លាចេញពីតំណែង បន្ទាប់ពីរងការអង្កេតរឿងពុករលួយជាមួយញាតិមិត្ត ហ៊ុន សែន
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២២ មីនា ២០១៦
- កែប្រែចុងក្រោយ: April 15, 2016
- ប្រធានបទ: ពុករលួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក «Elmer Funke Kupper» ដែលជានាយកប្រតិបត្តិក្រុមហ៊ុន «Australian Securities Exchange» ឬ «ASX» ជំនាញខាងផ្សារភាគហ៊ុន ប្រចាំក្នុងក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី បានចុះចេញពីតំណែង យ៉ាងតក់ក្រហល់ កាលពីថ្ងៃចន្ទទី២១ ខែមីនា ឆ្នាំ២០១៦នេះ បន្ទាប់ពីការស៊ើបអង្កេតមួយ បានផ្ទុះធ្វើឡើង ទាក់ទងនឹងសហគ្រាសមួយ ដែលលោកបានដឹកនាំ នៅមុនលោកមកកាន់តំណែង ជានាយកប្រតិបត្តិក្រុមហ៊ុន «ASX» កាលពីខែតុលា ឆ្នាំ២០១១។
សហគ្រាស ដែលលោកធ្លាប់បានដឹកនាំ ក្នុងកៅអីជានាយកប្រតិបត្តិ រវាងពីឆ្នាំ២០០៧ មកទល់នឹងឆ្នាំ២០១១ មានឈ្មោះថា «Tabcorp» ជំនាញខាងល្បែងស៊ីសង ឬល្បែងភ្នាល់ដាក់ប្រាក់។ សហគ្រាសនេះ ត្រូវបានរកឃើញមានជាប់សង្ស័យ តាមរយៈការអង្កេតមួយ ពាក់ព័ន្ធនឹងទឹកប្រាក់ចំនួន ២សែនដុល្លារអូស្ត្រាលី (ប្រមាណជា ១៣៥ ពាន់អ៊ឺរ៉ូ ឬ១៤៥ ពាន់ដុល្លារអាមេរិក)។ ទឹកប្រាក់នេះ ទំនងជាត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុនមួយ ដែលគ្រប់គ្រងដោយអ្នកជិតដិត របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។ សហគ្រាស «Tabcorp» មានបំណងចង់ដាក់ទុន ជាមួយនឹងក្រុមហ៊ុននោះ នៅក្នុងប្រទេសកម្ពុជា សម្រាប់គម្រោងធ្វើការ«ភ្នាល់បាល់» ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពិភពលោក ឆ្នាំ២០១០ នាប្រទេសអាហ្វ្រិកខាងត្បូង។
តើការផ្ទេរប្រាក់នោះ មានលក្ខណៈបែបណា? សូមទស្សនារូបភាពខាងក្រោម ដែលជារបាយការណ៍មួយ ធ្វើឡើងដោយសារព័ត៌មាន «The Sydney Morning Herald» របស់អូស្ត្រាលី៖
កាលពីសប្ដាហ៍មុន សហគ្រាស «Tabcorp» បានទទួលស្គាល់ថា បានរកស៊ីមានបាន នៅក្នុងប្រទេសកម្ពុជា នាឆ្នាំ២០០៩នោះពិតមែន ប៉ុន្តែថាបានសម្រេចបោះបង់ចោល ការរកស៊ីនេះវិញ ក្នុងឆ្នាំបន្ទាប់មក។
ថ្លែងទៅកាន់សារព័ត៌មានអូស្ត្រាលី «Fairfax Media» លោក «Elmer Funke Kupper» បានពន្យល់ជុំវិញការលាលែង ពីតំណែងរបស់លោកថា៖ «ខ្ញុំបានជ្រើសរើស យកការសម្រេចចិត្តនេះ ដើម្បីជាប្រយោជន៍ ដល់អភិបាលកិច្ចដ៏ល្អ។ ឈ្មោះរបស់ខ្ញុំ មិនមាននៅក្នុងសំនុំរឿងនេះទេ។ គេមិនបាននិយាយប្រាប់ខ្ញុំថា ខ្ញុំត្រូវរងនូវការស៊ើបអង្កេតនេះ ក៏ទេដែរ។ ប៉ុន្តែខ្ញុំត្រូវត្រួតពិនិត្យ ពីស្ថានការណ៍នេះឲ្យច្បាស់ នៅក្នុងដៃ។»
បើទោះជាលោកបានចាកចេញពីសហគ្រាស «Tabcorp» តាំងពីឆ្នាំ២០១១មកនោះក៏ដោយ តែលោកនៅតែមានទំនាក់ទំនងយ៉ាងជិតស្និត ជាមួយអតីតសហគ្រាស ដែលលោកធ្លាប់ដឹកនាំដដែលដែរ។ ជាពិសេសនៅចាប់ពីឆ្នាំ២០១២ មកទល់នឹងពេលនេះ លោកនៅតែជាសមាជិកមួយរូប នៃក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុននេះដដែល ដោយគ្រាន់តែលោក មិនមានសកម្មភាព ជាសមាជិកប្រតិបត្តិអ្វីឡើយ។
ទីផ្សារភាគហ៊ុន របស់ប្រទេសអូស្ត្រាលីវិញ បានឲ្យដឹងថា បន្ទាប់ពីការលាលែង របស់លោក «Elmer Funke Kupper» ប្រធានក្រុមហ៊ុន «ASX» លោក «Rick Holliday-Smith» បានទទួលធ្វើការងារ ជានាយកប្រតិបត្តិនេះ ជាបណ្ដោះអាសន្នសិន ទម្រាំនាយកប្រតិបត្តិថ្មី របស់ក្រុមហ៊ុន នឹងត្រូវជ្រើសតាំងឡើង៕