ពាក្យ​«ប្រាដឺហ្វែ (Bras de Fer)»​បន្លឺ​ដោយ ឈាង វុន ដូច​មិន​សូវ​បារាំង

នៅក្នុងកិច្ចពិភាក្សាតុមូល របស់វិទ្យុអាស៊ីសេរី លោក ឈាង វុន មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បាននិយាយ​ទម្លាយអាថ៌កំបាំងមួយ ដោយនាំមកជាមួយនូវពាក្យបារាំងមួយម៉ាត់ផង នោះ គឺ«ប្រាដឺហ្វែ (Bras de Fer)»។ ប៉ុន្តែសម្រាប់​​អ្នកចេះភាសាបារាំង ពាក្យគ្រោកគ្រាតជាខេមរភាសា និងពាក្យបារាំងនេះ មិនមានន័យត្រូវគ្នាទេ។
ពាក្យ​«ប្រាដឺហ្វែ (Bras de Fer)»​បន្លឺ​ដោយ ឈាង វុន ដូច​មិន​សូវ​បារាំង
លោក ឈាង វុន អ្នកតំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី០៥ សីហា ២០១៣
  • កែប្រែចុងក្រោយ: August 05, 2013
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេលដែលគូបដិបក្ខ របស់លោក គឺលោក សុន ឆៃ បានរំឮករឿងដ៏រសើបមួយ ដែលបានកើតមាន​ តាំងពីជិតមួយ​ឆ្នាំមុន (សម័យប្រជុំថ្ងៃទី១៤ ​ខែវិច្ឆិកា ឆ្នាំ២០១២​) នៅក្នុងរដ្ឋសភា លោក ឈាង វុន ទំនងជាទប់លែងបាន តទៅទៀត ក៏បានទម្លាយ នូវអាថ៌កំបាំងមួយ ដែលបានបង្ក ឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងមជ្ឈដ្ឋាននយោបាយខ្មែរ។ រឿងនេះ​ បានគាស់កកាយមកវិញ ពីហេតុការណ៍មួយ ដែល​លោក ឈាង វុន បានងើបឡើងត្មះដៀល លោក កឹម សុខា ដែល​កាលនោះ ជាអ្នក​តំណាង​រាស្រ្ត​ និងជា​​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​​ ថា«ជា​មនុស្ស​ព្រៃ​ផ្សៃ​​ដូចព្នង»។ ​

សេចក្ដីថ្លែង​ របស់លោក ឈាង វុន នៅពេលនោះ ​​​ត្រូវ​បាន​សហគមន៏​ជនជាតិភាគ​តិច​​ ចាត់​ទុក​ថា ​ជា​ការ​ប្រមាថមាក់ងាយ​ពួកគេ ហើយ​​បានទាម​ទារ​ឲ្យ​​លោក ឈាន វុន ធ្វើការ​សុំទោស​ជា​សាធារណៈ​ និងទីបំផុតទៅ លោក ឈាង វុន បាន​ធ្វើ​ការ​សុំទោស ជាសាធារណៈមែន បើទោះជាគេបានមើលឃើញថា គាត់ត្រូវបានបង្ខំ ដោយប្រធានរដ្ឋសភា លោក ហេង សំរិន ក៏ដោយ។

នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៣ ក្នុងវេទិការតុមូលរបស់វិទ្យុអាស៊ីសេរី ដែលមានការចូលរួម ពីលោក សុន ឆៃ មន្ត្រី​របស់គណបក្សប្រឆាំងផងនោះ លោក ឈាង វុន បានក្ដៅស្លឹកត្រជៀក ដោយឮការរំឮក របស់គូបដិបក្ខនយោបាយ​របស់​លោក នូវរឿងដ៏អាម៉ាសនេះ ត្រឡប់មកវិញ លោកក៏បានប្រកាសនូវអាថ៌កំបាំងមកទាំងអស់ថា៖

«ខ្ញុំធ្លាប់ប្រើពាក្យ​ព្នងក្នុង​រដ្ឋសភា ខ្ញុំទទួលយក។ តែអ្វីដែលឯកឧត្តម សុន ឆៃ មិននិយាយ គឺគាត់​អោយ​"ក្ដ"ខ្ញុំក្នុងរដ្ឋសភា។ (...) គាត់ឲ្យប្រាដឺហ្វែ (Bras de fer) ដាក់ខ្ញុំ អាណ្នឹងប្រែមកថាអញ្ចឹង (ប្រែមកថា ក្ដ អញ្ចឹង)។»

អ្វីទៅ ពាក្យ «ប្រាដឺហ្វែ» ?

ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានស្វែងរកការបកស្រាយ ពាក្យ«ប្រាដឺហ្វែ» ថាតើពាក្យនេះ មានន័យស្មើនឹង «កដាក់ជើងដ» ដូចដែល​លោក ឈាង វុន បានលើកឡើងដែរឬទេ? អ្នកសារព័ត៌មានមួយរូប ធ្វើការឲ្យកាសែតដ៏ធំមួយ នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង លោក អូលីវើយ៉េ កង់តាំង (Olivier QUANTIN) បានបកស្រាយពាក្យនេះ ប្រាប់ទស្សនាវដ្ដីថា ពាក្យ «Bras de fer» បើបកប្រែឲ្យត្រង់ (ន័យទីមួយ) ជាខេមរភាសា មានន័យថា «ដៃដែក ឬដៃរឹង»។ តែគេអាចបកប្រែ បានម្យ៉ាងទៀត (ន័យទីពីរ) ថាជា «ការប្រកួត​កម្លាំងដៃគ្នា» រវាងមនុស្សពីរនាក់ ដើម្បីចង់ដឹងថា នរណាមានកម្លាំងដៃខ្លាំងជាង។

ជាឧទាហរណ៍ ដូចឃ្លានេះ «Hun Sen a pris le pouvoir avec le "bras de fer"» មានន័យថា «លោក ហ៊ុន សែន បានកាន់អំណាច ជាមួយនឹងកណ្ដាប់ដៃដែក» ប៉ុន្តែមិនមានន័យថា «លោក ហ៊ុន សែន បានកាន់អំណាចជាមួយ​នឹង​ "កដាក់ជើងដ"» នោះទេ។

អញ្ចឹងពាក្យ«កដាក់ជើងដ» របស់លោក ឈាង វុន សរសេរជាបារាំង ថាយ៉ាងម៉េចទៅវិញ?

តាមពិតទៅពាក្យនេះ ជាពាក្យ​គ្រោកគ្រាត មានជាទូទៅនៅគ្រប់ភាសា គ្រប់ប្រទេស មិនថានៅបស្ចឹមប្រទេស ឬនៅអាស៊ី។ ហើយពាក្យ «កដាក់ជើងដ» របស់លោក ឈាង វុន ត្រូវបានពន្យល់ តាមភាសាបារាំង ដោយពាក្យបីម៉ាត់នេះ «Bras d'honneur» ដែលស្មើនឹងការធ្វើសញ្ញាដៃ ដូចរូបខាងក្រោម។ ចំណែកខ្មែរយើង បើបកស្រាយពាក្យនេះ មកឲ្យសាមញ្ញ​ស្រួល​យល់ គេនិយាយថា «ក្ដអញ» នៅពេលគេចង់បញ្ឈឺ ទៅគូរបដិបក្ខ។ តែភាសានេះ មិនត្រូវបានសង្គមខ្មែរ ឲ្យតម្លៃទេ ហើយ​ក៏រឹងរឹត តែមិនឲ្យតម្លៃ ទៅលើអ្នកដែលប្រើពាក្យគ្រោកគ្រាត ឬបញ្ចេញកាយវិការ បែបនេះដែរ។


តើលោក សុន ឆ័យ ធ្វើកាយវិការបែបនេះ ដាក់លោក ឈាង វុន ឬ? ក្នុងរូបខាងលើ បុរសម្នាក់នេះ ជាសិល្បករកំប្លែងបារាំង នៅក្នុង​ឈុតឆាកមួយ ដែលចង់ឌឺដង ដល់ប្រព័ន្ធយុត្តិធម៌បារាំង។ (រូបថត Maxppp)

ដូច្នេះការប្រើពាក្យមិនត្រូវ ពីសំណាក់លោក ឈាង វុន នឹងធ្វើឲ្យគេកាន់តែសង្ស័យ ពីរាល់ការបកស្រាយរបស់លោក ​ទាក់ទង​នឹងច្បាប់ តើវានឹងមានសុក្រិត្យភាព ដល់កម្រិតណា? ប៉ុន្តែគេក៏ចង់ដឹងដែរថា តើលោក សុន ឆ័យ ពិតជា​ធ្វើកាយ​វិការនេះដាក់លោក ឈាន វុន មែនឬយ៉ាងណា? ទស្សនាវដ្ដីនឹងតាមដានរឿងនេះ ហើយត្រឡប់មកវិញ ជាមួយ​អត្ថបទលើកក្រោយរបស់ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...