បាយឺនម៉ូនិជ ទិញទីចាហ្គួ អាល់ខាន់តារ៉ា បានជាផ្លូវការ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមអាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich) បានយល់ព្រមទិញយកកីឡាករ ដែលជាគោលដៅចំបងរបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ទីចាហ្គូ អាល់ខាន់តារ៉ា (Thiago Alcantara) មកពីក្រុមបាសេឡូណា (Barcelona) ជាផ្លូវការហើយ ក្នុងតម្លៃប្រមាណ ២១.៦លានផោន (៣២.៦២លានដុល្លាសហរដ្ឋអាមេរិក)។
កីឡាករ ទីចាហ្គូ អាល់ខាន់តារ៉ា ពេលទាត់ឲ្យក្រុមបាសឺឡូណា។
ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញវ័យ២២ឆ្នាំ នឹងធ្វើការជាមួយអតីតគ្រូបង្វឹកក្រុមបាសេឡូណា ប៉ិប ហ្គាឌីអូឡា (Pep Guardiola) ជាថ្មីទៀត នៅក្នុងក្រុមម្ចាស់ជើងឯកកំពូលរបស់អ៊ឺរ៉ុប។
ប្រធានក្លិបបាយឺន លោកខាលហេន រ៉ាំម៉ិនិក (Karl-Heinz Rummenigge) បាននិយាយថា៖ «ទីចាហ្គូ អាល់ខាន់តារ៉ា ជាបំណងប្រាថ្នាដ៏ធំមួយរបស់លោកគ្រូបង្វឹកថ្មី ប៉ិប ហ្គាឌីអូឡា។»
ក្លិបម្ចាស់ជើងឯកអាឡឺម៉ង់ បានប្រកាសថា ទូចាហ្គូ នឹងពិនិត្យសុខភាពរួចរាល់ នៅក្នុងទីក្រុងម៉ូនិជ នាសប្តាហ៏នេះ មុនពេលដែលត្រូវចុះកិច្ចសន្យារយះពេល៤ឆ្នាំ។
ទូចាហ្គូ ចង់ចាកចេញពីបាសេឡូណា ដើម្បីស្វែងរកឱកាសចូលលេងជាជម្រើស១១នាក់ដំបូង និងដើម្បីចង់ជាប់ឈ្មោះជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ទៅលេងបាល់ទាត់ពិភពលោក នៅឆ្នាំក្រោយ។
គាត់បានធ្វើជាប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ អាយុក្រោម២១ឆ្នាំ ក្នុងការប្រកួតពានរង្វាន់អ៊ឺរ៉ុប ហើយគាត់បានរកគ្រាប់បាល់បាន៣គ្រាប់តែម្នាក់ឯង ក្នុងការប្រកួតផ្តាច់ព្រ័ត្រជាមួយក្រុមអ៊ីតាលី ហើយក៏ដូចជាជួយឲ្យអេស្ប៉ាញលើកពានដែរ។
លោករ៉ាំម៉ិនិក បានបន្ថែមថា៖ «ទីចាហ្គូ ជាកីឡាករដ៏អស្ចារ្យម្នាក់ ជាមួយនឹងទស្សនៈវិស័យដ៏អស្ចារ្យ ដែលនឹងអាចជួយពង្រឹងក្រុមបាយឺន ម៉ូនិជ បន្ថែមទៀត។»
ទីចាហ្គូ បានចូលលេងក្នុងក្រុមបាសេឡូណាលើកដំបូង ដោយលោកហ្គាឌីអូឡា ដែលគ្រូបង្វឹករូបនេះ បានចាកចេញពីបាសេ នៅចុងរដូវកាលឆ្នាំ ២០១១-២០១២។
ហ្គាឌីអូឡា វ័យ៤២ឆ្នាំ បានឃ្លាតឆ្ងាយពីពិភពបាល់ទាត់ អស់រយះពេល១ឆ្នាំ មុនពេលគាត់ត្រូវចូលមកជំនួសដំណែងលោក ជឺប ហៃណ័ក (Jupp Heynckes) ក្នុងរដូវកាលថ្មីនេះ ខណៈដែលលោកហៃណ័ក ចាកចេញដោយបន្សល់ស្នាដៃដ៏អស្ចារ្យបំផុត បន្ទាប់ពីគាត់ជួយឲ្យក្រុមឈ្នះពានរង្វាន់ឆែមពានលីក (Champions League), បូដេសលីកា (Bundesliga) និងពានរង្វាន់អាឡឺម៉ង់ (German Cup) ក្នុងឆ្នាំតែមួយ កាលពីរដូវកាលមុន៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ