បាល់ទាត់៖ យ៉ាយ៉ា តូរ៉េ ថាឲ្យខ្ញុំបន្តកិច្ចសន្យាថ្មី ឬក៏ឲ្យខ្ញុំចាកចេញ?
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 20, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករ យ៉ាយ៉ា តូរ៉េ (Yaya Toure) បានដាក់សម្ពាតដល់ក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) ដោយបង្ខំឲ្យក្រុមមួយនេះ បន្តកិច្ចសន្យាថ្មី១ នៅថ្ងៃសៅរ៏ បើមិនដូច្នោះទេ គាត់នឹងចាកចេញ។
កីឡាករ យ៉ាយ៉ា តូរ៉េ នៃក្រុមម៉ែនឆេស្ទើ ស៊ីធ។
ខ្សែបម្រើជម្រើសជាតិ អាយរីខូស (Ivorian) រូបនេះ ធ្លាប់បានពិភាក្សាពីការបន្តកិច្ចសន្យានេះ អស់រយះពេល ៦ខែកន្លងមកហើយ តែពុំទទួលបានភាពច្បាស់លាស់ណាមួយសោះ។
ភ្នាក់ងាររបស់កីឡាករ តូរ៉េ លោក ឌីមីទ្រី សេលុក (Dimitri Seluk) បាននិយាយថា «បើសិនជាគាត់អាចចុះកិច្ចសន្យាថ្មី នៅ៣ឬ៤ថ្ងៃបន្ទាប់ វាគ្មានបញ្ហាអ្វីនោះទេ។ ប៉ុន្តែបើមិនដូច្នោះទេ ពួកយើងមិនចាំយូរទេ ហើយយើងនឹងចាប់ផ្តើមចរចារជាមួយនឹងក្រុមផ្សេង។ ខ្ញុំចង់មានន័យថា ការចុះកិច្ចសន្យា នឹងធ្វើឡើងនៅថ្ងៃសៅរ៏។ បើសម្រេច ខ្ញុំក៏អរគុណ ប៉ុន្តែបើមិនបានជោគជ័យទេ តូរ៉េនឹងចាកចេញនៅខែឧសភា ខាងមុខ។»
គាត់បន្តថា «ខ្ញុំមានអារម្មណ៏ថា គាត់ប្រហែលជាមិននៅជាមួយក្រុមស៊ីធី ជាបន្តទេ។ វាមិនមែនត្រឹមតែជាបញ្ហាលុយនោះទេ ហើយគាត់ចង់ចេញ ព្រោះគាត់មានហេតុផលជាច្រើន។ គាត់ជាកីឡាករដែលល្អជាងគេមួយរូប នៅក្នុងក្រុមម៉ែនឆេស្ទើ ស៊ីធី ប៉ុន្តែគាត់មានអារម្មណ៏ថា បុគ្គលិកទាំងអស់មិនគោរពគាត់។ មានតែលោកគ្រូបង្វឹក រ៉ូបឺតូ ម៉ែនស៊ីនី (Roberto Mancini) ម្នាក់គត់ប៉ុណ្ណោះ ដែលឲ្យតម្លៃដល់រូបគាត់។»
អតីតកីឡាកររបស់ក្រុម បាសេឡូណា (Barcelona) វ័យ ២៩ឆ្នាំរូបនេះ គឺជាអ្នកដែលមានថ្លៃឈ្នួល ខ្ពស់ជាងគេបង្អស់ ដែលទទួលបាន ២២០ពាន់ ផោនក្នុងមួយសប្តាហ៏។ ប៉ុន្តែលោក សេលុក បាននិយាយថា គាត់មិនមែនចង់បានលុយបន្ថែមនោះទេ ហើយក៏មិនមែន មិនពេញចិត្តចំពោះការកែទម្រងលេង របស់ក្រុមនោះដែរ។
តូរ៉េ ពេលនេះកំពុងតែជាប់ភារកិច្ច ក្នុងក្រុមជម្រើសជាតិ ដែលត្រូវប្រកួតជំរុះបាល់ទាត់ពិភពលោក ជាមួយនឹងប្រទេស គេមបៀ (Gambia) ក្នុងទីក្រុង អាបីដចេន (Abidjan)។ គាត់ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីអនុវត្តន៏ច្បាប់ ហ្វីហ្វា (FIFA) ក្នុងករណីរបស់គាត់មួយនេះ។
ច្បាប់របស់ ហ្វីហ្វា បានចែងថា បើសិនជាក្រុមបាល់ទាត់ណាមួយ មិនបន្តកិច្ចសន្យាថ្មី នៅពេលដែលកិច្ចសន្យាចាស់នៅសល់រយះពេល ១ឆ្នាំនោះ កីឡាករអាចមានសិទ្ធចាកចេញ ដោយស៊េរី នៅពេលចប់រដូវកាល។
ក្រុមបាល់ទាត់ដែលកីឡាករតូរ៉េ អាចនឹងចាប់អារម្មណ៏ ចង់ទៅលេងឲ្យនោះមាន ក្រុម រៀលម៉ាឌ្រីដ (Real Madrid), ម៉ែនឆេស្ទើ យូណៃធីត (Manchester United), ឆែលស៊ី (Chelsea) និងក្រុមអ្នកមានថ្មីរបស់ប្រទេសបារាំង ប៉ារីស ហ្សិន ជឺម៉ិន (Paris Saint-Germain)៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ