គំនិត​ផ្ទុយ​គ្នា​រវាង​«រដ្ឋ និង​រាស្រ្ត» លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី NGO

រដ្ឋាភិបាលនៅប្រកាន់ជំហរ ត្រៀមបញ្ជូនសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ទៅកាន់រដ្ឋសភាអនុម័ត នាពេលខាងមុខ បើទោះបីសង្គមស៊ីវិលជាតិ និងអន្តរជាតិ ជាងបីរយ ព្រមានប្រើប្រាស់យន្តការសភាក៏ដោយ។ នោះ ដោយសារមានការប្រកាន់ នូវគំនិតផ្សេងគ្នា រវាងរដ្ឋ និងរាស្ត្រ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកមកបញ្ជាក់ជូន ដូចខាងក្រោម។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 03, 2015
  • ប្រធានបទ: ច្បាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមការគ្រោងទុក របស់រដ្ឋាភិបាលកម្ពុជា សេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល និងត្រូវបើកកិច្ច​ប្រជុំ​ពិភាក្សា ក្រោមការដឹកនាំ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ បើសិន​ជាគ្មានការ​កែប្រែ ណាមួយនោះទេ។

សូមបញ្ជាក់ថា នាពេលកន្លងមក ទាំងក្រសួងមហាផ្ទៃ ទាំងរដ្ឋាភិបាល តែងតែលើកឡើងថា សេចក្តីព្រាងច្បាប់​ស្ដីពី​សមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ គឺជៀសវាង ដើម្បីកុំឲ្យមានការរំលោភសិទ្ធិបុគ្កល និងក៏ជាការយកចិត្តទុកដាក់ និង​គិតគូរការពារអង្គការសង្គមស៊ីវិលដែរ។ មន្ត្រីរដ្ឋាភិបាល តែងលើកឡើងថា ការជជែកពិភាក្សាស្ដីពីច្បាប់នេះ ត្រូវបាន​ធ្វើក្នុងកន្លងមក ជាច្រើនដងពេកហើយ ដែលមិនចាំបាច់ឲ្យមានបន្ត ជាច្រើនលើកទៀតទេ។

ប៉ុន្តែសម្រាប់អង្គការជាតិ និងអង្គការអន្តររជាតិ ជាច្រើនវិញ ពួកគេមិនបានគាំទ្រ លើបញ្ហាបង្កើត ឲ្យមានច្បាប់​សមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះទេ  ដោយអង្គការទាំងនោះ យល់ឃើញថា គ្រាន់តែបង្កើត ឲ្យមាន​«និត្យានុកូលភាព» និង​ស្របតាមស្ថានភាពតាមផ្លូវច្បាប់ សម្រាប់អង្គការនីមួយៗនៅកម្ពុជានោះ មិនចាំបាច់មានច្បាប់ ស្ដីពីសមាគម និងអង្គការ​ក្រៅ​រដ្ឋាភិបាលនោះទេ។

ក្នុងសន្និសិទសារព័ត៌មានកាលពីថ្មីៗនេះ លោក សួន ប៊ុនសក្តិ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការ នៃអង្គការ​សមាគមការពារ សិទ្ធិមនុស្សកម្ពុជា (CHRAC) បានពន្យល់ថា បច្ចុប្បន្ន អង្គការសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិ​ទាំង​អស់ កំពង់រស់នៅក្នុងច្បាប់យ៉ាងសមស្រប និងម៉ត់ចត់បំផុត មិនមែនរស់នៅក្រៅច្បាប់ឡើយ។ លោកបានបានថ្លែងថា តាមក្របរដ្ឋប្បវេណី វាគ្រប់គ្រាន់ណាស់ សម្រាប់គ្រប់គ្រង លើអង្គការទាំងអស់នៅកម្ពុជា។ លោក ប៊ុនសក្ដិ បាននិយាយ​ថា៖ «ក្នុងក្រមរដ្ឋប្បវេណី បានកំណត់យ៉ាងច្បាស់ សម្រាប់អង្គការសង្គមស៊ីវិល ដែលមានគម្រោង បើកដំណើរការ របស់​ខ្លួននៅកម្ពុជាថា "សកម្មភាពរបស់អង្គការសង្គមស៊ីវិល បើមានការប្រាសចាក ឬបំពាន ទៅនឹងបញ្ហាច្បាប់របស់រដ្ឋ រដ្ឋ​ខ្លួន​ឯង មានវិធានការតាមផ្លូវច្បាប់ស្រាប់ ក្នុងការចាត់វិធានការ"។ (…) តើចាំបាច់ទេ ដែលត្រូវមានច្បាប់? ខ្ញុំថាមិនចាំបាច់​ទេ។»

លោកបានលើក យកឧទាហរណ៍មួយ មកបញ្ជាក់ថា គ្រាន់តែលោក មឿង សុន ប្រធានអង្គការ​មូលនិធិទ្រទ្រង់​អរិយធម៌​ខ្មែរ គ្រាន់តេបញ្ចេញមតិជាសាធារណៈពីការគ្រប់គ្រងអង្គរវត្ត បានទទួលរងទោសពេញ តាមផ្លូវតុលាការ រហូតដល់មាន​ការលើកលែងទោសនោះ។ ចុះបើករណីដែលច្បាប់ ដែលមានការចង្អៀតជាងនេះទៀតនោះ តើវានឹងមានកាអ្វីកើតឡើង? លោក ប៊ុនសក្ដិ បានថ្លែងឲ្យដឹងទៀតថា បើរដ្ឋាភិបាលថាចាំបាច់ត្រូវមានច្បាប់នេះ ក៏ចាំបាច់ត្រូវធ្វើការពិគ្រោះយោបល់ ជា​សាធារណៈ ជាមួយភាគីពាក់ព័ន្ធដែរ ដើម្បីទទួលបាននូវការលើកកំពស់ និងការពារនានា ស្រប​តាមឧត្តមភាព​នៃ​រដ្ឋធម្មនុញ្ញ។

តំណាងស្ថានទូតមួយចំនួន ក៏បានធ្វើការរិះគន់ លើបញ្ហានេះដែរ ដោយពួកគេបានស្នើ សុំឲ្យរដ្ឋាភិបាលបញ្ឈប់ ការធ្វើ​សេចក្ដីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ឬចាំបាច់ ត្រូវតែបង្ហាញសេចក្ដីព្រាងច្បាប់នេះ ជា​សាធារណៈ​ដែរ។ តែតំណាងទូតបរទេសទាំងនោះ ត្រូវបានរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង កោះហៅមក​ព្រមាន និងកុំឲ្យលូកដៃ ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ចំពោះលោក ស្កុត បាសប៊ី (Scott Busby) ឧបការីរង នៃរដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ វិញ បានលើកពាក់​ព័ន្ធ នឹងគ្រោងច្បាប់សង្គមស៊ីវិល និងសហជីពថា អាចមានការដាក់កំរិតព្រំដែន នៃសិទ្ធិពលរដ្ឋកម្ពុជា។ លោក ស្កុត បាសប៊ី បានថ្លែងឡើង បន្ទាប់ពីជំនួនានាថា៖ «សកម្មភាពណាមួយដែលរឹតត្បិត ច្រើនជាងផ្តល់លទ្ធភាពនោះ វាមិនបំរើឧត្តម​ប្រយោជន៍ របស់ប្រជាជនកម្ពុជាទេ»។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥ គណបក្សសង្ក្រោះជាតិ បានថ្លែងគាំទ្រឲ្យមាន​ការ​បើកចំហរ និងពិភាក្សាជាសាធារណៈ​ លើសេចក្តីព្រាងច្បាប់ ដ៏ចម្រូងចម្រាស់នេះ ដើម្បី«តម្លាភាព និងទទួលយកការផ្តល់​យោបល់» ពីប្រជាពលរដ្ឋខ្មែរ រួមទាំងភាគីពាក់ព័ន្ធ មុននឹងបញ្ជូនវាទៅកាន់រដ្ឋសភាពិភាក្សា និងអនុម័ត។ តែសេចក្ដី​ថ្លែង​ការណ៍​នោះ ត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្រ្តី ចាត់ទុកតាមកិច្ចសម្ភាសមួយ ឲ្យទៅសារព័ត៌មាន​ក្នុងស្រុក ថាមានលក្ខណៈបែប«ប្រជាភិថុត»។ លោក ផៃ ស៊ីផាន បានពន្យល់ថា៖ «សង្គ្រោះជាតិមានតំណាងរាស្ត្រ នៅក្នុងរដ្ឋសភា ដែលអាចចូលរួមពនិត្យ និងកែសម្រួលបាន។ (…) តើម៉េចចាំបាច់ចេញ សេចក្តីថ្លែងការណ៍?»

អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន (តំណាងរាស្ត្រ ពីគណបក្សប្រជាជនកម្ពុជា) និងជាប្រធានគណៈកម្មការជំនាញទី៥ នៃរដ្ឋសភា បានប្រកាស កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥នេះថា មុននឹងសេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និង​អង្គការ​ក្រៅរដ្ឋាភិបាលនេះ ត្រូវដាក់ចូលរដ្ឋសភា ពិភាក្សា អនុម័ត រដ្ឋសភានឹងមានសិក្ខាសាលាមួយ ដើម្បីធ្វើការ​ពិគ្រោះ​យោបល់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...