុងតែមានការភ័យខ្លាច និងព្រួយបារម្មណ៏ចំពោះបញ្ហាប្រឈម នូវការបាត់បង់មុខតំណែង និងតួនាទីរបស់ខ្លួនដែលទទួលបានដោយ«លំបាក» និងចំណាយអស់«ញើស»ជាច្រើននោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: October 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទាំងទីប្រឹក្សា ទាំងជំនួយការ មិនថារបស់ក្រសួងស្ថាប័នរដ្ឋ ឬរបស់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំងអស់របស់​កម្ពុជា កំពុងតែមានការភ័យខ្លាច និងព្រួយបារម្មណ៏ចំពោះបញ្ហាប្រឈម នូវការបាត់បង់មុខតំណែង និងតួនាទីរបស់ខ្លួន​ដែលទទួលបានដោយ«លំបាក» និងចំណាយអស់«ញើស»ជាច្រើននោះ។


ព្រះមហាក្សត្រ អមសងខាងដោយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល និងរដ្ឋភាកម្ពុជា កាលពីខែកក្កដាឆ្នាំ២០១៣។ (រូបថត STINGER)

រាជធានីភ្នំពេញ - បន្ទាប់ពីមានការប្រកាសជាផ្លូវការ ដោយព្រះរាជក្រិត្យរបស់ ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី ដែលបានត្រាស់បង្គាប់បញ្ចប់មុខតំណែងទីប្រឹក្សា និងជំនួយការនៃថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ទីប្រឹក្សា-ជំនួយការអម​ក្រសួង-ស្ថាប័នទាំងអស់ រួមទាំងទីប្រឹក្សា-ជំនួយការប្រតិភូអមនាយករដ្ឋមន្ត្រីផងនោះ ពេលនេះនៅតាមក្រសួងស្ថាប័ន​មួយចំនួន បានកោះប្រជុំនូវមន្រ្តីក្រោមឱវាទរបស់ខ្លួន ដើម្បីធ្វើបំលាស់ប្តូរនូវតំណែង និងតួនាទីចេញពីទីប្រឹក្សា-ជំនួយការ ទៅកាន់មុខតំណែង«ថ្មី»។

តាមការបញ្ជាក់ពីទីប្រឹក្សាម្នាក់ នៃក្រសួងមួយជិតព្រះបរមរាជវាំង ដែលសុំមិនបញ្ចេញឈ្មោះនិយាយថា ក្រោយពី​ទទួល​បាននូវព្រះរាជក្រិត្យនេះ ក្រសួងបានធ្វើការកោះប្រជុំនូវទីប្រឹក្សា និងជំនួយការជាង៥០រូប ទៅកាន់នូវមុខតំណែង​ថ្មី​ក្រៅ​ពីនេះ។ លោកបានបន្តរថាការធ្វើបែបនេះ ដោយសារខ្លាចអ្នកទាំងនោះ មានការខឹងសម្បារ អាចកើតមានការតវ៉ាពាក់ព័ន្ធ ព្រោះថាពួកគេក៏បានចំណាចប្រាក់ក្នុង«មុខតំណែង» និងអ្នកខ្លះក៏បានចំណាយប្រាក់ និងពេលវេលាមិនតិចដែរក្នុង​ការ​ជួយជ្រោមជ្រែងការងារនានា។

ប្រភពដដែលនោះ បានបន្ថែមថា «ទាំងទីប្រឹក្សា និងជំនួយការជាង៥០រូបនេះ នឹងធ្វើការកាត់បញ្ចូលទៅតាមខុទ្ទកាល័យ​របស់ក្រសួង ដែលអាចទទួលបានប្រាក់បៀរវត្សដូចមុន។ ម្យ៉ាងទៀតក៏ជាឱកាសក្នុងការជម្រុះចោល នូវអ្នកដែល​មាន​តែ​ឈ្មោះ ទទួលតែប្រាក់ខែ តែមិនដែលមានវត្តមានមកធ្វើការ ស្ទើរពេញតែមួយអាណត្តិនោះ។ (…) យ៉ាងណាក៏ដោយ លោក​នៅតែត្រៀម “អ្វីមួយ” ដើម្បីទប់ ឬរក្សាឲ្យបាននូវតួនាទីចាស់ ឬក៏អាចឡើងខ្ពស់ជាងនេះ»។

រីឯទីប្រឹក្សានៃអគ្គលេខាធិការដ្ឋាននៃស្ថាប័នម្នាក់ទៀត ដែលស្ថិតក្នុងវិមានរដ្ឋចំការមន ដែលសុំមិនបញ្ចេញឈ្មោះ​បាន​លើកឡើងថា (វា) ជាពេលវេលាមួយថ្មីថ្មោង ក្រោយពីចេញព្រះរាជប្រកាសរបស់ព្រះមហាក្សត្រ ដូច្នេះអ្វីៗនឹងមាន​ដំណើរការជាបន្តរបន្ទាប់ទៅទៀត ហើយក៏មិនដឹងថាស្ថាប័នមួយនេះ នឹងរៀបចំយ៉ាងណានៅឡើយនោះទេ។ តែទោះជា​យ៉ាងនេះក្តី លោកនៅតែបង្ហាញពីរការព្រួយបារម្មណ៍ របស់លោក ចំពោះតួនាទីខ្លួន ក្នុងស្ថាប័នមួយនេះដែរទោះបី​ជា​លោក​មាន«ខ្សែរ» ឬជាសកម្មជនមួយរូបនៃបក្សក៏ដោយ។ ជាមួយគ្នានេះលោកបន្តរថា លោកក៏កំពុងតែត្រៀមនូវ «កញ្ចប់»មួយ ដែលគេចាត់ទុកយ៉ាងសាមញ្ញថាជាតម្លៃ«តបស្នង»នោះ។ លោកមិនបានបញ្ជាក់អ្វីច្រើននោះទេ ដោយគ្រាន់តែនិយាយថា «ចាំមើលស្ថាប័នគេរៀបចំសិន»។

លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បាននិយាយថាការបញ្ចប់អាណត្តិនេះ មិនមានអ្វីដែលគួរកត់សម្គាល់​នោះទេ តែអ្វីដែលសំខាន់នោះ គឺការបន្តរតំណែងក្នុងអាណត្តិថ្មី។ លោកបានចោទចាសំនួរថា តើការបន្តរតំណែងនោះ វាអាចពាក់ព័ន្ធនឹងអំពើពុករលួយដែរឬទេ? ករណីនេះលោកបន្តរថា ត្រូវធ្វើការត្រួតពិនិត្យលើកត្តាបីយ៉ាងសំខាន់ ទីមួយ ភាពចាំបាច់ (របស់ក្រសួងឬស្ថាប័ន) ដែលត្រូវតែងតាំង ទីពីរត្រូវមានការតែងតាំងត្រឹមត្រូវតាមនីតិវិធី ទីបីអ្នកដែល​ត្រូវ​តែងតាំងនោះ បាន«មក»ដោយរបៀបណា?។

លោកថា តើអ្នកដែលត្រូវតែងតាំងជាទីប្រឹក្សា ឬជំនួយការទាំងនោះមានសមត្ថភាព មានតួនាទី និងភារកិច្ចលើកស្ទួយ​ស្ថាប័ន ឬធ្វើការងារបំរើជាតិពិតទេ ឬគ្រាន់តែចង់បានមុខតំណែងទាំងនេះយកទៅប្រកបមុខរបរផ្ទាល់ខ្លួនផ្សេងទៀត។

លោក ព្រាប កុល បានបញ្ជាក់ជាចុងក្រោយថា «បើការតែងតាំងទាំងនោះបើមានអ្វីជាថ្នូរ ឬមានការសូកប៉ាន់ (វា)ជាអំពើ​ពុករលួយ។ (…) កាលពីអាណត្តិទី៤ តាមការស្រាវជ្រាវក្រៅផ្លូវការរបស់យើង មានឥស្សរៈជនមួយចំនួន ទទួលការតែង​តាំងមានការដោះដូរ ជាមួយនឹងទឹកប្រាក់ ឬជាការដូរ ជាវត្ថុ ឬជាសម្ភារៈផ្សេងៗទៀត។ តែសម្រាប់អាណត្តិនេះ យើង​មិន​ទាន់ដឹងនៅឡើយនោះទេ យើងនឹងចាំតាមដាននិងអង្កេតមើលជាបន្តរ។»

សូមបញ្ជាក់ថា សេចក្តីត្រាស់បង្គាប់ខាងលើនេះ បានឡាយព្រះហស្ថលេខាកាលពីថ្ងៃទី១ ខែតុលា មាត្រា១ ក្នុងចំណោម​បួនមាត្រា បានបញ្ជាក់យ៉ាងច្បាស់ថា«បញ្ចប់តំណែងទីប្រឹក្សា-ជំនួយការរបស់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី ទីប្រឹក្សា-ជំនួយការថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងទីប្រឹក្សា-ជំនួយការអម​ក្រសួង-ស្ថាប័ន​ទាំង​អស់ ដែលបានតែងតាំងដោយព្រះរាជក្រឹត្យ មុនថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។» ករណីនេះមានន័យស្មើនឹង ឈប់​ទទួល​ស្គាល់រាល់លិខិតបទដ្ឋានទាំងឡាយណា ដែលបានតែងតាំងជាទីប្រឹក្សា ឬជាជំនួយការទាំងនោះ មុនថ្ងៃទី២៤​ខែ​កញ្ញា ឆ្នាំ២០១៣ ដែលជាថ្ងៃបង្កើតរដ្ឋសភា និងប្រកាសតែតាំងនាយករដ្ឋមន្រ្តី នីតិកាលទីប្រាំ។ ព្រះរាជក្រិត្យក៏បានត្រាស់​បង្គាប់​ដែរ ដល់លោកនាយករដ្ឋមន្ត្រី«ថ្មី» ហ៊ុន សែន ថាត្រូវអនុវត្តឲ្យបានសម្រេចនូវព្រះរាជក្រឹត្យនេះ។

តែបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២៧ ខែកញ្ញានេះ របស់ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី បានតែងតាំង​នូវ​ទីប្រឹក្សា និងជំនួយការថ្មី សម្រាប់លោកហ៊ុន សែន នាយករដ្ឋមន្ដ្រី ថ្មីអាណត្តិទីប្រាំចំនួន៥៥រូប ក្នុងនោះមានជំនួយការ​ចំនួន៣៤រូប។ មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយថា ក្រោយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ គេមិនទាន់​ដឹងនៅឡើយទេ ចំពោះការកាត់បន្ថយខាងលើ ថាតើនឹងមានទីប្រឹក្សា ឬជំនួយការរបស់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងក្រសួងស្ថាប័នទាំង២៧ប៉ុន្មាននាក់ទៀត ដែលនឹងត្រូវតែងតាំងជាបន្តរបន្ទាប់ដោយព្រះមហាក្សត្រនោះទេ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៩ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...