កាំភ្លើងធំអាសឺណល បាញ់ក្រុមជម្រើសជាតិវៀតណាម ៧គ្រាប់ទៀត (VDO)
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: July 18, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបំបាក់ក្រុមឥណ្ឌូនេស៊ី ៧-០ កាលពីថ្ងៃអាទិត្យចុងសប្តាហ៏មុន ក្រុមយក្សរបស់អង់គ្លេសអាសឺណល (Arsenal) បានលត់ក្រុមជម្រើសជាតិវៀតណាម ៧-១ ទៀត ក្នុងការប្រកួតមិត្តភាពកំដៅសាច់ដុំ នៅទីក្រុងហាណូយ នាកីឡាដ្ឋានជាតិមីឌីញ (My Dinh Stadium) កាលពីយប់ថ្ងៃពុធ។
ការប្រកួតរវាងក្រុមអាសឺណល និងក្រុមជម្រើសជាតិវៀតណាម។
នៅមុខទស្សនិកជនប្រមាណជាង៤ម៉ឺននាក់ ខ្សែប្រយុទ្ធអន្តរជាតិបារាំង អូលីវើយើ ជីរ៉ូដ (Olivier Giroud) បានរកគ្រាប់បាល់បញ្ចូលទីបាន៣គ្រាប់តែម្នាក់ឯង នៅត្រឹមតែវគ្គទី១តែប៉ុណ្ណោះ។ ជីរ៉ូដ បានបើកឆាកទាត់បញ្ចូលទីគ្រាប់ទី១ នៅនាទីទី៥ និងបន្ថែម២គ្រាប់ទៀត នៅមុនវគ្គទី១បញ្ចប់។
ជីរ៉ូដ ដែលផ្ទេរមកពីក្រុមម្ចាស់ជើងឯកបារាំងម៉ុងប៉េលីយើ (Montpellier) មកកាន់ក្រុមអាសឺណល កាលពីខែមិថុនា ឆ្នាំ២០១២ បានរកគ្រាប់បាល់បញ្ចូលទីបាន៥គ្រាប់ហើយ ក្នុងការប្រកួតមិត្តភាពនៅអាស៊ី២ប្រកួតដំបូងនេះ បន្ទាប់ពីគាត់ទាត់ចូលទីក្រុមឥណ្ឌូនេស៊ី ២គ្រាប់ដែរ កាលពីការប្រកួតនៅក្នុងទីក្រុងចាកាតា។
អាសឺណល នៅតែបន្តគ្របដណ្តប់យ៉ាងខ្លាំងទៅលើក្រុមវៀតណាមនៅវគ្គទី២។ កីឡាករអាឡិចអុកឡាត់ ឆាំបឺឡែន (Alex Oxlade-Chamberlain) បានបន្ថែម១គ្រាប់ទៀត បន្ទាប់ពីកែបាល់វគ្គទី២ បាន៤នាទី។ កីឡាករមកពីឈុតយុវជនអាសឺណល ឆាប់បា អ័កផុម (Chuba Akpom) ក៏រកបាន២គ្រាប់ទៀតដែរ នៅនាទីទី៥៤ និងនាទីទី៦០។
ខ្សែបម្រើអេស្ប៉ាញ មីកែល អាតេតា (Mikel Arteta) ដែលផ្ទេរពីក្រុមអេវើតុន (Everton) មកកាន់កាំភ្លើងធំ អាសឺណល កាលពីឆ្នាំ២០១១ បានបង្ហើយគ្រាប់ទី៧បានសម្រេច នៅនាទីទី៧៥។
ខ្សែប្រយុទ្ធវៀតណាម ត្រាន់ ម៉ាញ់ដុង (Tran Manh Dung) បានបំបែកពងមាន់បានសម្រេច១ គ្រាប់នៅនាទីទី៧៨ ជួយឲ្យក្រុមម្ចាស់ផ្ទះ បន្លឺសម្លេងយ៉ាងខ្លាំង។ ទោះបីជាដឹងថាចាញ់ហើយ ក៏ដោយ ខ្សែប្រយុទ្ធរូបនេះ នៅតែរត់អបអរដោះអាវចេញ ដូចបានឈ្នះពានរង្វាន់យ៉ាងដូច្នោះដែរ។
ខណៈដែលនៅចុងម៉ោងមានភ្លៀងធ្លាក់កាន់តែខ្លាំង អ្នកចាំទីវៀតណាម ត្រាន់ ប៊ូងូក (Tran Buu Ngoc) ត្រូវពិន័យកាតក្រហមនៅនាទីទី៨៩ ដោយសារចេញចាប់បាល់ក្រៅប្រអប់ទី ហើយក៏ត្រូវជំនួសដោយខ្សែការពារ ដាវ វ៉ាន់ផុង (Dao Van Phong) ធ្វើជាអ្នកចាំទីជំនួសវិញ។ ប៉ុន្តែទោះជាយ៉ាងណា ពុំមានក្រុមណាមួយ រកគ្រាប់បាល់បញ្ចូលទីគ្នាទៀតបាននោះទេ៕
សូមទស្សនាការប្រកួតនេះ ដោយសង្ខេបឡើងវិញ៖
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ