លីវើភូល៖ ខូឡូ តូរ៉េ ចង់បានកៅអីឆែមពានលីកត្រឡប់មកវិញ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែការពារខូឡូ តូរ៉េ (Kolo Toure) ជឿជាក់ថា ក្រុមហង្សក្រហមលីវើភូល (Liverpool) នឹងអាចប្រជែងយកកៅអីឆែមពានលីក (Champions League) នៅរដូវកាលក្រោយ ខណៈដែលពេលនេះ គាត់បានឈានជើងចូលក្នុងកីឡាដ្ឋានអេនហ្វៀល (Anfield) ដើម្បីជួយបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត។
កីឡាករខ្សែការពារ ខូឡូ តូរ៉េ បង្ហាញអាវរបស់គាត់ នៅពេលចូលមកដល់ក្រុមលីវើភូលដំបូង។ (រូបថត liverpoolfc.com)
កីឡាករវ័យ៣២ឆ្នាំ សញ្ជាតិកូឌឺវ័រ បានមកចូលរួមជាមួយលីវើភូល ក្នុងកិច្ចសន្យា២ឆ្នាំ បន្ទាប់ពីគាត់បញ្ចប់កិច្ចសន្យាជាមួយនឹងក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City)។
គាត់បាននិយាយថា៖ «យើងចង់ឈ្នះពានរង្វាន់ ប៉ុន្តែយើងក៏ចង់លេងក្នុងក្របខ័ណ្ឌឆែមពានលីកខ្លាំងណាស់ដែរ។ ក្លិបនេះ ជាក្លិបមួយសម្រាប់ឈ្នះ។ ខ្ញុំចង់ក្លាយជាផ្នែកមួយ នៃប្រវត្តិសាស្រ្តនៅទីនេះ។»
តូរ៉េ បានបង្ហាញខ្លួនឲ្យក្រុមម៉ែនស៊ីធី បាន១០២ប្រកួត បន្ទាប់ពីផ្ទេរមកពីក្រុមអាសិណល (Arsenal) ក្នុងតម្លៃ ១៤លានផោន កាលពីឆ្នាំ២០០៩ ហើយគាត់ជាផ្នែកមួយដ៏សំខាន់ ដែលជួយឲ្យម៉ែនស៊ីធី លើកពានព្រីមែលីក (Premier League) កាលពីរដូវកាល២០១១-២០១២ផងដែរ។ ប៉ុន្តែនៅរដូវកាល ២០១២-២០១៣ គាត់បានចូលលេងតែចំនួន ១៨ប្រកួតប៉ុណ្ណោះ។
លីវើភូល បានលេងក្នុងក្របខ័ណ្ឌឆែមពានលីកលើកចុងក្រោយនៅឆ្នាំ២០០៩។ ប៉ុន្តែទោះបីជារដូវកាលមុនក្រុមមួយនេះ បានបញ្ចប់ចំណាត់ថ្នាក់ត្រឹមលេខ៧ក៏ដោយ ក៏តូរ៉េ បាននិយាយយ៉ាងជឿជាក់ថា រដូវកាលថ្មីនេះត្រូវតែបញ្ចប់ក្នុងដំណែងកំពូលទាំង៤ (Top 4) ឲ្យបាន។
តូរ៉េ បាននិយាយថា៖ «ប្រាកដណាស់ យើងចង់បានដំណែងនោះ។ ខ្ញុំគិតថា ជាមួយនឹងកីឡាករល្អៗ ដែលយើងមានសព្វថ្ងៃ យើងជឿជាក់ថា នឹងទទួលបានលទ្ធផលល្អនៅរដូវកាលនេះ។ លីវើភូល ធ្លាប់មានប្រវត្តិសាស្ត្រល្អ មានកីឡាករល្អៗ ដែលពោរពេញដោយសមត្ថភាព និងទឹកចិត្ត។»
កីឡាករវ័យចំណាស់រូបនេះ បានបន្តថា៖ «យើងគ្រាន់តែចង់ជួយក្រុមឲ្យទទួលបានភាពជោគជ័យឡើងវិញ ដូចពីអតីតកាល ដើម្បីឲ្យប្រជែងយកដំណែងកំពូលទាំង៤មកវិញ ឬប្រជែងយកឈ្នះពានរង្វាន់។ ជួយក្លិបឲ្យត្រឡប់ទៅកាន់ក្របខ័ណ្ឌឆែមពានលីកវិញ ជារឿងដ៏អស្ចារ្យមួយសម្រាប់រូបខ្ញុំ ដែលខ្ញុំចង់ធ្វើឲ្យបាន៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ