ព្រំដែនកម្ពុជាថៃ៖ ភាគី​ត​តាំង​ក្ដី ជួប​គ្នា​នៅ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ (វីដេអូ)

ការជជែកតតាំងក្ដី ដែលត្រូវមានរយៈពេលច្រើនជាងមួយសប្ដាហ៍ ត្រូវបានបើកនៅថ្ងៃច័ន្ទទី១៥ខែមេសានេះ នៅតុលាការយុត្តិធម៌អន្តរជាតិ ដែលមានទីតាំងនៅទីក្រុងឡាអេ ប្រទេសហូឡង់។ សវនាការនេះបានកើតឡើង នៅបន្ទាប់ពីប្រទេសកម្ពុជាបានដាក់ពាក្យបណ្ដឹងឡើងទៅតុលាការ កាលពីខែមេសាឆ្នាំ២០១១ ដើម្បីសុំអោយបកស្រាយ អោយបានច្បាស់នូវសាលក្រមរបស់តុលាការនេះ ចេញសម្រេចកាលពីឆ្នាំ១៩៦២ ទៅលើបូរណភាពដែនដីរបស់កម្ពុជា នៅជុំវិញប្រាសាទព្រះវិហារ ដ៏មានចំណាស់របស់ខ្មែរ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: April 15, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កម្ពុជានិងថៃបានកំពុងតតាំងគ្នា ចាប់ពីថ្ងៃច័ន្ទទី១៥ខែមេសានេះទៅ នៅចំពោះមុខតុលាការជាន់ខ្ពស់ របស់អង្គការសហ-​ប្រជាជាតិ (អ.ស.ប.) នៅជុំវិញសំនុំរឿងព្រំដែនដ៏ចម្រូងចម្រាស់ ស្ថិតនៅក្បែរប្រាសាទព្រះវិហារខ្មែរ។


សវនាការកាត់ក្ដី នៅថ្ងៃច័ន្ទទី១៥ខែមេសានេះ នៅតុលាការយុត្តិធម៌អន្តរជាតិ។ (រូបថតផ្ដិតពីអេក្រង់វីដែអូ របស់សាលាក្ដី)

ការជជែកតតាំងក្ដី ដែលត្រូវមានរយៈពេលច្រើនជាងមួយសប្ដាហ៍ ត្រូវបានបើកនៅថ្ងៃច័ន្ទទី១៥ខែមេសានេះ នៅតុលាការ​យុត្តិធម៌អន្តរជាតិ ដែលមានទីតាំងនៅទីក្រុងឡាអេ ប្រទេសហូឡង់។ សវនាការនេះបានកើតឡើង នៅបន្ទាប់ពី​ប្រទេស​កម្ពុជា បានដាក់ពាក្យបណ្ដឹងទៅតុលាការ កាលពីខែមេសាឆ្នាំ២០១១ ដើម្បីសុំអោយបកស្រាយ អោយបានច្បាស់នូវ​សាលក្រមរបស់តុលាការនេះ ចេញសម្រេចកាលពីឆ្នាំ១៩៦២ ទៅលើបូរណភាពដែនដីរបស់កម្ពុជា នៅជុំវិញប្រាសាទ​ព្រះវិហារ ដ៏មានចំណាស់របស់ខ្មែរ។

ប្រទេសជិតខាងទាំងពីរ បានមើលមុខគ្នាមិនចំ នៅក្នុងជម្លោះដណ្ដើមទឹកដី ដែលមានផ្ទៃក្រឡា៤,៦គីឡូម៉ែត្រក្រឡា។ ទឹកដីដែលនៅជុំវិញប្រាសាទព្រះវិហារនេះ បានត្រូវទាមទារដោយប្រទេសថៃ តែត្រូវបានបដិសេធ​ដាច់អហង្កាដោយ​ប្រទេសកម្ពុជា។ ថ្ងៃច័ន្ទទី១៥ខែមេសានេះ ជាវេនរបស់កម្ពុជា ដែលត្រូវបកស្រាយនៅចំពោះចៅក្រមនៃសាលាក្ដី។ ចំណែកប្រទេសថៃ នឹងចូលខ្លួនមកពន្យល់ទៅតុលាការ ក្នុងវេនរបស់ខ្លួន នៅថ្ងៃពុធខាងមុខ។ សាលក្រម ដែលជាការ​បកស្រាយរបស់តុលាការអន្តរជាតិ ទៅលើសាលក្រមសម្រេចឆ្នាំ១៩៦២ ទំនងជានឹងត្រូវប្រកាស ក្នុងខែកញ្ញាឆ្នាំ២០១៣​ខាងមុខ។

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកហោណាំហុង បានប្រកាសនៅមុខចៅក្រម ក្នុងសវនាការថា «បើគ្មានការបកស្រាយ លើ​សាលក្រមឆ្នាំ១៩៦២ទេនោះ ស្ថានភាពនឹងអាចនាំអោយមានផលវិបាក (...) ហើយទំនាក់ទំនងជាមួយថៃ នឹងមិនអាច​នៅ​ក្នុងបរិដ្ឋានមួយ ដែលមានមិត្តភាព និងសហប្រតិបត្តិការទេ នៅពេលអនាគត»។

នៅមុនសវនាការបន្តិច លោកបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ថា ប្រទេសរបស់លោក រងការ​គម្រាមដោយការរំលោភឈ្លានពាន ពីសំណាក់កងទ័ពថៃ។ លោកបញ្ជាក់ថា «បញ្ហាសំខាន់ គឺថៃមិនបានគោរព​សាលក្រម​ឆ្នាំ១៩៦២ ហើយនៅឆ្នាំ២០០៨ ថៃបានទាមទារទឹកដី៤,៦គីឡូម៉ែត្រក្រឡា នៅជុំវិញប្រាសាទ។ តាមសាលក្រម​ឆ្នាំ១៩៦២ ទឹកដីនៅជុំវិញប្រាសាទព្រះវិហារ ក៏ជារបស់កម្ពុជាដែរ។»

ការផ្ទុះអាវុធទ្រង់ទ្រាយធំ បានកើតឡើងរវាងកងទ័ពនៃប្រទេសទាំងពីរ នៅតាមបណ្ដោយព្រំដែន កាលពីខែកុម្ភះ និង​ខែ​មេសាឆ្នាំ២០១១ បណ្ដាលអោយមានស្លាប់ ទាំងសងខាងយ៉ាងតិច២៨នាក់។ កាលពីឆ្នាំមុនៗ កន្លងទៅ ការផ្ទុះអាវុធ​ផ្សេង​ទៀតជាច្រើន ក៏បានកើតឡើងដែរ តែមានចំនួនមនុស្សស្លាប់ តិចជាង។ ស្ថានភាពតានតឹងរវាងប្រទេសទាំងពីរ បានស្ងប់-​ស្ងាត់មកវិញ នៅបន្ទាប់ពីការឡើងមកកាន់អំណាច របស់នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ប្អូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ដែលជាមិត្តភ័ក្រយ៉ាង​ជិត​ស្និតរបស់នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

ប៉ុន្តែអគ្គមេបញ្ជាការកងទ័ពថៃដ៏មានឥទ្ធិពល ឧត្តមសេនីយប្រាយុត ចាន់អ៊ូឆា (Prayut Chan-O-Cha) បានអះអាង​កាល​ពីខែមករាថា ប្រទេសរបស់លោកអាចនឹង មិនគោរពសាលក្រមរបស់តុលាការ ដែលនឹងចេញក្នុងពេលខាងមុខ ប្រសិន​បើសាលក្រមនេះ ជារឿង«អាក្រក់» សម្រាប់ប្រជាជនថៃ៕

សូមទស្សនាវីដេអូទាំងស្រុង ពីសាលាក្ដី (ព្រឹក+ល្ងាច) នាថ្ងៃទី១៥ខែមេសាដូចតទៅ៖

--------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...