ហ៊ុន សែន ថាទ្រង់ រណឫទ្ធិ សុំខ្ចីលុយជាង១លានដុល្លារពីលោក
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ ឧសភា ២០១៨
- កែប្រែចុងក្រោយ: May 30, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការសន្យារបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដែលថា នឹងដោះស្រាយបំណុល ជូនប្រជាពលរដ្ឋ ប្រសិនណាជាគណបក្សហ្វុនស៊ីនប៉ិច របស់ទ្រង់ឈ្នះឆ្នោតនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា ជាការឃោសនាបោកប្រាស់។ បន្ថែមពីការលើកឡើងខ្លាំងៗនេះ លោក ហ៊ុន សែន នៅបានវាយបកទៅវិញ ដោយគម្រាមយកលិខិតខ្ចីប្រាក់ របស់ព្រះអង្គម្ចាស់ យកមកបង្ហោះជាសាធារណៈ នៅលើបណ្ដាញសង្គម និងថាទឹកប្រាក់កម្ចីនោះ មានចំនួន ១លាន ៣សែន ៥ម៉ឺនដុល្លារអាមេរិក។
បើទោះជាលោកនាយករដ្ឋមន្ត្រី មិនបានបញ្ចេញឈ្មោះ ថាអ្នកសុំខ្ចីប្រាក់នោះ ជាព្រះរាជបុត្រច្បង របស់អតីតព្រះមហាក្សត្រក៏ដោយ ក៏ការលើកឡើងរបស់លោក ត្រូវបានគេដឹងថា គឺសំដៅទៅព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ តែមួយអង្គគត់។ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដែលមានបន្ទូល កាលពីថ្ងៃអាទិត្យ ទី២៧ ខែឧសភា ចុងសប្ដាហ៍មុន នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋ នៅខេត្តតាកែវថា នៅពេលគណបក្សហ្វ៊ុនស៊ីនប៉ិចរបស់ទ្រង់ឈ្នះឆ្នោត ដឹកនាំរាជរដ្ឋាភិបាល នោះព្រះអង្គនឹងដោះស្រាយបំណុល ជូនប្រជាពលរដ្ឋ។
ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ច្រើនពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០ ក្នុងស្រុកស្អាង ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ លោក ហ៊ុន សែន ថ្លែងឡើងថា៖ «មានអ្នកខ្លះថា បើគេឈ្នះឆ្នោត គេនឹងសងបំណុល ជួសប្រជាជនទាំងអស់។ នេះជាអំពើបោកប្រាស់មួយ ដែលគួរឲ្យខ្មាសអៀនខ្លាំងណាស់។ ប៉ុន្មានអាទិត្យមុន សរសេរសំបុត្រមកសុំខ្ចីលុយខ្ញុំសោះ ស្រាប់តែឥឡូវបែរជាសន្យា សងលុយជំនួសប្រជាជនទាំងអស់ ទូទាំងប្រទេស ចំពោះធនាគារ។»។
លោកបន្តថា៖ «តើប្រទេសណា ដែលគេអាចធ្វើអ៊ីចឹងទៅរួច? បើធ្វើអ៊ីចឹងទៅបាន ចាំបាច់អី ខ្ចីលុយពីបរទេសមកកសាងផ្លូវ មកកសាងប្រឡាយទឹក មកកសាងមន្ទីរពេទ្យ ក្នុងប្រទេសរបស់យើង? យើងមិនយកលុយទាំងនោះ មកកសាងតែម្តងទៅ ប៉ុន្តែដោយសារយើងក្រ អត់លុយនោះហើយ ទើបយើងខ្ចីលុយបរទេស។»។
សម្រាប់លោកនាយករដ្ឋមន្ត្រី ការឃោសនាបែបនេះ ជាការឃោសនាបែបប្រជាភិថុតិ ជាការឃោសនាបោកប្រាស់ប្រជាពលរដ្ឋ ដែលគេមិនគួរធ្វើឡើយ។ លោក ហ៊ុន សែន ព្រមានទម្លាយសំបុត្រ ដែលសុំខ្ចីលុយ ជាង១លានដុល្លារនោះ នៅលើបណ្ដាញសង្គម ដើម្បីអះអាងថា អ្វីដែលលោកលើកឡើង ជារឿងពិត។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំអត់ខ្លាចនិយាយប៉ះពាល់ទេ។ អ្នកឯង ទៅនិយាយសងបំណុល ជំនួសប្រជាជន។ នៅលើលោកនេះ គ្មានអ្នកណាធ្វើបានទេ អ្នកដែលថា ក៏គ្មានលុយដែរ។ បើចង់ឲ្យខ្ញុំបង្ហាញសំបុត្រ ខ្ញុំបង្ហាញតាមហ្វេសប៊ុកផេកបាន។ និយាយភូតសុទ្ធ។ ខ្ញុំសូមស្នើដោយទទូច កុំភ្ជាប់ព្រះមហាក្សត្រ និងរាជានិយម ជាមួយខ្លួន។ ខ្លួនឯងរក្សាតែខ្លួនឯង ការពារតែបក្សឯង រកកៅអីមិនបានផង។»៕