បាល់ទាត់​អេស្ប៉ាញ៖ រ៉េអា ត្រឡប់​មក​លត់ បាសា ដល់​ផ្ទះ​វិញ

បន្ទាប់ពីត្រូវបានក្រុម បាសឺឡូន (Barcelone) បំបាក់​ជាច្រើនដង​ច្រើនសារ ជាពិសេស​ពីការ​ប្រកួត​លើក​មុន នៅ​ក្នុង​កីឡាដ្ឋាន​ខ្លួន នារាជធានី ម៉ាឌ្រីតនោះ ក្រុមបាល់ទាត់ រៀលម៉ាឌ្រីត (Real Madrid) បានត្រឡប់​មក​សងសឹក​វិញ ដល់​កីឡាដ្ឋាន កំព្នូ (Camp Nou) ដែលជាផ្ទះ​របស់​ក្រុម បាសឺឡូន ក្នុង​ពិន្ទុ ២-១ កាល​ពី​យប់​ថ្ងៃ​សៅរ៍។
បាល់ទាត់​អេស្ប៉ាញ៖ រ៉េអា ត្រឡប់​មក​លត់ បាសា ដល់​ផ្ទះ​វិញ
តារាល្បីៗរបស់ក្រុមបាល់ទាត់ រៀលម៉ាឌ្រីត អបអរនឹងជ័យជំនះរបស់ខ្លួន។ (រូបថត Getty)
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០២ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 02, 2016
  • ប្រធានបទ: បាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេលនេះ គ្រូបង្វឹកថ្មីរបស់ក្រុមរៀលម៉ាឌ្រីត (Real Madrid) លោក ហ្សីណាឌីន ហ្សីដាន់ (Zinedine Zidane) ពិតជាញញឹមបិតមាត់មិនជិតទេ ព្រោះលោកបានឈ្នះគ្រប់យ៉ាង បន្ទាប់ពីក្រុមកីឡាករ ដែល​លោក​ទើប​តែ​ចូល​មកដឹកនាំ មិនដល់ទាំងបាន៣ខែស្រួលបួលផង បានត្រឡប់មកទទួលជ័យជំនះ នៅ​ក្នុង​ការ​សងសឹក របស់​ខ្លួន​បាន​វិញ ពីក្រុមបាសឺឡូន (Barcelone) ក្នុងក្របខណ្ឌ​បូកពិន្ទុ​ដណ្ដើមជើងឯក (La Liga) នៅ​យប់​ថ្ងៃ​សៅរ៍​ ទី២ ខែ​មេសានេះ។ បើនិយាយឲ្យខ្លី នៅក្នុងការប្រកួតនេះ ក្រុមរៀលម៉ាឌ្រីត មានភាពច្បាស់លាស់ ច្រើនជាង​ក្រុម​បាសឺឡូន បើទោះជាក្រុមអ្នកមានបុណ្យ «បាសា» មានបច្ចេកទេសគ្រប់គ្រងបាល់ បាន​ល្អ​ជាង​ក្រុម​សេះស «រ៉េអា»​ក៏ដោយ។

» រូបថតរបស់ក្រុមរៀល នៅក្រោយជ័យជំនះ លើក្រុមបាសា៖

ធ្វើដំណើរពីឆ្ងាយ មកទាត់នៅក្នុងកីឡាដ្ឋាន កំព្នូ (Camp Nou) ដែលជាកីឡាដ្ឋាន របស់ក្រុមបាសានោះ ក្រុម​រៀលម៉ាឌ្រីត​លេងមិនបានល្អទេ នៅក្នុងពាក់កណ្ដាលម៉ោងដំបូង បើសូម្បីតែការបញ្ចូនបាល់ចុះឡើង រវាង​កីឡាករគ្នាឯងនោះ ក៏ពោរពេញ ដោយភាពខ្ជីខ្ជារដែរ។ ចំពោះក្រុមបាសាវិញ បើទោះជាការបញ្ជូនបាល់ មាន​កម្រិត​ដ៏អស្ចារ្យ រវាង​កីឡាករ​ដ៏ល្បីៗរបស់ខ្លួនក៏ដោយ តែក្រុមដែលមានចំណាត់ថ្នាក់ «La Liga» ដ៏​កំពូល​លើ​គេ​មួយ​នេះ ក៏នៅតែរក​​មិន​បាន​ចន្លោះ ដើម្បីទាត់បញ្ចូលទីដូចគ្នា។

រហូតលុះត្រា ដល់ពាក់កណ្ដាលម៉ោងទីពីរ ទើបកីឡាករខ្សែការពារ ហ្សេរ៉ា ពីកេ (Gerard Pique) របស់​ក្រុម​បាសា បានរកគ្រាប់បាល់ដំបូង ឲ្យក្រុមរបស់ខ្លួន នៅនាទីទី៥៦ ដោយប្រើក្បាលខ្លួនបុកបញ្ជូនបាល់ ដែល​ទាត់​មកពីជ្រុងចំហៀងខាងស្ដាំ។ ប៉ុន្តែការនាំពិន្ទុមួយគ្រាប់មុន របស់ក្រុមបាសា ត្រូវបានក្រុមរៀល តាម​សង្កត់​យក​ពិន្ទុស្មើមកវិញ នៅនាទីទី៦២ ដែលជាគ្រាប់បាល់ទាត់«ផ្កាប់ចាន» របស់កីឡាករអន្តរជាតិបារាំង ឈ្មោះ ការីម ប៊េនហ្សេម៉ា (Karim Benzema)។

ការប្រកួតបានបន្តយ៉ាងស្វិតស្វាញ រហូតមានការបណ្ដេញកីឡាករខ្សែការពារ របស់ក្រុមរៀលម្នាក់ គឺកីឡាករ ស៊ែរចូ រ៉ាម៉ូស (Sergio Ramos) ដោយហេតុត្រូវបានអាជ្ញាកណ្ដាល ដកកាតលឿងពិន័យចំនួនពីរដង។ ក្រុម​រៀល ដែលបន្ថយមកនៅត្រឹម១០នាក់នេះ បានស្ទុះស្ទារបន្ថែមទៀត រហូតដល់នាទីទី៨៥ កីឡាករ​អន្តរជាតិ​ដ៏ល្បី គ្រីស្ទៀណូ រ៉ូណាល់ដូ បានដាក់បញ្ចូលទី របស់ក្រុមបាសាមួយគ្រាប់ទៀត ដែលធ្វើឲ្យក្រុមសេះស មាន​ពិន្ទុ​នាំ​មុខ​ក្រុម​អ្នក​មាន​បុណ្យ ២ទល់នឹង១៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...