MH370៖ ជំហ៊ានទៅរកឃើញ យន្ដហោះម៉ាឡេស៊ីបាត់ខ្លួន?
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ សីហា ២០១៥
- កែប្រែចុងក្រោយ: August 06, 2015
- ប្រធានបទ: បាត់យន្ដហោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើនេះជាតំរ៉ុយតំបូង ដើម្បីឈានទៅរកឃើញ នូវយន្ដហោះបាត់ខ្លួន ដ៏អាថ៌កំបាំងជាងគេក្នុងលោកឬ? បំណែកយន្ដហោះ ដែលត្រូវបានឃើញ អណ្ដែតមកទើរ នៅលើឆ្នេរនៃកោះរ៉េអ៊ុយញ៉ុង ជារបស់យន្ដហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង តាំងពីដើមខែមីនា ឆ្នាំ២០១៤។ នេះជាការអះអាង របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីព រ៉ាហ្សាក់ (Najib Razak) ពីរដ្ឋធានីកូឡាឡំពួរ។
ការថ្លែងឡើងរបស់លោកនាយករដ្ឋមន្ត្រី បានធ្វើឡើង នៅមុនសេចក្ដីសន្នីដ្ឋានជំហានដំបូងមួយ របស់អ្នកស៊ើបអង្កេតបារាំង ដែលបានប្រកាសជាផ្លូវការ នៅថ្ងៃពុធទី៥ ខែសីហានេះដែរ។ លោក សែជ ម៉ាកូវ៉ាក (Serge Mackowiak) រដ្ឋអាជ្ញារងបារាំង ប្រចាំរដ្ឋធានីប៉ារីស ដែលទទួលបន្ទុក ការស៊ើបអង្កេតករណីនេះ បានថ្លែងនៅចំពោះមុខ ក្រុមអ្នកសារព័ត៌មានថា បំណែករប៉ាត់រប៉ាយទាំងនោះ ពិតជាផ្នែកមួយនៃយន្ដហោះប៊ូអីង (Boeing 777) បើយោងទៅលើ ឯកសារសម្គាល់យន្ដហោះ ដែលផ្ដល់ដោយក្រុមហ៊ុនអាកាសចរណ៍។ ការសិក្សាទាំងនោះ បានផ្ដល់នូវកា«ជឿជាក់»យ៉ាងខ្លាំង ថាយន្ដហោះប៊ូអីងនោះ ពិតជាយន្ដហោះ MH370។
ប៉ុន្តែសម្រាប់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីវិញ មិនបានសង្ស័យទៀតទេថា បំណែកទាំងនោះ គឺពិតជាផ្នែកមួយ នៃយន្ដហោះម៉ាឡេស៊ី ដែលភ្ជាប់ជើងហោះហើរ ពីរដ្ឋធានីកូឡាឡំពូរ ទៅកាន់រដ្ឋធានីប៉េកាំងប្រទេសចិន កាលពីពាក់កណ្ដាលអាធ្រាត ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ជាមួយនឹងអ្នកដំណើរ ២៣៩នាក់។ លោក ណាជីព រ៉ាហ្សាក់ បានថ្លែងឡើងថា៖ «ជាការរន្ធត់ញ៉ាប់ញ័រណាស់ ដែលខ្ញុំត្រូវប្រកាសប្រាប់អ្នករាល់គ្នាថា ក្រុមអ្នកជំនាញចម្រុះជាតិសាសន៍ បានអះអាង ពីបំណែកទាំងនោះ ដែលត្រូវបានរកឃើញនៅលើកោះ រ៉េអ៊ុយញ៉ុង គឺជាបំណែកមកពីយន្ដហោះ MH370»។
លោកនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា៖ «នៅពេលនេះ យើងមានភស្ដុតាងរឹង បញ្ជាក់ថា យន្ដហោះដែលភ្ជាប់ ជើងហោះហើរលេខ MH370 បានបញ្ជប់ដំណើររបស់ខ្លួន នៅក្នុងមហាសមុទ្រឥណ្ឌាខាងត្បូង»។
ទោះជាការថ្លែង របស់លោក ណាជីព មានភាពច្បាស់លាស់ យ៉ាងនេះក៏ដោយ តែសម្រាប់អ្នកជំនាញបារាំង នៅតែមានគម្រោងថា នឹងត្រូវធ្វើការសិក្សាពីករណីនេះ ជាថ្មីម្ដងទៀត។ រដ្ឋអាជ្ញារង លោក សែជ ម៉ាកូវ៉ាក បានអះអាងថា៖ «អ្នកជំនាញ នឹងធ្វើការងាររបស់ពួកគេ នៅក្នុងរយៈពេលដ៏ឆាប់មួយ ដើម្បីផ្ដល់ជូននូវព័ត៌មានលំអិតពេញលេញ និងច្បាស់លាស់ ទៅឲ្យក្រុមគ្រួសារ នៃជនរងគ្រោះ»។ ក្រុមគ្រួសារនៃជនរងគ្រោះ ដែលបានចោទប្រទេសម៉ាឡេស៊ី ក្នុងពេលកន្លងមក ថាបានលាក់ និងបង្វិលព័ត៌មាននានា ជុំវិញការបាត់ខ្លួននៃយន្ដហោះ ដ៏ធំមួយនេះ៕