វិបត្តិឧបទ្វីបកូរ៉េ៖ អាមេរិកបានកំណត់ច្បាស់ នឹង«ការពារ»ជប៉ុន
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាមេរិក កំណត់យ៉ាងច្បាស់ ថានឹងការពារប្រទេសជប៉ុន។ នេះជាការប្រកាស របស់ប្រមុខការទូតអាមេរិក លោក ចន ឃែរី (John Kerry) នាទីក្រុងតូក្យូនៅថ្ងៃអាទិត្យទី១៤ខែមេសានេះ ក្នុងដំណើរចុងក្រោយបង្អស់ នៃបេសកកម្មការទូតរបស់លោកនៅតំបន់អាស៊ី។
លោកចន ឃេរី និងលោក ហ៊្វូមីយ៉ូ គីស្សីដា នៅក្នុងសន្និសិតកាសែតរួមគ្នា។
«សហរដ្ឋអាមេរិក ពិតជាបានកំណត់យ៉ាងច្បាស់ ថានឹងការពារប្រទេសជប៉ុន» នេះជាការបញ្ជាក់ របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោកចន ឃេរី នៅក្នុងសន្និសិតកាសែត ជាមួយនឹងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហ៊្វូមីយ៉ូ គីស្សីដា (Fumio Kishida) នៅបន្ទាប់ពីជំនួបរវាងគ្នារួចមក។ កាលពីថ្ងៃសុក្រ ប្រទេសកូរ៉េខាងជើង បានគម្រាមប្រទេសជប៉ុន ពីការវាយលុក«នុយក្លេអ៊ែរ»មួយ ក្រោយពេលដែលទីក្រុងតូក្យូ បានសម្រេចពង្រាយប្រព័ន្ធចាប់កាំជ្រួចរបស់ខ្លួន ប្រឆាំងកាំជ្រួចកូរ៉េខាងជើង ក្នុងករណីមានការគម្រាមណាមួយ មកលើទឹកដីជប៉ុន។
ក្រុមអ្នកវិភាគ ភូមិសាស្ត្រនយោបាយ បានវាយតម្លៃថា កូរ៉េខាងជើ់ងទំនងជា មិនបានកំណត់យកប្រទេសជប៉ុន ជាមុខព្រួញរបសខ្លួន ដោយចំហរទេ។ តែវិធានការការពារ ដែលសម្រេចដោយទីក្រុងតូក្យូ គ្រាន់តែចង់បង្កា ក្នុងករណីកាំជ្រួចកូរ៉េខាងជើងណាមួយ ត្រូវបានសាកល្បងបាញ់ចេញមក ខុសទិសដៅឬមានបញ្ហាជាយថាហេតុនោះជាដើម។
របបក្រុងព្យុងយ៉ាង អាចនឹងធ្វើការបាញ់សាកល្បងកាំជ្រួចរយៈខ្លី ឬមធ្យមនៅក្នុងថ្ងៃទី១៥ខែមេសានេះ ដែលជាថ្ងៃខួបកំណើតរបស់លោក គីម អ៊ីលស៊ុង (Kim Il-sung) ស្ថាបនិកដ៏មហិមានៃប្រទេសកូរ៉េខាងជើង និងត្រូវជាជីតាបង្កើតរបស់មេដឹកនាំវ័យក្មេងសព្វថ្ងៃ លោក គីម ជុងអ៊ុន (Kim Jong-un)។ លោកប្រមុខការទូតអាមេរិក ធ្លាប់បាននិយាយរួចហើយថា ការបាញ់សាកល្បងណាមួយក៏ដោយ នឹងជា«កំហុសដ៏ធំមួយ» របស់របបកុម្មុយនីស។
ទស្សនកិច្ចនៅចិន
ទាក់ទងនឹងដំណើរទស្សនកិច្ច នៅក្នុងប្រទេសចិនកាលពីថ្ងៃសៅរ៍ លោកឃែរី បានបញ្ជាក់ក្នុងសន្និសិតកាសែតដដែលថា មានភាពវិជ្ជមាន និងក្ដីសង្ឃឹមដ៏អស្ចារ្យ ដែលប្រទេសចិនបានសន្យានឹងសហការគ្មា ដើម្បីអោយស្ថានភាពតានតឹងនេះ ប្រែជាស្ងប់ស្ងាត់វិញ។ នៅទីក្រុងប៉េកាំង ទីក្រុងដែលលោកបានធ្វើដំណើរមកដល់ ក្រោយពីទីក្រុងសេអ៊ូល និងមុនទីក្រុងតូក្យូនោះ លោកប្រមុខការទូតអាមេរិក បានស្នើសុំកិច្ចអន្តរាគមន៍ជា«បន្ទាន់»មួយ ទៅកាន់ប្រធានាធិបតីចិន លោក ស្សី ជីនភីង (Xi Jinping) ស្ដីពីវិបត្តិនៅឧបទ្វីបកូរ៉េ។
ចិនសម្ព័ន្ធមិត្តតែមួយគត់ របស់ទីក្រុងព្យុងយ៉ាង ទំនងជាមានឥទ្ធិពលអាចឃាត់របបនេះ កុំអោយប្រព្រឹត្តិអំពើ«ខុស»ណាមួយ ដែលជ្រុលជ្រួសបាន។ «អំពើជ្រុលជ្រួស» ដែលអាមេរិកយល់ថា នឹងឈានទៅរកស្ថានភាពដ៏អាក្រក់មួយ មិនអាចកែប្រែបាន៕
-------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ