4U9525៖ ជំនួយការបើកបរយន្ដហោះ ស្វែងរកសម្លាប់ខ្លួន តាម iPad
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ១៩ មេសា ២០១៥
- កែប្រែចុងក្រោយ: April 20, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការទម្លាយបន្ថែមទៀត នៃសារព័ត៌មានអាមេរិក «The New York Times» ទាក់ទងនឹងសំនុំរឿង ធ្លាក់យន្ដហោះអ៊ែប៊ូស របស់ក្រុមហ៊ុនអាកាសចរណ៍ ហ្សែរមេនវីង របស់អាល្លឺម៉ង់ នៅលើជួរភ្នំអាលព៍ ភាគខាងត្បូងនៃប្រទេសបារាំង បានបង្កឲ្យអ្នកធ្វើដំណើរ តាមយន្ដហោះ កាន់តែមានអារម្មណ៍តក់ស្លុតខ្លាំងឡើង។ ក្រុមអ្នកស៊ើបអង្កេតបាន ចូលទៅឆែកឆេរក្ដារបញ្ជា iPad របស់យុវជនជំនួយការ បើកបរយន្ដហោះ លោក អេនឌ្រៀស លូបីត្ស៍ (Andreas Lubitz) ហើយបានរកឃើញ ថាយុវជននេះ មានគម្រោងស្វែងរក ការសម្លាប់ខ្លួន ឲ្យប្លែកៗ តាំងពីយូរណាស់មកហើយ។
នៅក្នុងទិន្នន័យរុករក នៃក្ដាបញ្ជា iPad គេឃើញមានស្លាកស្នាមរុករក ស្វែងយល់ពីការបាត់ខ្លួន កាលពីខែមីនា ឆ្នាំ២០១៤ នៃយន្ដហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ និងការរុករក ការធ្លាក់យន្ដហោះ កាលពីឆ្នាំ២០១៣ របស់ក្រុមហ៊ុន ម៉ូហ្សំបិកអ៊ែរឡាញ (Mozambique Airlines) ក្នុងប្រទេសណាមីប៊ី (Namibie) ដែលជាករណីប៉ុនប៉ង របស់អ្នកបើកបរ ក្នុងការបើកទម្លាក់យន្ដហោះ ដើម្បីសម្លាប់ខ្លួន នៅពេលនោះ។
ទាំងនេះ ជាភស្ដុតាងថ្មីៗទៀត បង្ហាញថា ជំនួយការបើកបរយន្ដហោះ បានធ្វើការសិក្សាយ៉ាងស៊ីជម្រៅ នៃរបៀបរបបធ្វើអត្តឃាត តាមរយៈយន្ដហោះ ដែលខ្លួនបើក។
មិនត្រឹមតែនិយាយ ពីក្ដាបញ្ចា iPad ខាងលើនេះទេ តែសារព័ត៌មានក៏បានទម្លាយផងដែរ ទាក់ទងនឹងកង្វះខាត នៃការតាមដាម ផ្នែកសុខភាពផ្លូវចិត្ត របស់ជំនួយការយន្ដហោះ ពីសំណាក់ក្រុមហ៊ុន ហ្សែរមេនវីង និងក្រុមហ៊ុន លូថាស្សា (Lufthansa) ក្រុមហ៊ុនដ៏ធំមួយទៀត របស់អាល្លឺម៉ង់ ។ សារព័ត៌មានអាមេរិក បានចង្អុលទៅក្រុមហ៊ុនទាំងពីរថា៖ «វប្បធម៌ ដែលបានចាត់ទុកអ្វីៗ ថាជាជីវិតឯកជន របស់អ្នកបើកបរយន្ដហោះ បានបង្កឲ្យមាន នូវភាព"ខ្វាក់ងងឹត"មួយឡើង នៅចំពោះស្ថានភាព នៃជំងឺផ្លូវចិត្តពិតប្រាកដ របស់ជំនួយការបើកបរយន្ដហោះ»។
សារព័ត៌មាន «The New York Times» បានសរសេរទៀតថា បើទោះជាអ្នកជំនាញ បានសរសេរប្រាប់ក្រុមហ៊ុន ពីការវិន្និច្ឆ័យរបស់ពួកគេ ហាមមិនឲ្យយុវជន លូបីត្ស៍ មិនឲ្យធ្វើការនោះក៏ដោយ តែផ្ទុយទៅវិញ យុវជនរូបនេះ បែរជាអាចបន្តការហ្វឹកហាត់ គម្រោងការបើកបរយន្ដហោះ រហូតបានឡើងមកកាន់ចង្កូតយន្ដហោះ តែម្នាក់ឯងនោះថែមទៀត។
សូមបញ្ជាក់ឡើងវិញថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ យន្ដហោះ របស់ក្រុមហ៊ុន ហ្សែរមេនវីង ដែលធ្វើអាជីវកម្មថោកថ្លៃ និងជាផ្នែកមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ លូថានស្សា បានធ្លាក់បុកភ្នំ ក្នុងតំបន់ភាគខាងត្បូង នៃប្រទេសបារាំង បន្ទាប់ពីបានហោះភ្ជាប់ ជើងហោះហើរលេខ 4U9525 ពីក្រុង បាសឺឡូន (Barcelone) ប្រទេសអេស្ប៉ាញ ឆ្ពោះទៅ ក្រុង ឌូសែលដ័រ (Düsseldorf) ប្រទេសអាល្លឺម៉ង់ ជាមួយនឹងអ្នកដំណើរ ១៤៤នាក់ ព្រមទាំងបុគ្គលិកបម្រើ លើយន្ដហោះ ៦នាក់៕