យន្ដហោះ​​ឯកជន​អាមេរិក​មួយ​គ្រឿង ធ្លាក់​នៅ​ជិត​កោះ​ចាម៉ៃអីក ស្លាប់​ពីរ​នាក់

កាលពីថ្ងៃសុក្រ ទី០៥ ខែកញ្ញា យន្ដហោះឯកជនម៉ាស៊ីនទោលមួយគ្រឿង បានចាកចេញពីរដ្ឋញ៉ូយក (ភាគ​ខាង​កើត​ឈៀងខាងជើង) នៃសហរដ្ឋអាមេរិក ហើយបានទៅធ្លាក់នៅក្នុងឈូងសមុទ្រ នៃប្រទេសចាម៉ៃអីក។ ដំណឹងចុងក្រោយ ដែលទើបនឹងធ្លាក់ចុះមក បានឲ្យដឹងថា មនុស្សពីរនាក់ នៅលើយន្ដហោះនោះ បានស្លាប់។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៦ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 06, 2014
  • ប្រធានបទ: គ្រោះយន្ដហោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដំណឹងធ្លាក់យន្ដហោះ ត្រូវបានឲ្យដឹងតាំងពីថ្ងៃសុក្រ ទី០៥ ខែកញ្ញានេះ ដោយបណ្ដាញផ្សព្វផ្សាយ របស់​អាមេរិក ប៉ុន្តែគេគ្រាន់តែដឹងថា ជាយន្ដហោះដែលមិនស្គាល់អត្តសញ្ញាណប៉ុណ្ណោះ។ ប៉ុន្តែព័ត៌មាន ដែល​ធ្លាក់មកច្បាស់ជាងមុន នៅថ្ងៃសៅរ៍ទី០៦នេះ បានអះអាងថា យន្ដហោះឯកជន ដែលអាចផ្ទុកមនុស្សបាន ពី៦ ទៅ ៧នាក់ ធុន Socata TBM-700 បានហោះចេញ ពីក្រុងរ៉ូសឆេស្ទើរ (Rochester) នៃរដ្ឋញ៉ូយក សហរដ្ឋ​អាមេរិក ឆ្ពោះទៅកាន់ទីក្រុង ណាព (Naples) នៃរដ្ឋផ្លរីដ។

តែយ៉ាងណាក៏ដោយ សហព័ន្ធរដ្ឋបាលអាកាសចរណ៍ស៊ីវិល អាមេរិក នៅមិនទាន់អាចបញ្ជាក់ឲ្យដឹង ថា​ចំនួន​មនុស្សជិះលើយន្ដហោះនេះ មានចំនួនប៉ុន្មាននោះនៅឡើយ។ សហព័ន្ធបានបន្ថែមទៀតថា នៅវេលា​ម៉ោង​ប្រមាណជា ៤រសៀល (ម៉ោងក្នុងស្រុក) ថ្ងៃសុក្រនោះ យន្ដហោះបានឈប់ផ្ដល់សញ្ញា ទៅនឹងការ​ទាក់ទង​តាមវិទ្យុ។ ប្រមាណជា១ម៉ោងកន្លះក្រោយមក យន្ដហោះប្រដេញធុន F-15 ត្រូវបាន​បញ្ជូនមកហោះ​អម​យន្ដហោះ​ឯកជននេះ រហូតដល់យន្ដហោះ បានហោះចូលក្នុងដែនអាកាស របស់ប្រទេសគុយបា។

លោក ចូសេហ្វ ម័រ៉ែល (Joseph Morelle) តំណាងរាស្ត្រមួយរូបពីរដ្ឋញ៉ូយក បានថ្ងែងឡើងថា យ៉ាងហោច​ណាស់ មនុស្សពីរនាក់នៅលើយន្ដហោះម៉ាស៊ីទោលនេះ ទំនងជាបានស្លាប់ ក្នុងនោះម្នាក់ជាអ្នកជំនួញ​ខាង​អចលនវត្ថុ និងម្នាក់ទៀតជាភវិយារបស់អ្នកជំនួញរូបនោះ។

បើតាមសាក្សីច្បាស់ការណ៍មួយរូប ដែលនិយាយក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់ទូរទស្សន៍ NBC News ថា អ្នកបើកបរយន្ដហោះ បានបាត់ស្មារតី ហើយបានដេកដួលនៅក្នុងកៅអីបើកបររហូត។ សម្រាប់​អាជ្ញាធរនៃប្រទេសចាម៉ៃអីកវិញ ក៏បានគិតដែរថា យន្ដហោះអាចធ្លាក់នៅក្នុងឈូងសមុទ្ររបស់ខ្លួន ដោយ​សារ​តែ​បានឃើញប្រេងសាំងយន្ដហោះ បានអណ្ដែតមកជិតតំបន់ឆ្នេររបស់ខ្លួន។ ការរុករកតួ​យន្ដហោះ ត្រូវ​បាន​បន្ត​ធ្វើ នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីបានផ្អាក នៅយប់ថ្ងៃសុក្រ។ នាវាអាមេរិកមួយគ្រឿង គ្រោង​​នឹង​​ទៅ​ដល់​តំបន់​នោះ ដើម្បីផ្ដល់សន្ទុះដល់ការរុករកដូចគ្នា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...