ប៉ារីសឲ្យមេរៀនយ៉ាងជូរចត់ សងទៅបាសឺឡូន (ពិន្ទុ ៤-០)
- ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៤ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 15, 2017
- ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សឹងជាលើកទីមួយ នៅក្នុងប្រវត្តិសាស្ត្រ នៃការប្រកួតក្របខណ្ឌ ប្រកួតជើងឯកអ៊ឺរ៉ុប «Champions League» ដែលក្រុមបាល់ទាត់មួយ បានផ្ដួលក្រុមមួយទៀត ក្នុងពិន្ទុរហូតដល់ទៅ ៤គ្រាប់។ ប៉ុន្តែគេត្រូវនិយាយថា ក្រុមបាល់ទាត់ បាសឺឡូន (FC Barcelone) បានលិចលង់ស្រងមិនកើត សឹងតែនៅគ្រប់ចំណុច នៅកណ្ដាលទីលានប្រកួតនៃកីឡាដ្ឋាន «Parc des Princes» របស់រដ្ឋធានីប៉ារីស សម្រាប់ការប្រកួត «ទៅ ឬជុំទីមួយ» យប់ថ្ងៃអង្គារទី១៤ ខែកុម្ភៈនេះ ក្នុងវគ្គ១ភាគ៨ នៃក្របខណ្ឌ។
ស្ថិតក្នុងការគ្របសង្កត់ ពីក្រុមបាល់ទាត់ ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint germain) តាំងពីនាទីដំបូង រហូតដល់ទីបញ្ចប់ នៃការប្រកួត ពិន្ទុដែលក្រុមបាសឺឡូន ទទួលបានក្នុងយប់នេះ ពិបាកនឹងសង្ឃឹមថា ក្រុមមហាអំណាចបាល់ទាត់មួយនេះ អាចរកពិន្ទុត្រឡប់មកវិញ សម្រាប់ការប្រកួត «ត្រឡប់ ឬជុំទីពីរ» នាខែមិនាខាងមុខ នៅក្នុងផ្ទះខ្លួនឯងនោះណាស់។ បើទោះជាក្រុមបាល់ទាត់ មកពីប្រទេសអេស្ប៉ាញ មានកំពូលកីឡាករបីរូប ដែលមានរហស្សនាមរួម «MSN (Messi + Suares + Neymar)» នៅនឹងខ្សែប្រយុទ្ធ ហើយមានកំពូលកីឡាល្អៗផ្សេងទៀត នៅខ្សែបម្រើ និងខ្សែការពារក៏ដោយ តែការពួតដៃគ្នា ស្អិតដូចម្រាមដៃ របស់ក្រុមកីឡាករប៉ារីស បានធ្វើឲ្យក្រុមបាសឺឡូន រកចន្លោះមិនបាន និងមានឱកាសទាត់សំដៅទី របស់ក្រុមប៉ារីសបានតិចតួចបំផុត។
ក្រុមបាសឺឡូន មានឱកាសទាត់បញ្ចូលទី បាន៦ដង និងចំគោលដៅ បានតែម្ដងគត់ ខណៈក្រុមប៉ារីស មានឱកាសដល់ទៅ ១៦ដង និងចំគោលដៅ មានចំនួន១០ដង (ក្នុងនោះ គ្រាប់បាល់ចូលទី បាន៤គ្រាប់) ។ គ្រាប់បាល់របស់ក្រុមប៉ារីស រកបានពីរគ្រាប់ (គ្រាប់ទី១ និងទី៣) ដោយកីឡាករអន្តរជាតិ មកពីប្រទេសអាហ្សង់ទីន «Angel Di Maria» នៅនាទី១៨ និងនៅនាទីទី៥៥ - មួយគ្រាប់ (គ្រាប់ទី២) ដោយកីឡាករអន្តរជាតិ មកពីប្រទេសអាល្លឺម៉ង់ «Julian Draxler» និងមួយគ្រាប់ចុងក្រោយ (គ្រាប់ទី៤) ដោយកីឡាករអន្តរជាតិ មកពីប្រទេសអ៊ុយរ៉ាហ្គាយ «Edison Cavani» នៅនាទីទី៧២។
គេត្រូវនិយាយដែរថា ក្រុមប៉ារីស បានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស ជាមួយនឹងគ្រូបង្វឹកថ្មី ជាតិអេស្ប៉ាញ លោក អ៊ូណី អ៊េម៉េរី (Unai Emery) និងកីឡាករថ្មីៗ ដែលក្រុមនេះទើបនឹងទិញ-ផ្ទេរបាន ក្នុងរដូវកាលចុងក្រោយបំផុត នៃដើមឆ្នាំ២០១៧នេះ។ ខ្សែការពាររបស់ក្រុមនេះ ដែលមានសុទ្ធតែ ជាកីឡាករមានទេពកោសល្យ ក្មេងៗ ខ្ពស់ៗ និងមានកម្លាំងដ៏ខ្លាំងនោះ បានសង់មហាកំផែងដ៏រឹងមួយ មិនងាយត្រូវបានខ្សែប្រយុទ្ធ របស់ក្រុម បាសឺឡូន ទាត់បំបែកបានឡើយ។ កីឡាករក្រុមអេស្បាញ ដែលបានរកឱកាស ទម្លាយមហាកំផែងនេះ ម្ដងម្កាលបាន មានតែកីឡាករ ណីម៉ា តែម្នាក់ប៉ុណ្ណោះ។
ផ្ទុយទៅវិញ ខ្សែបម្រើរបស់ក្រុមបាសឺឡូន ដែលមានកីឡាករ «Busquets» រួមនឹងកីឡាករ «Iniesta» ត្រូវបានកីឡាករក្មេងៗ និងរហ័សៗ (កីឡាករ Rabiot និង Verratti) របស់ក្រុមប៉ារីសគាបជាប់។ ចំណុចសំខាន់មួយទៀត ដែលធ្វើឲ្យក្រុមប៉ារីស មានប្រៀបជាងក្រុម បាសឺឡូន នោះ គឺល្បឿនចុះមកទប់ទល់ និងល្បឿនវាយបកទៅវិញ របស់កីឡាករក្រុម ប៉ារីស ប្រៀបបាននឹងខ្យល់ព្យុះ។ ដូចជានៅក្នុងគ្រាប់បាល់ទី៤ (នាទីទី៧២) កីឡាករខ្សែការពារ «Thomas Meunier» បានដណ្ដើមបាល់បាន ពីក្នុងតំបន់ក្បែរទីរបស់ខ្លួន ហើយបានរត់ឆ្លងកាត់ សឹងពេញមួយទីលាន យ៉ាងលឿន មុននឹងបញ្ជូនបាល់ ទៅឲ្យខ្សែប្រយុទ្ធរបស់ខ្លួន គឺកីឡាករ «Edison Cavani» ដើម្បីម្រេចជោគវាសនាជាស្ថាពរ ដោយពិន្ទុ៤ទល់នឹង០ ទៅលើក្រុម បាសឺឡូន៕
» វីដេអូសង្ខេប នៃការប្រកួត៖