កឹម សុខា ថាការលាលែងរបស់ សម រង្ស៊ី បានពិគ្រោះជាមួយថ្នាក់ដឹកនាំបក្ស
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 12, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅមុននេះបន្តិច លោក កឹម សុខា ដែលកំពុងកាន់តំណែង ជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់លោក អះអាងថា ការលាលែង ពីប្រធានគណបក្ស របស់លោក សម រង្ស៊ី ត្រូវបានធ្វើឡើង ប្រកបដោយ«កិត្តិយស» និងដោយមានការ«ពិគ្រោះ» ជាមួយថ្នាក់ដឹកនាំគណបក្ស។
លោក កឹម សុខា បានសរសេរថា៖ «ការសម្រេចចិត្តលាលែងពីប្រធាន និងសមាជិកគណបក្សសង្គ្រោះជាតិ របស់ឯកឧត្តម សម រង្ស៊ី គឺជាការសម្រេចចិត្ត ប្រកបដោយកិត្តិយស ដោយមានការពិគ្រោះយោបល់ ជាមួយថ្នាក់ដឹកនាំគណបក្ស ដើម្បីផលប្រយោជន៍ជាតិ និងគណបក្សជាធំ។»។
កាលពីល្ងាចម្សិលម៉ិញ លោក សម រង្ស៊ី មេដឹកនាំចលនាប្រឆាំងទល់នឹងការកាន់អំណាច «ដ៏ចាស់វស្សា» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលាលែង ពីតំណែងជាប្រធាន និងសមាជិកគណបក្ស តាមរយៈលិខិតមួយច្បាប់ ដែលលោកបានចុះហត្ថលេខា នៅរដ្ឋធានី ប៉ារីស ប្រទេសបារាំង ទីកន្លែងដែលលោកកំពុងរស់នៅនិរទេសខ្លួន ដើម្បីគេចចេញពីការតាមចាប់ខ្លួន របស់អាជ្ញាធរកម្ពុជា ទាក់ទងនឹងសាលក្រមជាស្ថាពរមួយ។
ប៉ុន្តែចំពោះការពិគ្រោះ ជាមួយថ្នាក់ដឹកនាំគណបក្ស ជុំវិញការលាលែងខាងលើនេះ ត្រូវបានលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ អះអាងផ្ទុយទៅវិញ។ ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» លោក យឹម សុវណ្ណ បានអះអាងថា គណបក្សមិនទទួលបានព័ត៌មាន នៃការលាលែងនេះ ជាមុននោះទេ។ ការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ ក៏មានសភាពស្រដៀងគ្នា ទៅនឹងការអះអាង របស់មន្ត្រីគណបក្សមួយចំនួនទៀត ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានជួបសុំប្រតិកម្ម ដោយផ្ទាល់ដែរ។
ក្នុងលិខិតចុះថ្ងៃទី១១ ខែកុម្ភៈនោះ លោក សម រង្ស៊ី បានពន្យល់ថា ការលាលែងពីតំណែង ជាប្រធានគណបក្សសង្គ្រោះជាតិ ដែលលោក និងលោក កឹម សុខា បានរួមគ្នាបង្កើតឡើង កាលពីឆ្នាំ២០១២ ក្នុងប្រទេសហ្វីលីពីននោះ ត្រូវបានធ្វើឡើង ក្រោម«មូលហេតុផ្ទាល់ខ្លួន»។
យ៉ាងណាក៏ដោយ ក៏ក្រុមមន្ត្រីគណបក្ស បានលើកឡើងប្រហាក់ប្រហែលគ្នា ថាលោក សម រង្ស៊ី នៅតែជាស្ថិតក្នុងបេះដូង និងជាមេដឹកនាំ របស់ពួកគេដដែល។ លោកតំណាងរាស្ត្រ អេង ឆៃអ៊ាង បានសរសេរ នៅលើគណនីហ្វេសប៊ុករបស់លោកថា៖ «ទោះលោកប្រធាន សម រង្សុី អស់ងារជាប្រធាន គណបក្សសង្គ្រោះជាតិក៏ដោយ តែនៅក្នុងបេះដូងកូនខ្មែរ លោកប្រធាន នៅតែជាប្រធានគណបក្សសង្គ្រោះជាតិដដែល»។ ខណៈលោក គង់ សុភា តំណាងមួយរូបទៀត របស់គណបក្សប្រឆាំង បានសរសេរថា៖ «ខ្ញុំអង្គុុយយំ ហើយសោកស្តាយមេដឹកនាំស្នេហាជាតិ តែខ្ញុំមិនតក់ស្លុត ក្នុងការផ្លាស់ប្តូរឡើយ រាស្ត្រខ្មែរមានឆន្ទះក្នុងការផ្លាស់ប្តួរ»។
នៅប៉ុន្មាននាទីមុននេះ លោកតំណាងរាស្ត្រ គង់ សុភា ដែលធ្លាប់រងការវាយដុំ ទាត់ធាក់ នៅមុខរដ្ឋសភា បានសរសេរហៅលោក សម រង្ស៊ី ថាគឺ«បុរសម្នាក់នេះហើយ ជានិមិត្តរូប នៃការផ្លាស់ប្តូរជនផ្តាច់ការ នៅកម្ពុជា»៕
--------------------
» លិខិតលាលែង ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ របស់លោក សម រង្ស៊ី៖