វិបត្តិឧបទ្វីបកូរ៉េ៖ អាមេរិកត្រៀមចរចារ «បាល់»ស្ថិតនៅខាងទីក្រុងព្យុងយ៉ាង
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សហរដ្ឋអាមេរិក នៅតែបើកទ្វាចំហរ នូវរាល់ការចរចារដោយស្មោះស្ម័គ្រ និងភាតរភាព ដើម្បីការរំសាយអាវុធនុយក្លេអ៊ែរ ប្រសិនបើកូរ៉េខាងជើង បោះជំហានមួយមក។ នេះជាការប្រកាសអោយដឹង របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ឃែរី (John Kerry) នៅថ្ងៃច័ន្ទទី១៥ខែមេសានេះ ក្នុងសុន្ទរកថាបិតបញ្ចប់ ដំណើរទស្សនកិច្ចរបស់លោកនៅជប៉ុន និងនៅអាស៊ីខាងកើត។ «បាល់កំពុងស្ថិតនៅ ខាងទីក្រុងព្យុងយ៉ាង»។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ឃែរី ។
លោកចន ឃែរី បានឆ្លងកាត់តាមទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ទីកន្លែងដែលលោកបានអះអាងជាថ្មី នូវការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន មកសម្ព័ន្ធមិត្តកូរ៉េខាងត្បូងរបស់ខ្លួន។ បន្ទាប់មកទៀត ប្រមុខការទូតអាមេរិក បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង មុននឹងមកដល់ទីក្រុងតូក្យូប្រទេសជប៉ុន ក្នុងថ្ងៃអាទិត្យទី១៤ខែមេសា។ ក្នុងសុន្ទរកថានោះ លោកបានបញ្ជាក់ថា «រឿងមួយដែលច្បាស់ គឺយើងរួមគ្នាតែមួយ»។
លោកឃេរី បានពន្យល់ថា «គម្រោងដ៏គ្រោះថ្នាក់ នៃកាំជ្រួចនុយក្លេអ៊ែរ របស់កូរ៉េខាងជើង មិនបានគម្រាមតែប្រទេសនៅជិតខាងប៉ុណ្ណោះទេ តែបានគម្រាមដូចគ្នាប្រជាជានកូរ៉េខាងជើងខ្លួនឯងដែរ»។ លោកបានអំពាវនាវ ទីក្រុងព្យុងយ៉ាង អោយបោះជំហានសំខាន់ៗរបស់ខ្លួន ដើម្បីបង្ហាញថា កូរ៉េខាងជើងអោយតម្លៃលើ កិច្ចសន្យារបស់ខ្លួន រួមនឹងច្បាប់ទម្លាប់ និងក្បួនខ្នាតអន្តរជាតិផង។
ខួបកំណើតរបស់គីម អ៊ីលស៊ុង
តាំងពីព្រឹកព្រលឹមថ្ងៃច័ន្ទទី១៥នេះម្លេះ មេដឹកនាំវ័យក្មេង គីម ជុងអ៊ុន (Kim Jong-Un) បានចូលមកកាន់វិមានតំកល់សព ដែលមានសពឪពុក និងសពជីតារបស់លោក ត្រូវបានតំកល់រក្សារូបរាងរហូតមកទល់នឹងសព្វថ្ងៃនេះ។ លោកគីម អ៊ីលស៊ុង (Kim Il-Sung) ជីតារបស់លោកគីម ជុងអ៊ុន និងជាស្ថាបនិកនៃរបបកុម្មុយនីស ត្រូវបានគេប្រារព្ធពិធីខួបកំណើត ១០១ឆ្នាំ នៅថ្ងៃនេះ។
នៅតាមកញ្ចក់ទូរទស្សន៍រដ្ឋរបស់ប្រទេស គេឃើញមានការផ្សព្វផ្សាយឡើងវិញ ពីប្រវត្តិនៃអតីតអគ្គមគ្គុទេសដ៏ថ្លៃថ្លា និងរូបភាពកងទ័ពកំពុងហ្វឹកហាត់យុទ្ធសាស្ត្រ។ កងទ័ព បានប្រមូលគ្នាមកជុំ មូលមីដេរដាស ដើម្បីប្រារព្ធពិធីខួបកំណើតនេះ។ ជាញយដង ទីក្រុងព្យុងយ៉ាងតែបានប្រារព្ធខួបកំណើររបស់មេដឹកនាំរបស់ខ្លួន ដោយការសាកល្បងកម្លាំងយោធា និងបាញ់កាំជ្រួចអន្តរទ្វីប។ តែការបាញ់សាកល្បងណាក៏ដោយក្នុងពេលនេះ លោកចន ឃែរីបានចាត់ទុកថា ជា«កំហុសដ៏ធំមួយ» របស់របបកុម្មុយនីស។
ភាពតានតឺងនៅលើឧបទ្វីបកូរ៉េ បានកើនឡើងខ្លាំង បន្ទាប់ពីទណ្ឌកម្មរបស់អ.ស.ប. សម្រេចដាក់លើកូរ៉េខាងជើង ដើម្បីជាការឆ្លើយតប នឹងការសាកល្បងនុយក្លេអ៊ែររបស់ប្រទេសនេះ ធ្វើឡើងពីដើមខែកុម្ភះ កន្លងមក និងសមយុទ្ធយោធាររវាងកូរ៉េខាងត្បូងនិងអាមេរិក ធ្វើឡើងកាលពីពេលថ្មីៗនេះ។ ទីក្រុងព្យុងយ៉ាង ទើបនឹងគម្រាមប្រទេសជប៉ុន កាលពីថ្ងៃសុក្រទី១២មេសានេះ ពីការវាយប្រហារនុយក្លេអ៊ែរមួយ នៅបន្ទាប់ពីទីក្រុងតូក្យូបានពង្រាយប្រព័ន្ធឆែល ប្រឆាំងកាំជ្រួចរបស់កូរ៉េខាងជើង ដែលបាញ់មកគម្រាមទឹកដីជប៉ុន។
ប៉ុន្តែរហូតមកទល់បច្ចុប្បន្ន ការខឹកសម្បារទាំងឡាយរបស់កូរ៉េខាងជើង បានធ្វើឡើងត្រឹមតែជាពាក្យសម្ដីប៉ុណ្ណោះ។ ប្រមុខការទូតអាមេរិក ក្នុងដំណើរឆ្លងកាត់ទីក្រុងប៉េកាំង បានជម្រុញអោយចិន បង្ក្រាបសម្ព័ន្ធមិត្តកុម្មុយនីសរបស់ខ្លួនមួយនេះ ដែលមានសេដ្ឋកិច្ចរស់បាន ដោយសារការផ្ដល់ដង្ហើមអោយដក របស់ចិន។ រដ្ឋមន្ត្រីការបរទេសចិន លោកវាង យី (Wang Yi) បានថ្លែងថា «ប្រឈមមុខដោះស្រាយ បញ្ហានុយក្លេអ៊ែរនៅកូរ៉េ ជាផលប្រយោជន៍ របស់គ្រប់ភាគីទាំងអស់»៕
-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ