ម៉េស៊ី រកគ្រាប់បាល់បាន១០០នៅក្របខណ្ឌអ៊ឺរ៉ុប និងនាំក្រុមបាសាឡើងទៅ១/៤
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ មីនា ២០១៨
- កែប្រែចុងក្រោយ: March 15, 2018
- ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាសឺឡូន (Barcelone FC) បានដណ្ដើមបានសំបុត្រចុងក្រោយ ក្នុងយប់ថ្ងៃទី១៤ ខែមីនានេះ ដើម្បីឡើងទៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» បន្ទាប់ពីក្រុមអ្នកមានបុណ្យ របស់ប្រទេសអេស្ប៉ាញមួយនេះ បានប្រកួតឈ្នះក្រុម ឆែលស៊ី (Chelsea) មកពីចក្រភពអង់គ្លេស នៅក្នុងផ្ទះខ្លួនឯង (កីឡាដ្ឋាន «Camp Nou» ក្រុងបាសឺឡូន អេស្ប៉ាញ) ដោយពិន្ទុ ៣-០ ដ៏ត្រចេះត្រចង់។
គ្រាប់បាល់ទាំងបីរបស់ក្រុម បាសា នោះ មានពីរគ្រាប់ រកបាននៅនាទីទី៣ និងទី៦៣ ដោយកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ដ៏ល្បី ហើយជាគ្រាប់បាល់ទី៩៩ និងទី១០០ របស់កីឡាកជាតិអាហ្សង់ទីនរូបនេះ ដែលកីឡាកររកបាន នៅក្នុងរាល់ការប្រកួតក្របខណ្ឌអ៊ឺរ៉ុប ក្នុងពេលកន្លងមក។
រីឯគ្រាប់មួយគ្រាប់ទៀត របស់ក្រុមអ្នកមានបុណ្យ ដែលរកបាននៅនាទីទី២០ ដោយកីឡាករជាតិបារាំង អ៊ូស្មាន ដាំបេឡេ (Ousmane Dembélé) ក៏ដោយសារការបញ្ជូនបាល់ ដ៏ល្អរបស់កីឡាករ ម៉េស៊ី មកកាន់កណ្ដាលលានប្រកួតនោះដែរ។
ចំពោះក្រុមតោខៀវវិញ ដែលបានប្រកួតស្មើ «១-១» ជាមួយក្រុមបាសា ក្នុងការប្រកួត«ទៅ» នៅឯផ្ទះរបស់ខ្លួននោះ មានលទ្ធភាពទាត់បញ្ចូលទី ក្រុមបាសា ជាច្រើនដង។ តែជាការអភ័ព ដែលរាល់គ្រាប់បាល់សឹងតែទាំងអស់ បានរត់ទៅបុកនឹងសរសរទី ខ្ទាតចេញមកវិញ បង្កការសោកស្ដាយមិនស្ទើរ សម្រាប់បណ្ដាអ្នកគាំទ្រក្រុម ឆែលស៊ី។
» វីដេអូសង្ខេបពីការប្រកួត ក្រុមបាសា ទល់នឹងក្រុម ឆែលស៊ី៖
ក្រុម ឆែលស៊ី ជាក្រុមបាល់ទាត់ មកពីប្រទេសអង់គ្លេសមួយទៀត ដែលត្រូវបានជម្រុះចេញ ពីការប្រកួតជើងឯកអ៊ឺរ៉ុប ជាមួយនឹងក្រុម មែនឆេស្ទ័រ យ៉ូណាយធីត (Manchester United) ដែលត្រូវបានក្រុម សេវីល (Séville FC) បំបាក់នៅនឹងផ្ទះខ្លួនឯង កាលពីម្សិលម៉ិញ ដោយពិន្ទុ ១-២។ ជាបន្តទៅនេះ ជាក្រុមឈ្នះទាំង៨ ដែលត្រូវប្រកួត ក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ៖ ក្រុមរៀលម៉ាឌ្រីត (Real Madrid) ក្រុមជូវេនទូស (Juventus) ក្រុមសេរីល (Séville FC) ក្រុមរ៉ូម (AS Rome) ក្រុមលីវើភូល (Liverpool) ក្រុមមែនឆេស្ទ័រ ស៊ីធី (Manchester City) ក្រុមបាយឺន មូនិច (Bayern Munich) និងក្រុមបាសឺឡូន (Barcelone FC)៕