២គ្រាប់របស់ដ្រក់បា ជួយឲ្យកាឡាតាសារ៉ៃ លើកពានអេមីរ៉េត
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: August 05, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អតីតខ្សែប្រយុទ្ធក្រុមឆែលស៊ី (Chelsea) ឌីឌីយើ ដ្រក់បា (Didier Drogba) បានចុះពីកៅអីកីឡាករបម្រុងនៅពាក់កណ្តាលវគ្គទី២ និងបានទាត់បញ្ចូលទី២គ្រាប់ លើក្រុមកាំភ្លើងធំអាសិណល (Arsenal) ហើយបានជួយឲ្យក្រុមកាឡាតាសារ៉ៃ (Galatasaray) លើកពាន អេមីរ៉េត (Emirates Cup) បន្ទាប់ពីក្រុមរបស់ទួរគីមួយនេះ យកឈ្នះដោយលទ្ធផល ២-១។
កីឡាករ ឌីឌីយើ ដ្រក់បា នៅពេលលើកពានរង្វាន់ អេមីរ៉េត។ (រូបថត AP/Scanpix)
កីឡាករអន្តរជាតិកូឌឺវ័រ វ័យ៣៥ឆ្នាំ ដែលបានចាកចេញពីឆែលស៊ី បន្ទាប់ពីជួយឲ្យតោខៀវឈ្នះឆែមពានលីក (Champions League) កាលពីឆ្នាំ២០១២ និងផ្ទេរទៅកាន់ក្រុមសៀងហៃ សៀនហួរ (Shanghai Shenhua) នៅក្នុងប្រទេសចិនបានមួយរយះពេលខ្លី នៅតែមានទម្រង់លេងល្អដដែល បន្ទាប់ពីទាត់បញ្ចូលទីចុងម៉ោងទៅលើក្រុមជើងខ្លាំងរបស់អង់គ្លេស។
ខ្សែបម្រើប្រយុទ្ធរបស់អង់គ្លេស ថេអូ វ៉ាលខត (Theo Walcott) បានរកគ្រាប់បាល់បើកឆាកឲ្យម្ចាស់ផ្ទះនាំមុខមុន នៅចុងម៉ោងវគ្គទី១ នៅនាទីទី៣៩។ នៅវគ្គទី២ ខ្សែប្រយុទ្ធក្រុមកាឡាតាសារ៉ៃ ឌីឌីយើ ដ្រក់បា បានប្តូរចូល ហើយក៏បានបញ្ចេញថ្វីជើងគ្រាប់ទី១ នៅនាទីទី៧៨ ដោយបាល់ប៉េណាល់ទី និងបន្ថែម១គ្រាប់ទៀត នៅចុងម៉ោងនាទីទី៨៨ ជួយឲ្យក្រុមជើងឯករបស់ទួរគីលើកពានអេមីរ៉េតយ៉ាងរីករាយ។
ខ្សែប្រយុទ្ធបារាំង វ័យ២០ឆ្នាំ យ៉ាយ៉ា សាណូហ្គូ (Yaya Sanogo) ដែលអាសឺណល ទើបតែទិញចូលនៅក្នុងរដូវក្តៅនេះ ក៏បានបង្ហាញខ្លួនឲ្យក្រុមដែរ ខណៈដែលខ្សែបម្រើអេស្ប៉ាញ សាន់ទី កាស្សូឡា (Santi Cazorla) ក៏បានត្រឡប់មកជួយក្រុមដូចគ្នា បន្ទាប់ពីសម្រាកមួយរយះ ក្រោយប្រកួតពានរង្វាន់ ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup)។
អាសឺណល បានប្តូរកីឡាករចូលយ៉ាងច្រើន ហើយបានគ្របដណ្តប់យ៉ាងខ្លាំង ខណៈដែលខ្សែបម្រើ អាឡិច អ៊ុកឡែដឆាំបឺឡិន (Alex Oxlade-Chamberlain) មានឱកាសនៅក្នុងប្រអប់ទី២ ទៅ៣លើក ប៉ុន្តែធ្វើពុំបានសម្រេច។ ខ្សែប្រយុទ្ធ អូលីវីយើ ចឺរ៉ូដ (Olivier Giroud) ក៏មានឱកាសលោតតែតបានមួយដែរ ប៉ុន្តែត្រូវអ្នកចាំទីជួយសង្គ្រោះបាន។
អាសឺណល នឹងត្រូវត្រៀមជើងប្រកួតមិត្តភាពចុងក្រោយ នៅចុងសប្តាហ៏នេះ ដែលនឹងត្រូវប៉ះជាមួយក្រុមជើងឯករង ម៉ែនឆេស្ទើ ស៊ីធី (Manchester City) មុនពេលដែលត្រូវប្រកួតបើកឆាករដូវកាលដំបូង ជាមួយនឹងក្រុមអាស្តុន វីឡា (Aston Villa) នៅថ្ងៃទី១៧ ខែសីហាខាងមុខ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ