កឹម សុខា ចូលបំភ្លឺនៅសាលាដំបូង ករណីអំពើហិង្សានៅវ៉េងស្រេង
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី៨ មេសា ២០១៥
- កែប្រែចុងក្រោយ: April 08, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅជាមួយនឹងវត្តមាន នៃអ្នកគាំទ្រច្រើនសិបនាក់ ដែលបានមកជួបជុំគ្នា នៅមុខសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែមេសានេះ លោក កឹម សុខា បានចូលទៅកាន់បន្ទប់ របស់តំណាងអយ្យការ ដើម្បីស្តាប់ និងឆ្លើយនូវអ្វី ដែលតុលាការចង់ដឹងបន្ថែម។
ការកោះហៅអនុប្រធានទីមួយ នៃរដ្ឋសភានេះ ឲ្យចូលបំភ្លឺនៅក្នុងតុលាការ បានធ្វើឡើង នៅក្នុងរង្វង់ នៃការស៊ើបអង្កេត ក្នុងសំនុំរឿង លើកំណាត់ផ្លូវវ៉េងស្រេង ដែលបណ្តាល ឲ្យមានមនុស្សស្លាប់ របួស និងបាត់ខ្លួន កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។ លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ធ្លាប់បានអះអាងថា ការប៉ះទង្គិចគ្នា រវាងអាជ្ញាធរ ជាមួយនឹងមហាជន កាលពីដើមឆ្នាំ២០១៤ នោះ ស្ថិតក្រោមការទទួលខុសត្រូវ របស់គណបក្សសង្គ្រោះជាតិ ជាពិសេសថាមានលោក កឹម សុខា នៅពីក្រោយ និងមានចេតនាផ្តួលរំលំរដ្ឋាភិបាល។
ស្របពេល ដែលនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានប្រកាសថា និងដាក់សំណុំរឿងលោក កឹម សុខា ដែលមានចេតនា ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នេះ ចូលទៅកាន់តុលាការ និងករណីការចាប់ឃុំឃាំង សកម្មជនដីធ្លី សកម្មជនបក្សសង្គ្រោះជាតិ តាមរយៈតុលាការនោះ កាលពីដើមខែមេសានេះ មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានចេញនូវកំណត់ត្រាខ្លីមួយ ស្តីពីការការពារសិទ្ធិមនុស្សក្នុងឆ្នាំ២០១៤។ ក្នុងកំណត់ត្រាដ៏ខ្លីនោះ បានលើកឡើងថា អំណាចតុលាការ កំពុងស្ថិតក្រោមការគ្រប់គ្រង ដោយអង្គការនីតិប្រតិបត្តិ តាមរយៈក្រសួងយុត្តិធម៌ ដែលជាសេនាធិការ របស់លោកនាយករដ្ឋមន្រ្តី ជាពិសេសការបង្គាប់បញ្ជា ដោយផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ទៅក្នុងស្ថាប័នតុលាការ។
រីឯគណៈកម្មាធិការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ក៏បានបានរំលឹក ពីករណីមនុស្សស្លាប់ បាត់ខ្លួន និងអ្នករបួសជាច្រើននាក់ ក្រោមការ«បង្ក្រាប» ដោយហិង្សា និងអាវុធ ពីកងសន្តិសុខកម្ពុជា នៅចំណុចមួយចំនួនដូចជា ស្ពានអាកាសក្បាលថ្នល់ (ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣) ការតវ៉ា របស់កម្មកររោងចក្រអែសអិល (SL) មុខវត្តស្ទឹងមានជ័យ (ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៣) ការតវ៉ានៅផ្លូវវ៉េងស្រេង និងនៅមុខរោងចក្រយ៉ាកជីន ផ្លូវជាតិលេខ៤ (ថ្ងៃទី២, ៣ ខែមករា ឆ្នាំ២០១៤)។ ករណីទាំងនេះ បានបង្ហាញឲ្យឃើញថាកងកម្លាំងសន្តិសុខកម្ពុជា បានប្រើប្រាស់នូវតួនាទីរបស់ខ្លួន បង្ក្រាបទៅលើបាតុករយ៉ាងលើសលប់។ នេះបើតាម របាយការណ៍មួយ ស្តីពីបញ្ហាសិទ្ធិមនុស្ស សិទ្ធពលរដ្ឋ និងសិទ្ធិនយោបាយ របស់គណៈកម្មាធិការសិទ្ធិមនុស្ស ចេញផ្សាយ កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ចំណែកឯលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិវិញ ក៏ធ្លាប់បានលើកឡើង កាលពីពេលចូលសភាដំបូងថា អំពើហិង្សានៅផ្លូវវ៉េងស្រេងនេះ បង្កឡើងដោយកងកម្លាំងរដ្ឋាភិបាល ដែលធ្វើឲ្យមនុស្សស្លាប់ និងរបួស។ លោក បានថ្លែងនៅពេលនោះថា៖ «គេដឹងគ្រប់អ្នកហើយថា អ្វីដែលរដ្ឋាភិបាលត្រូវទទួលខុសត្រូវនោះ គឺការបាញ់សម្លាប់មនុស្ស។ ដូច្នេះសហគមន៍ជាតិអន្តរជាតិ ដឹងគ្រប់គ្នាហើយ មិនបាច់ឆ្លើយដាក់អ្នកណាទេ»៕