ក្រុមអេវើតុន ខ្ចីជើងខ្សែប្រយុទ្ធបាសេឡូណា ឌូឡូហ្វូ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមទូកក្តោងអេវើតុន (Everton) បានចុះកិច្ចសន្យាខ្ចីជើងខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ ចឺរ៉ាដ ឌូឡូហ្វូ (Gerard Deulofeu) មកពីក្រុមអ្នកមានបុណ្យ បាសេឡូណា (Barcelona) បានជាផ្លូវការហើយ។
កីឡាករខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ ចឺរ៉ាដ ឌូឡូហ្វូ របស់ក្រុមបាសឺឡូណា។ (រូបថត Digitalsport/ANB)
ឌូឡូហ្វូ បានលេងឲ្យក្រុមបាសេឡូណាប៊ី (Barcelona B) (ឈុតយុវជន) បានចំនួន ៣៣ប្រកួត ហើយគាត់រកគ្រាប់បាល់បញ្ចូលទីបាន ១៨គ្រាប់។
គាត់បានបង្ហាញខ្លួនឲ្យក្រុមបាសេឡូណាឈុតធំ បានចំនួន២ប្រកួត ហើយគាត់បានជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ អាយុក្រោម១៩ឆ្នាំ ក្លាយជាម្ចាស់ជើងឯកអ៊ឺរ៉ុប២សម័យកាល កាលពីឆ្នាំ២០១១ និងឆ្នាំ២០១២ផងដែរ។
គ្រូបង្វឹកថ្មីក្រុមអេវើតុន លោករ៉ូបឺតូ ម៉ាទីណែស (Roberto Martinez) បាននិយាយថា៖ «ចឺរ៉ាដ ជាគ្រាប់ពេជ្រមួយគ្រាប់ ដ៏មានតម្លៃសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ ហើយជាកីឡាករដែលមានបច្ចេកទេសល្អមួយរូប។»
អតីតអ្នកចាត់ការទូទៅក្រុមវីហ្គែន (Wigan) រូបនេះ បានបន្តថា៖ «ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលគាត់ (ឌូឡូហ្វូ) បានជ្រើសរើសយកក្រុមអេវើតុន ជាជំហ៊ានថ្មីមួយទៀត សម្រាប់អាជីពរបស់គាត់។»
ឌូឡូហ្វូ នឹងមកចូលរួមក្រុមអេវើតុន នៅចុងខែកក្កដានេះ ខណៈដែលពេលនេះគាត់កំពុងតែសម្រាកវិសមកាលជាមួយនឹងគ្រួសាររបស់គាត់ បន្ទាប់ពីទើបតែបញ្ចប់ពីភារៈកិច្ចបាល់ទាត់ពិភពលោកអាយុក្រោម២០ឆ្នាំ នៅប្រទេសទួរគី កាលពីសប្តាហ៏មុន ដោយសារក្រុមអេស្ប៉ាញ បានធ្លាក់ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្ររួចមក៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ