កីឡាករព្រីមែលីក ១០រូប ដែលលក់«អាវ»បានចំនួនច្រើនជាងគេ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 08, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្សែប្រយុទ្ធរបស់ក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) រ៉ូប៊ីន វ៉ានផឺស៊ី (Robin van Persie) ជាកីឡាករមួយរូប ដែលមានប្រជាប្រិយភាពជាងគេបំផុត នៅក្នុងក្របខ័ណ្ឌបាល់ទាត់់ព្រីមែលីក។ តាមកាសែត ឌែលីម៉ែល (Daily Mail) បានរាយការណ៏ថា អាវរបស់កីឡាកររូបនេះ បានលក់ដាច់រហូតដល់ទៅ ២៥% ដែលជាកំរិតខ្ពស់ដាច់គេ នៅក្នុងប្រទេសអង់គ្លេស។
កីឡាករបាល់ទាត់ រ៉ូប៊ីន វ៉ានផឺស៊ី និងលោក សឺអាឡិច ហ្វឺកឺសិន គ្រូបង្វឹករបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត។
បើយោងតាមស្ថិតិពីកាសែត គិតប៊ែក (kitbag.com) បានបង្ហាញថា កីឡាករដែលទិញមកពីក្រុម អាសិនណ (Arsenal) ក្នុងតម្លៃខ្លួន ២៤លានផោន កាលពីរដូវក្តៅរូបនេះ បានជំនួសដំណែងមិត្តរួមក្រុម ក្នុងកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) ដូចគ្នា គឺកីឡាករ វ៉ែន រ៉ូនី (Wayne Rooney)។ ខ្សែប្រយុទ្ធអន្តរជាតិរបស់អង់គ្លេស រ៉ូនី បានធ្លាក់ដល់ចំណាត់ថ្នាក់លេខ៣ ហើយលក់បានត្រឹមតែ ៦%ប៉ុណ្ណោះ នៃចំនួនអាវរបស់គាត់។
កីឡាករប្រធានក្រុមលីវើភូល (Liverpool) ស្តេវ៉ិន ចឺរ៉ាដ (Steven Gerrard) ទទួលបានចំណាត់ថ្នាក់លេខ២ ដែលមាន ៨,២% នៃការលក់ចំនួនអាវរបស់គាត់។ កីឡាករ វីរបុរសរបស់ក្រុម លីវើភូល រូបនេះ គឺមានអ្នកគាំទ្រច្រើន និងមានប្រជាប្រិយភាពបំផុត នៅតំបន់អាមេរិកខាងជើង ហើយក៏ជាកីឡាករ ដែលស្ថិតនៅលើកំពូលតារាង ក្នុងការលក់អាវបានច្រើនជាងគេបង្អស់ នៃទីផ្សារសរុប។
កីឡាកររបស់ក្រុម ម៉ែនឆេស្ទើ យូណៃធីត មួយរូបទៀត បានទទួលចំណាត់ថ្នាក់លេខ៤ គឺកីឡាករអន្តរជាតិជប៉ុន ស្ស៊ីនជី កាកាវ៉ា (Shinji Kagawa) ដែលចំនួនលក់អាវសរុបបាន ៥,៨%។ ខណះដែល កីឡាករមិត្តរួមក្រុម លីវើភូលរបស់ ស្តេវ៉ិន ជឺរ៉ាដ កីឡាករ ល្វីស ស្វារែស (Luis Suarez) ស្ថិតនៅចំណាត់ថ្នាក់លេខ៥ ដែលមាន ៣,៦%។
ចំណែកឯកីឡាករ២រូប ដែលទើបតែមកចូលរួមក្នុងក្របខ័ណ្ឌព្រីមែលីក ក្នុងរដូវកាលនេះ ហើយបានជាប់ចំណាត់ទាំង១០នេះដែរនោះ គឺខ្សែបម្រើស្លាបប៊ែលហ្សិក របស់ក្រុមឆែលស៊ី (Chelsea) អេដិន ហាស្សាដ (Eden Hazard) ស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ មាន ៣,១% និងខ្សែប្រយុទ្ធរបស់ក្រុមអាសិនល លូកាស ផូដូលស្គី (Lukas Podolski) ស្ថិតនៅចំណាត់ថ្នាក់លេខ១០ មាន ២,១%។
កីឡាករចុងក្រោយ របស់ក្រុម ម៉ែនឆេស្ទើ យូណៃធីត ដែលស្ថិតក្នុងចំណាត់ថ្នាក់ទាំង១០នេះ គឺខ្សែបម្រើវ័យចំណាស់ ផូល ស្កូល (Paul Scholes) ស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ មាន ២.៧% ប៉ុន្តែកីឡាករ២រូប រ៉ាយអេន គិក (Ryan Giggs) និងចាវីយឺ ហឺណាន់ដេស (Javier Hernandez) មិនបានស្ថិតក្នុងចំណោមកីឡាករទាំង១០នេះទេ ក្នុងឆ្នាំនេះ។
ការលេងធ្លាក់ទម្រង់របស់កីឡាករ ហ្វឺណាន់ដូ តូរែស (Fernando Torres) របស់ក្រុមឆែលស៊ី ធ្វើឲ្យមានការធ្លាក់ចុះប្រជាប្រិយភាព ក្នុងការលក់អាវរបស់គាត់។ ខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ ស្ថិតនៅចំណាត់ថ្នាក់លេខ៨ មាន ២,៥% ខណះដែលខ្សែប្រយុទ្ធអាស្សង់ទីន សឺជីអូ អាក្វេរ៉ូ (Sergio Aguero) របស់ក្រុម ម៉ែនឆេស្ទើ ស៊ីធី (Manchester City) ស្ថិតនៅចំណាត់ថ្នាក់លេខ៩ ហើយទទួលបានចំនួនលក់អាវសរុប ត្រឹមតែ ២,២%ប៉ុណ្ណោះ។
យោងទៅតាមកាសែត គិតប៊ែកដតខម (kitbag.com) បានបង្ហាញថា កីឡាករទាំង១០ ដែលមានប្រជាប្រិយភាព និងលក់អាវបានច្រើនជាងគេនៅក្នុងប្រទេសអង់គ្លេសនោះ គឺបានទៅលើកីឡាករ៖
១. រ៉ូប៊ីន វ៉ានផឺស៊ី៖ ក្រុម ម៉ែនឆេស្ទើ យូណៃធីត៖ ២៥,៤%
២. ស្តេវ៉ិន ជឺរ៉ាដ៖ ក្រុម លីវើភូល៖ ៨,២%
៣. វ៉ែន រ៉ូនី៖ ក្រុម ម៉ែនឆេស្ទើ យូណៃធីត៖ ៦%
៤. ស្ស៊ីនជី កាកាវ៉ា៖ ក្រុម ម៉ែនឆេស្ទើ យូណៃធីត៖ ៥,៨%
៥. ល្វីស ស្វារែស៖ ក្រុម លីវើភូល៖ ៣,៦%
៦. អេដិន ហាស្សាដ៖ ក្រុម ឆែលស៊ី៖ ៣,១%
៧. ផូល ស្កូល៖ ក្រុម ម៉ែនឆេស្ទើ យូណៃធីត៖ ២,៧%
៨. ហ្វឺណាន់ដូ តូរែស៖ ក្រុម ឆែលស៊ី៖ ២,៥%
៩. សឺជីអូ អាក្វេរ៉ូ៖ ក្រុម ម៉ែនឆេស្ទើ ស៊ីធី៖ ២,២%
១០. លូកាស ផូដូលស្គី៖ ក្រុម អាសិនណ៖ ២,១%។
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ