MH370៖ សាក្សីច្បាស់ការណ៍ បានឃើញយន្ដហោះ ហោះកាត់កោះម៉ាលឌីវ
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៤ មេសា ២០១៥
- កែប្រែចុងក្រោយ: April 05, 2015
- ប្រធានបទ: បាត់យន្ដហោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីចុងឆ្នាំ២០១៤ ការដាក់ការចោទប្រកាន់ ទៅលើមូលដ្ឋានយោធាអាមេរិក ថាបានជាប់ពាក់ព័ន្ធ ទៅនឹងការបាត់ខ្លួន របស់យន្ដហោះ MH370 របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួន យ៉ាងអាថ៌កំបាំង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤នោះ ត្រូវបានលោក ម៉ាក ឌុយហ្គាំង (Marc Dugain) អតីតនាយកក្រុមហ៊ុន អាកាសចរណ៍បារាំងមួយ ឈ្មោះ ប្រូស្ទ័រ (Proteus) យកមកសរសេរ នៅក្នុងសៀវភៅដ៏វែងអន្លាយមួយ។ លោកបានលើកយកសាក្សី ជាអ្នកភូមិមួយចំនួន និងភស្ដុតាងដ៏សំខាន់ គឺប្រដាប់ពន្លត់អគ្គិភ័យ របស់យន្ដហោះប៊ូអីង (Boeing 777) ដែលត្រូវបានរកឃើញ មកទើរនៅលើឆ្នេរ របស់កោះមួយ នៃប្រជុំកោះម៉ាឌីវ កណ្ដាលមហាសមុទ្រ និងនៅខាងត្បូងប្រទេសឥណ្ឌា។
ប៉ុន្តែការរកឃើញរបស់លោក មិនសូវជាមាននរណាម្នាក់ វាយតម្លៃថាជាការពិតនោះទេ ដោយសារមតិមួយចំនួន បានចាត់ទុកថា ការលើកឡើងរបស់លោក ឌុយហ្គាំង មានលក្ខណៈពាណិជ្ជកម្ម ចង់ឲ្យសៀវភៅរបស់គាត់លក់ដាច់។ សូមអានអត្ថបទនេះឡើងវិញ ដោយចុចនៅលើនេះ។
រហូតមកដល់ថ្ងៃសៅរ៍ទី ៤ ខែមេសានេះ សារព័ត៌មាន «The Australian» របស់ប្រទេសអូស្ត្រាលី បានត្រឡប់មកបញ្ជាក់ឡើងវិញ ពីការសង្ស័យនេះ ហើយបានវាយតម្លៃថា ជាការអះអាងមួយ ដែលអាចយកជាការបាន។ ក្រុមអ្នកភូមិ ដែលរស់នៅលើកោះ គូដាហូវ៉ាដូ (Kudahuvadhoo មើលផៃនទីខាងក្រោម) នៃប្រជុំកោះម៉ាឌីវ បានបញ្ជាក់ប្រាប់សារព័ត៌មានមួយនេះ ដែលបានចុះទៅអង្កេតផ្ទាល់ ថាពួកគេបានឃើញ យន្ដហោះមួយ ដែលហោះនៅកំពស់ដ៏ទាប នាព្រឹកព្រលឹមថ្ងៃ ដែលយន្ដហោះបានបាត់ខ្លួន។ ពួកគេបានបញ្ជាក់ច្បាស់ៗថា ថ្ងៃនោះ គឺថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤។
ក្រុមអ្នកភូមិ ដែលអះអាងថា ពួកគេមិនដែលស្គាល់យន្ដហោះ របស់ក្រុមហ៊ុនម៉ាឡេស៊ីនោះ បាននិយាយថា បានឃើញស្លាកសញ្ញា ក្រហម ខៀវ នៃក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ ដោយហេតុមកពីយន្ដហោះ បានហោះនៅទាប រហូតពួកគេមើលឃើញនឹងភ្នែកបាន។ អ្នកភូមិមួយចំនួនទៀត ថែមទាំងបានបញ្ជាក់ថា ពួកគេបានឮស្នូរ សម្លេងផ្ទុះដ៏ខ្លាំងមួយ ចេញពីកណ្ដាលសមុទ្រនោះផង។
សូមបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេត រុករកយន្ដហោះ មិនដែលបានកំណត់ មុខព្រួញរុករករបស់ពួកគេ ឆ្ពោះមកប្រជុំកោះ ម៉ាឌីវ នេះឡើយ។ តែផ្ទុយទៅវិញ ពួកគេបែរជានាំគ្នារុករុក នៅតំបន់លំហខាងត្បូង នៃមហាសមុទ្រឥណ្ឌា ខាងលិចក្បែរនឹងកោះអូស្ត្រាលីទៅវិញ។ កន្លែងរុករក របស់ក្រុមអ្នកស៊ើបអង្កេត ចម្រុះជាតិសាសន៍នោះ មានចំងាយប្រមាណជា ៥០០០គីឡូម៉ែត្រ ពីកោះ គូដាហូវ៉ាដូ ហើយមិនបាននាំមក នូវលទ្ធផលអ្វី គួរឲ្យមានសង្ឃឹមនោះទេ។
រីឯបរិមាណ នៃប្រេងឥន្ទនៈ ដែលមាននៅលើយន្ដហោះវិញ ត្រូវបានគេគណនាឃើញថា យន្ដហោះអាចហោះ ពីប្រទេសម៉ាឡេស៊ី ទៅហួសប្រជុំកោះ ម៉ាឌីវ នោះបាន។
កាលពីខែមីនាកន្លងទៅ អាជ្ញាធរនៃកោះ ម៉ាឌីវ បានចេញមកអះអាងថា គ្មានយន្ដហោះណាមួយ បានហោះកាត់ ពីលើលំហអាកាសរបស់ខ្លួន ក្នុងថ្ងៃដែលយន្ដហោះ MH370 បានបាត់ខ្លួននោះទេ។ ប៉ុន្តែសម្រាប់ក្រុមអ្នកភូមិ បានបរិហារការអះអាងនេះថា ជាវិធីសាស្ត្រមួយ ក្នុងការបិទបាំង ពីសមត្ថភាពរបស់អាជ្ញាធរ ក្នុងការចាប់ប្រព័ន្ធហោះហើរ នៅលើលំហអាកាសរបស់ខ្លួន ដែលអាជ្ញាធរធ្វើមិនបាន។ អ្នកភូមិថែមទាំងបាន សុំឲ្យក្រុមអ្នកស៊ើបអង្កេត ធ្វើដំណើរមកជួបពួកខ្លួន ដើម្បីអាចដឹងពីហេតុការណ៍នេះ កាន់តែច្បាស់ និងគាស់សំនុំរឿង ដែលគេចង់បំភ្លេចនេះឡើងវិញ នោះទៀត៕