អ៊ីណេស្ដា ប្រកាសចាកចេញពីក្រុម បាសឺឡូន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - បារីស ថ្ងៃទី២៧ មេសា ២០១៨
- កែប្រែចុងក្រោយ: April 27, 2018
- ប្រធានបទ: ក្រុមបាសឺឡូន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាមួយភាពស្រយ៉ុតស្រយ៉ង់ និងភាពអួលអាក់ជាពន់ពេក ដែលកីឡាករ អង់ឌ្រេ អ៊ីណេស្ដា (Andrés Iniesta) ខ្សែបម្រើជាតិអេស្ប៉ាញ ដែលមានគ្រោះថ្នាក់បំផុត នៅអ៊ឺរ៉ុប បានប្រកាសចាកចេញ ពីក្រុម បាសឺឡូន ដែលខ្លួនបាននៅជាមួយ តាំងពីជាង២០ឆ្នាំមកនោះ (ទាត់ក្នុងក្រុមអាជីព ចាប់ពីឆ្នាំ២០០២)។ ដំណឹងនៃការចាកចេញ ត្រូវបានកីឡាករជាតិអេស្ប៉ាញខ្លួនឯង ប្រកាសដោយផ្ទាល់មាត់ នៅក្នុងសន្និសីទកាសែតមួយ ដែលរៀបចំធ្វើឡើង នៅរសៀលថ្ងៃសុក្រ ទី២៧ ខែមេសានេះ។
កីឡាករអាយុ៣៣ឆ្នាំ ដែលមានតំណែង ជាប្រធានក្រុមកីឡាករផងនោះ បានពន្យល់ពីមូលហេតុ នៃការចាកចេញថា ខ្លួនមិនអាចទាត់ឲ្យក្រុម បាសឺឡូន ប្រកបដោយភាពល្អឥតខ្ចោះ ដូចកន្លងមកទៀតទេ។ ប៉ុន្តែបានទទួលស្គាល់ថា បាសឺឡូន ជាកំពូលក្រុមបាល់ទាត់ នៅក្នុងពិភពលោក ដែលបានឲ្យអ្វីគ្រប់យ៉ាងទាំងអស់ មកឲ្យខ្លួន។
Andrés Iniesta: "I want to thank my team mates" #Infinit8Iniesta pic.twitter.com/V2OsNak4ox
— FC Barcelona (@FCBarcelona) 27 avril 2018
ខ្សែបម្រើ ដែលពោរពេញដោយទេពកោសល្យរូបនេះ បានឈ្នះក្លាយជាជើងឯក នៃប្រទេសអេស្ប៉ាញ ជាមួយក្រុមបាសឺឡូន បានចំនួន៨ដង និងអាចឈ្នះ បានម្ដងទៀត ក្នុងចុងរដូវកាលនេះ។ កាលពីខែតុលា ឆ្នាំទៅម៉ិញ កីឡាករបានបន្តកិច្ចសន្យា នៃអាជីពរបស់ខ្លួន សម្រាប់រយៈពេល «មួយជីវិត»។ ប៉ុន្តែនៅថ្ងៃនេះ កីឡាករបានបង្ហូរទឹកភ្នែក រៀបរាប់ថា៖ «ខ្ញុំមិនអាចបញ្ចេញទេពកោសល្យ ឲ្យអស់ពីខ្លួនខ្ញុំ នៅគ្រប់ការប្រកួតបានទៀតទេ រាប់ទាំងរាងកាយ សតិអារម្មណ៍... ហើយក្រុមបាល់ទាត់មួយនេះ ស័ក្តិសមនឹងកីឡាករ ដែលល្អជាងខ្ញុំ»។
ប្រព័ន្ធផ្សព្វផ្សាយនៅអ៊ឺរ៉ូប បានបង្ហើបឲ្យដឹងថា កីឡាករ អង់ឌ្រេ អ៊ីណេស្ដា អាចនឹងទៅទាត់ឲ្យក្រុមណាមួយ នៅក្នុងប្រទេសចិន៕