សម រង្ស៊ី ស្នើ​ឲ្យ​រដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់​ពលរដ្ឋ​នៅ​ទល់​ដែន

«យើងគ្មានកំហុសអីសោះ មិនមានកាន់អាវុធ គ្មានបំណងអាក្រក់អ្វីសោះ គ្រាន់តែចង់ឃើញដងព្រំប្រទល់ដែន គ្រាន់​តែ​ទៅ​មើល​មិន​ឲ្យ​មើល គេ (វៀតណាម) យកដំបងដេញវាយយើង។ (...) បើឃើញថាបរទេសណា មក​វាយ​ខ្មែរ ពេល​នេះ​អាជ្ញាធរ​ខ្មែរ ត្រូវ​តែ​ការពារ​ជនជាតិ​ខ្មែរ។» នេះជាការលើកឡើង របស់ប្រធានតំណាងរាស្រ្ត មតិ​ភាគ​តិច​ក្នុង​រដ្ឋសភា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៣០ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 30, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«គ្រាន់តែទៅការពារបូរណៈភាព ទឹកដីកម្ពុជា គ្រាន់តែទៅលើកទឹកចិត្តជនរងគ្រោះ (ពលរដ្ឋខ្មែរ) នៅតាម​ដង​ព្រំប្រទល់ដែន ប្រទេសជិតខាង មានឆន្ទះវាតទីយ៉ាងខ្លាំង។» នេះជាការលើកឡើង របស់លោក សម រង្ស៊ី ប្រធានក្រុមតំណាងរាស្ត្រ សម្លេងភាគតិចក្នុងរដ្ឋសភា និងជាប្រធានគណបក្សសង្គ្រោះជាតិ ក្នុងការថ្លែងទៅ​កាន់​អ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា។ មេដឹកនាំគណបក្សប្រឆាំងរូបនេះ គ្រោងថានឹង​យក​ករណី ប៉ះទង្គិចគ្នានេះ ឡើងទៅថ្នាក់ជាតិ និងអន្តរជាតិ ហើយបានស្នើទៅរដ្ឋាភិបាល ឲ្យគិតគូរយកចិត្ត​ទុក​ដាក់ ពីពលរដ្ឋខ្មែរ ដែលរស់នៅតាមព្រំដែន។

ថ្លែងនាវិមានរដ្ឋសភា ប្រធានតំណាងរាស្រ្តភាគតិចរូបនេះ បានបញ្ជាក់ថា៖ «ប្រជាពលរដ្ឋខ្មែរ នៅតាមដង​ព្រំប្រទល់ដែន រងគ្រោះដោយពួកគាត់បាត់បង់ដីស្រែ ដីចំការរបស់ពួកគាត់។ ហើយដីស្រែ ដីចំការ​របស់​កសិករ​ខ្មែរទាំងនេះ គឺជាទឹកដី នៃប្រទេសកម្ពុជាយើងទាំតអស់គ្នា។»

ការថ្លែងបស់លោក សម រង្ស៊ី បានធ្វើឡើង មួយថ្ងៃបន្ទាប់ពីហេតុការណ៍ ពើបប្រទះគ្នាមួយ រវាងក្រុម​ពលរដ្ឋ​កម្ពុជា ដែលប៉ុនប៉ងទៅមើលបង្គោលព្រំដែន ត្រង់ចំណុច ភូមិឆ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង (បង្គោលព្រំដែនលេខ២០៣) ដែលបណ្ដាលឲ្យពលរដ្ឋកម្ពុជា រងរបួសជាង១០នាក់។ ក្រុមពលរដ្ឋខ្មែរទាំង​នោះ ដែលមានចំនួនជាង១០០នាក់ ត្រូវបានរារាំង ដោយអាជ្ញាធរវៀតណាម ដែលប្រដាប់ដោយអាវុធគ្រប់ដៃ និង​ប្រជាពលរដ្ឋវៀតណាម ដែលប្រដាប់ដោយដំបង ព្រនង់សឹងតែគ្រប់ដៃដែរ។

ជាមួយនឹងការថ្កោលទោស ចំពោះអំពើហិង្សា ដែលកើតមានឡើងនោះ ប្រធានគណបក្សប្រឆាំងដ៏ល្បីឈ្មោះ បានស្នើឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់រួមកម្លាំង សាមគ្គីគ្នាដើម្បីការពារនឹងទប់ទល់ ជាមួយបរទេស ដែលកំពុងមើលងាយខ្មែរ កុំឲ្យមើលងាយខ្មែរ ធ្វើបានជនជាតិខ្មែរ មកលេបត្របាក់កម្មសិទ្ធិដីធ្លី របស់បងប្អូន នៅតាមដងព្រំប្រទល់ដែន។

លោក សម រង្ស៊ី បានស្នើឲ្យ រដ្ឋាភិបាលកម្ពុជា ឲ្យយកចិត្តទុកដាក់ជាចំបង ចំពោះបញ្ហាសុខទុក្ខ និងការ​រស់​នៅ​របស់ប្រជាពលរដ្ឋ តាមព្រំដែនទាំងនោះ និងមានកម្លាំងការពារពលរដ្ឋឯងផងដែរ ដើម្បីកុំឲ្យបរទេសមក​វាយ​ពលរដ្ឋ ដែលគ្មានកំហុសនោះ។ លោក សម រង្ស៊ី បានថ្លែងឲ្យដឹងទៀតថា៖ «រដ្ឋាភិបាល(កម្ពុជា) អាចចាត់​វិធានការ ដើម្បីការពារជនជាតិខ្មែរ។ (...) យើងចង់ឃើញមានបញ្ជា ពីរាជរដ្ឋាភិបាលទៅលើអាជ្ញាធរ តាម​មូលដ្ឋាន ថាសូមឲ្យការពារជនជាតិខ្មែរ កុំឲ្យបរទេសដេញវាយខ្មែរ។»

ចំពោះការប៉ះទង្គិចគ្នានេះ រដ្ឋាភិបាលកម្ពុជា តាមរយៈអ្នកនាំពាក្យ ទីស្តីការគណរដ្ឋមន្រ្តី លោក ផៃ ស៊ីថាន បានបង្ហាញនូវការសោកស្តាយ ចំពោះហិង្សា ដែលបានកើតមានឡើង នៅតាមព្រំដែននៃប្រទេសទាំងពីរ កម្ពុជា​-វៀតណាម រហូតបង្កទៅជារបួសស្នាមដូច្នេះ។

» សូមអានព័ត៌មានលំអិត ស្ដីពី៖ រដ្ឋាភិបាលកម្ពុជាសោកស្តាយ ចំពោះការប៉ះទង្គិច រវាង​ពលរដ្ឋ​កម្ពុជា​-វៀតណាម និង ដំណោះស្រាយ៣ របស់រដ្ឋាភិបាល ចំពោះការប៉ះទង្គិចនៅព្រំដែន

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...