គ្រូបង្វឹកម៉ែនស៊ីធី ថាគាត់មិនបារម្មណ៏ពីសម្ពាធនោះទេ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ម៉ាញូអែល ប៉េឡេហ្គ្រីនី (Manuel Pellegrini) បាននិយាយថា គាត់មានអារម្មណ៏ថា គាត់គ្មានសម្ពាធនោះទេ ក្នុងការប្រជែងយកឈ្នះពានរង្វាន់ព្រីមែលីក (Premier League) សម្រាប់ក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) នៅរដូវកាលថ្មី។
លោកម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី គ្រូបង្វឹកសញ្ជាតិឈីលី។ (រូបថត diarioeldia.cl)
ក្រុមមេឃខៀវ ម៉ែនស៊ីធី បានបាត់បង់ដំណែងជើងឯក ទៅក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) កាលពីរដូវកាលមុន បន្ទាប់ពីគ្រងជើងឯកបានតែ១រដូវកាល កាលពីឆ្នាំ២០១២។
ប៉ុន្តែអតីតគ្រូបង្វឹកក្រុមម៉ាឡាកា (Malaga) លោកប៉េឡេហ្គ្រីនី ដែលបានមកជំនួសដំណែងលោករ៉ូបឺតូ ម៉ែនស៊ីនី (Roberto Mancini) កាលពីខែមិថុនា បាននិយាយថា គោលដៅរបស់គាត់ គឺធ្វើយ៉ាងណា ឲ្យទទួលបានលទ្ធផលល្អនៅពេលខាងមុខ និងអភិវឌ្ឍន៏បន្ថែមនូវកីឡាករវ័យក្មេង។
បុរសវ័យ ៥៩ឆ្នាំសញ្ជាតិឈីលី បាននិយាយថា៖ «ខ្ញុំមិនមែនមកទីនេះ ដើម្បីចង់ឈ្នះតែពានរង្វាន់នោះទេ ខ្ញុំមកទីនេះក៏ដើម្បីអភិវឌ្ឍន៏កីឡាករវ័យក្មេងៗដែរ។ ខ្ញុំមិនបារម្មណ៏ ចំពោះការបញ្ចប់ចំណាត់ថ្នាក់ត្រឹមលេខ២។ ហើយខ្ញុំក៏មិនបារម្មណ៏ ពីសម្ពាធដែរ។»
ទោះបីជាយ៉ាងណា គ្រូបង្វឹករូបនេះ ក៏បានលើកឡើងដែរថា ភាពជោគជ័យនៅតែជាគោលដៅចំបងរបស់គាត់។
គាត់បាននិយាយថា៖ «ក្នុងនាមជាគ្រូបង្វឹកមួយរូប យើងតែងតែចង់ទទួលបានភាពជោគជ័យ។ ខ្ញុំព្យាយាមដើម្បីទទួលបានក្រុមមួយដ៏ខ្លាំង ដែលអាចនាំឲ្យយើងទទួលបាននូវពានរង្វាន់។»
លោកប៉េឡេហ្គ្រីនី ក៏បាននិយាយដែរថា គាត់ចង់ទិញខ្សែប្រយុទ្ធមួយរូបទៀត ប៉ុន្តែគាត់សុំស្នើរដល់អ្នកគាំទ្រទាំងអស់ កុំរំពឹងទុក ឬចង់បានខ្សែប្រយុទ្ធឆ្នើមៗខ្លាំងពេក។
និយាយនៅក្នុងសន្នីសិទកាសែតលើកដំបូង ចាប់តាំងពីគាត់ក្លាយជាគ្រូបង្វឹកថ្មី លោកបានបន្ថែមថា៖ «យើងត្រូវការក្រុមមួយដែលល្អ។ នៅសប្តាហ៏ក្រោយ អ្នកនឹងឃើញកីឡាករប្លែកៗ នៅក្នុងក្រុម។ ខ្ញុំមិនអាចទិញកីឡាករថ្មី ៤ឬ៥នាក់ ចូលក្រុមរាល់ឆ្នាំនោះទេ ដូច្នេះយើងត្រូវតែពង្រឹងសមត្ថភាពកីឡាករយុវជនរបស់យើង៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ