ខ្សែប្រយុទ្ធបាសេឡូណា ដេវិដ វីឡា ជិតផ្ទេរមកក្រុមស្ពឺហើយ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 01, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមមាន់ខ្នាយមាស ទទិនហេម ហតស្ពឺ (Tottenham Hotspur) ឬហៅកាត់ថា «ស្ពឺ» ខិតជិតផ្ទេរយកខ្សែប្រយុទ្ធក្រុមអ្នកមានបុណ្យបាសេឡូណា (Barcelona) ដេវីដ វីឡា (David Villa) មកចូលរួមក្រុមហើយ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បាននិយាយថា គាត់អាចនឹងផ្ទេរទៅកាន់ទឹកដីអង់គ្លេស ដើម្បីចង់លេងជាជម្រើស១១នាក់ដំបូង។ នេះបើតាម ហ្គោលដតខម (Goal.com) បានរាយការណ៏។
ដេវីដ វីឡា កីឡាករខ្សែរប្រយុទ្ធបាសេឡូណា។ (រូបថត Getty Images / All Over Press)
ខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ ជាគោលដៅធំទី១របស់ក្រុមស្ពឺ សម្រាប់រដូវក្តៅខាងមុខនេះ ខណៈដែលគ្រូបង្វឹកលោកអេនដ្រេ វីឡាសបូអាស (Andre Villas-Boas) ចង់បន្ថែមនូវខ្សែប្រយុទ្ធដែលមានបទពិសោធន៏ច្រើន និងមានសមត្ថភាពខ្ពស់មកចូលរួមក្រុមនៅរដូវកាលថ្មី។
កីឡាករវ័យ ៣១ឆ្នាំ បានព្រមព្រាងល័កខ័ណ្ឌផ្ទាល់ខ្លួនអស់ហើយ ជាមួយក្រុមស្ពឺ ហើយគាត់ថែមទាំងនិយាយថា គាត់ចង់លេងនៅក្នុងក្រមខ័ណ្ឌព្រីមែលីក (Premier League) ទៀតផង។
សេចក្តីរាយការណ៏នោះដដែល បានឲ្យដឹងថា គ្រូបង្វឹក លោកវីឡាសបូអាស បានជជែកគ្នាក្រៅផ្លូវការតាមទូរស័ព្ទ ជាមួយវីឡាខ្លះៗដែរ ហើយអ្នកចាត់ការផ្នែកបច្ចេកទេសប្រចាំក្លិបលោក ហ្វ្រែនកូ បាលឌីនី (Franco Baldini) ក៏បានទាក់ទងជាមួយនឹងភ្នាក់ងាររបស់កីឡាកររួចហើយដែរ។
ក្រុមស្ពឺ បានចចារគ្នាជាមួយវីឡា ខណៈដែលពួកគេធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីល ដើម្បីចុះកិច្ចសន្យាជាមួយខ្សែបម្រើក្រុមខូរីថែន (Corinthians) ផូលីញ៉ូ (Paulinho) ហើយក៏ឆ្លៀតពេលជួបវីឡាតែម្តងទៅ ស្របពេលដែលវីឡានៅទីនោះស្រាប់។
ប៉ុន្តែទោះបីជាយ៉ាងណា វីឡាក៏មានក្រុមអ៊ីតាលីមួយ ហ្វឡរិនទីណា (Fiorentina) មានការចង់បានខ្លាំងដូចគ្នា ហើយពួកគេក៏កំពុងតែដុតដៃដុតជើង ដើម្បីប្រជែងជាមួយក្រុមស្ពឺដែរ។
ស្ពឺ សង្ឃឹមថានឹងមានការព្រមព្រាងគ្នាមួយ ជាមួយក្រុមបាសេឡូណា ក្នុងតម្លៃទាបជាង ១២លានផោន សម្រាប់ខ្សែប្រយុទ្ធវីឡា ហើយពួកគេបានត្រៀមដេញថ្លៃដំបូង ក្នុងតម្លៃ ៨លានផោន ព្រោះវីឡា មានវ័យចាស់ហើយ ហើយថែមទាំងមានរបួសរ៉ាំរ៉ៃទៀត។
ដេវីដ វីឡា នឹងធ្វើការសម្រេចចិត្តអនាគតរបស់គាត់ ថាគាត់នឹងទៅលេងនៅក្របខ័ណ្ឌណានៅរដូវកាលក្រោយ នៅពេលដែលត្រឡប់មកពីការប្រកួតខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) នាប្រទេសប្រេស៊ីលវិញ បន្ទាប់ពីក្រុមរបស់គាត់ (អេស្ប៉ាញ) បានចាញ់ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះ កាលពីយប់មិញ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ