សារព័ត៌មានអ៊ឺរ៉ុប៖ វាសនាមាន់ជល់កម្ពុជាបញ្ចប់ទៅ នៅក្នុងឆ្នាំងនគរបាល
បណ្ដាសារព័ត៌មានមួយចំនួននៅអ៊ឺរ៉ុប បានដកស្រង់ ឬបានផ្សាយទាំងស្រុង ក្នុងចុងសប្ដាហ៍កន្លងមកនេះ នូវអត្ថបទព័ត៌មានដ៏ពិសេសមួយ របស់ទីភ្នាក់ងារព័ត៌មានបារាំង (AFP) ដែលបានរាយការណ៍ពីប្រទេសកម្ពុជា នូវព្រឹត្តិការណ៍ «កម្ទេចមាន់ជល់៩២ក្បាល» ធ្វើឡើងដោយអាជ្ញាធរកម្ពុជា មុននឹងយកសាកសពមាន់ ដែលទទួលទោសប្រហារជីវិតទាំងនោះ មកបរិភោគទៅហោង។
សារព័ត៌មានខ្លះបានសរសេរលើកជាសំនួរឡើងថា៖ «តើគេត្រូវធ្វើដូចម្ដេច ចំពោះមាន់ជល់ទាំង៩២ក្បាល ដែលត្រូវបានរឹបអូស ពីទីលានប្រជល់មាន់ខុសច្បាប់មួយកន្លែងនោះ?» ហើយសារព័ត៌មាននោះ បានឆ្លើយដោយខ្លួនឯង តាមបែបចំអកដូច្នេះ៖ «នៅកម្ពុជា ក្រុមនគរបាលបានកំណត់យ៉ាងច្បាស់ហើយថា សត្វមាន់ត្រូវបានសម្លាប់ និងយកមកធ្វើម្ហូប ដើម្បីធ្វើពិធីជប់លៀង»។
សារព័ត៌មានបានស្រង់សំដី របស់លោក រឿន ណារ៉ា នាយរងនគរបាលខេត្តកណ្ដាល មកបញ្ជាក់ថា៖ «កាលពីថ្ងៃពុធ យើងបានឲ្យមាន់ទាំងនេះ [...]