គីម ជុងអ៊ុន ចង់បានស្ត្រី ដែល«ស្អាតៗបំផុត» មកនៅក្បែរខ្លួន
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ មេសា ២០១៤
- កែប្រែចុងក្រោយ: April 04, 2015
- ប្រធានបទ: សិល្បៈ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទម្លាប់ជា«ប្រពៃណី» របស់អគ្គមគ្គទេសក៍ជាន់ខ្ពស់ របស់ប្រទេសកុម្មុយនីស កូរ៉េខាងជើង ដែលត្រូវបានបញ្ឈប់ លែងឲ្យប្រារព្ធ នៅខែធ្នូឆ្នាំ២០១១ បន្ទាប់ពីមរណភាព របស់«កូនបីតាជាតិ» លោក គីម ជុងអ៊ីល (Kim Jong-il) នោះមក ទើបតែត្រូវបានបើក ឲ្យមានឡើងវិញ ដោយ«ចៅបីតាជាតិ»ដ៏មហិមា លោក គីម ជុងអ៊ុន (Kim Jong-un) នៅពេលនេះ។ អគ្គមគ្គទេសក៍វ័យក្មេង ទើបនឹងបញ្ជាឲ្យបង្កើតឡើងវិញ នូវ«ក្រុមកំសាន្ដ» ដាក់ក្បែរខ្លួនលោក ដោយប្រមូល ជ្រើសយកស្ត្រីៗ មកពីគ្រប់ទិសទីទាំងអស ក្នុងប្រទេស មកដាក់ចូលជាសមាជិក។ នេះបើតាម សារព័ត៌មានអង់គ្លេស «The Telegraph» ដែលបានស្រង់ប្រភពព័ត៌មាន ពីប្រទេសកូរ៉េខាងត្បូង បានធ្វើរបាយការណ៍លំអិត ពីអាថ៌កំបាំងដ៏រសើប។
«ក្រុមកំសាន្ដ» ដែលមានសមាសភាព ពោរពេញដោយ ស្ត្រីក្មេងៗស្អាតៗ រាប់បញ្ចូលទាំងអ្នកចំរៀង អ្នកភ្លេង ទាំងអ្នករបាំនោះ ត្រូវទទួលបន្ទុក កំដរនូវការហត់នឿយ ទាំងឡាយ របស់មេដឹកនាំជាន់ខ្ពស់ របស់ប្រទេសកុម្មុយនីស ដែលបិទទ្វាជិតឈឹង មិនសូវមានអ្នករាប់រក។
តាំងពីបានឡើងស្នងតំណែង ជាមេដឹកនាំ«ដ៏ភ្លឺស្វាង» របស់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីមរណភាពរបស់ឪពុកខ្លួនរួច លោក គីម ជុងអ៊ុន មិនបានត្រឡប់មកនឹកឃើញ ទម្លាប់នេះដែលបានបង្កើតឡើង ដោយជីតារបស់លោក ឈ្មោះ គីម អ៊ីលស៊ុង (Kim Il-sung) ដែលជា«បីតាជាតិ» និងជាស្ថាបនិក នៃរបបកុម្មុយនីសមួយនេះឡើយ។ ប៉ុន្តែប្រសិនបើលោក មិនបាននឹកឃើញនេះ មិនមែនគ្មានមូលហេតុនោះទេ។ មូលហេតុ បណ្ដាលមកពីភាព«មិនទុកចិត្ត» ទៅលើកម្មវិធីនេះ។
លោកសាស្ត្រាចារ្យជាតិជប៉ុន តូស្សីមីស៊ូ ស្សីជឺមូរ៉ា (Toshimitsu Shigemura) ជំនាញខាងកិច្ចការប្រទេសកូរ៉េខាងជើង នៅសកលវិទ្យាល័យ វ៉ាសេដា (Waseda) នៃរាជធានី តូក្យូ បានថ្លែងប្រាប់សារព័ត៌មានអង់គ្លេសថា៖ «នៅពេលបានឡើង មកដឹកនាំប្រទេស គីម ជុងអ៊ុន មិនបានទុកចិត្តនរណា សូម្បីតែម្នាក់ ហើយថែមទាំង បានដឹកនាំឲ្យធ្វើការអង្កេត ទៅលើនរណាក៏ដោយ ដែលនៅជុំវិញខ្លួន ជាពិសេសមនុស្ស ដែលមានអំណាចខ្លាំងៗ នៃគណបក្សកុម្មុយនីស»។
ស្ត្រីស្អាតៗ នៅក្នុង«ក្រុមកំសាន្ដ» កាលពីពេលនោះ ជាអ្នកជិតដិត របស់មនុស្សកាន់តំណែងធំៗ ដែលនៅក្បែរ នឹងមេដឹកនាំផ្ដាច់ការរួបនេះ។ ហេតុដូច្នេះហើយ ទើបមេដឹកនាំវ័យក្មេង ដែលទើបនឹងបានតំណែង ស្នងពីឪពុក សុខចិត្តប្រយ័ត្នប្រយ៉ែង និងស្ទាបស្ទង់ស្ថានការណ៍ជាមុនសិន មុននឹងបើកឲ្យក្រុមសិល្បៈនេះ មានរូបរាងឡើងវិញ៕