ជូសេ ម៉ូរីញ៉ូ ចង់នាំ រ៉ូណាល់ដូ មកចូលរួមជាមួយ ក្រុមឆែលស៊ី
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: April 01, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) ជិតក្លាយខ្លួនទៅជាគ្រូបង្វឹក របស់ក្រុមឆែលស៊ី (Chelsea) ជាអចិន្រ្តៃយ៏ហើយ ហើយគ្រូបង្វឹករៀលម៉ាឌ្រីដ (Real Madrid) រូបនេះ បាននិយាយថា គាត់ចង់នាំយកកីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ទៅកាន់កីឡាដ្ឋាន ស្តែមហ្វដ ប្រិជ្ជ (Stamford Bridge) ជាមួយនឹងរូបគាត់ នៅរដូវកាលថ្មី។
គ្រីស្ទែណូ រ៉ូណាល់ដូ កីឡាករបាល់ទាត់ របស់ក្រុមរៀលម៉ាឌ្រីដ ដ៏ល្បីនៃប្រទេសអេស្ប៉ាញ។
មកាសែតដៀលី អេចប្រេស៏ (Daily Express) បានឲ្យដឹងថា ការចាកចេញរបស់លោក ម៉ូរីញ៉ូ ពីកីឡាដ្ឋាន សាន់ទីអឺកូ បឺណាប៊ូ (Santiago Bernabeu) នឹងកើតឡើងនៅចប់រដូវកាលនេះ ហើយគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ នឹងទៅជំនួសដំណែងគ្រូបង្វឹកបណ្តោះអាសន្ន របស់ក្រុមឆែលស៊ី នាពេលបច្ចុបន្ប លោក រ៉ាហ្វា បេនីតេស (Rafael Benitez)។
លោក រ៉ូម៉ាន អាប្រាម៉ូវីក (Roman Abramovich) ម្ចាស់ក្លឹបឆែលស៊ី ពេញចិត្តក្នុងការឃើញអតីតគ្រូបង្វឹកក្រុមឆែលស៊ីរូបនេះ ត្រឡប់មកដឹកនាំក្រុមម្តងទៀត។ ប៉ុន្តែលោក ម៉ូរីញ៉ូ ក៏សង្ឃឹមថា បុរសសញ្ជាតិរុស្សីរូបនេះ នឹងអាចចុះកិច្ចសន្យានាំយកកីឡាករ រ៉ូណាល់ដូ មកកាន់ភាគខាងលិចនៃទីក្រុងឡុងដ៏ ដូចគ្នា។
លោក ម៉ូរីញ៉ូ បានដឹងថា អតីតកីឡាករឆ្នើមរបស់ក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) មិនសប្បាយចិត្តទេ នៅក្នុងក្រុមរៀលម៉ាឌ្រីដ នាពេលបច្ចុបន្ប។ ខណៈដែលលោក ក្លាយទៅជាគ្រូបង្វឹកក្រុមឆែលស៊ី បុរសវ័យ៥០ឆ្នាំរូបនេះ នឹងដោះស្រាយបញ្ហារបស់ក្រុមតោខៀវ ដោយដេញថ្លៃ ៦០លានផោន សំរាប់កីឡាករ គ្រីស្ទែណូ រ៉ូណាល់ដូ។
អនាគតកីឡាករ វ័យ២៨ឆ្នាំរូបនេះ ជាមួយនឹងក្រុមរៀលម៉ាឌ្រីដ ជាប្រធានបទមួយ ដ៏ក្តៅគគុក ពេញមួយរដូវកាលនេះ ដោយសារតែពុំមានភាពច្បាស់លាស់នៅឡើយ។ ការត្រឡប់ទៅកាន់ក្រុម ម៉ែនឆេស្ទើ យូណៃធីត វិញនៅរដូវក្តៅខាងមុខ ក៏អាចកើតឡើងដែរ បន្ទាប់ពីកីឡាកររូបនេះ បានទៅកាន់ទឹកដីអូលត្រាហ្វដ (Old Trafford) កាលពីការប្រកួតឆែមពានលីក (Champions League) វគ្គ ១៦ក្រុម។
ក្រុម ម៉ែនឆេស្ទើ យូណៃធីត បានរាយការណ៏ថា កំពុងតែស្វែងរកឱកាស ធ្វើយ៉ាងណានាំយកកីឡាករ រ៉ូណាល់ដូ ត្រឡប់មកចូលរួមជាមួយក្រុមវិញ បើទោះបីជាក្រុមដែលកំពុងតែនាំមុខគេ ក្នុងតារាងព្រីមែលីក (Premier League) មួយនេះ ត្រូវប្រកួតប្រជែងជាមួយនឹងក្រុមឆែលស៊ី ក្នុងការទិញយកកីឡាករខ្សែបម្រើឆ្នើមរូបនេះ ក៏ដោយ។
ទោះបីជាយ៉ាងណា រ៉ូណាល់ដូ ហាក់ដូចជា មិនអាចទៅចូលរួមជាមួយនឹងក្រុមឆែលស៊ីនោះទេ ដោយសារតែគាត់មានអនុស្សាវរីយ៏ និងអ្នកគាំទ្ររបស់គាត់ជាច្រើន នៅក្នុងក្រុម ម៉ែនឆេស្ទើ យូណៃធីត។ ប៉ុន្តែឱកាសបន្តធ្វើការជាមួយ លោក ម៉ូរីញ៉ូ ក៏ជារឿងអាចទៅរួចដែរ សំរាប់ប្រធានក្រុមជម្រើសជាតិ ព័រទុយហ្គាល់រូបនេះ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ