ហ៊ុន សែន ហៅ​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ ថា​ជា​«ជន​ពាល»

ជាការអះអាងខ្លាំងៗ ដោយលោក ហ៊ុន សែន ផ្ទាល់ នៅលើបណ្ដាញសង្គមថា រូបលោកជាមនុស្ស ដែល«ពួកជនពាលកំពុងស្វែងរក»។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី អ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូប បានបង្ហោះសារដ៏រសើបមួយ និយាយពីលទ្ធភាព ដែលអាចមានបញ្ហាផ្ទៃក្នុង នៅក្នុងជួររដ្ឋាភិបាល និងក្នុងគណបក្សប្រជាជនកម្ពុជា។
ហ៊ុន សែន ហៅ​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ ថា​ជា​«ជន​ពាល»
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន ថតរូបជាមួយកូនចៅ និងលោក ឆាំ ឆានី អ្នកប្រើប្រាស់បណ្ដាញសង្គម។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១០ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 10, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រើភាសាខ្លាំងៗ នៅល្ងាចថ្ងៃចន្ទនេះ លើកឡើងពី «ក្រុមជនពាល ក្រុមជ្រុលនិយម និងក្រុមពួកកូនអាក្បត់ជាតិ» ដែលកំពុង«ស្វែងរក»រូបលោក។

បើតាមសារព័ត៌មានក្នុងស្រុកមួយ ដែលល្បីថា ជាអ្នកនាំពាក្យ ឲ្យរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានពន្យល់ថា ការលើកឡើងរបស់លោក ហ៊ុន សែន នេះ ជាប្រតិកម្មតប ទៅនឹងអ្នកប្រើប្រាស់បណ្ដាញ​សង្គមម្នាក់ ឈ្មោះ ឆាំ ឆានី (Chham Chhany) ដែលអះអាងថា លោក ហ៊ុន សែន បានចេញទៅព្យាបាលជំងឺ នៅក្នុងប្រទេសសិង្ហបូរី តាំងពីដើមខែកក្កដាមកម្លេះ និងមិនបានផ្ទេរសិទ្ធិ ឲ្យឧបនាយករដ្ឋមន្ត្រីទាំងឡាយ ឡើងធ្វើនាយករដ្ឋមន្ត្រី«ស្ដីទី» ក្នុងរយៈពេលអវត្តមាន របស់លោកនេះទេ។

ជាមួយរូបភាពជាច្រើនសន្លឹក បង្ហោះនៅប៉ុន្មានម៉ោងមុននេះ លើទំព័រហ្វេសប៊ុករបស់លោក ដែលបង្ហាញពីការរស់នៅ ផឹកស៊ីជួបជុំ យ៉ាងសុខដុមត្រជាក់ត្រជុំ ក្នុងក្រុមគ្រួសារ និងជាមួយ​មន្ត្រីជិតដិតច្រើននាក់ បុរសខ្លាំងកម្ពុជា បានសរសេរឡើងថា៖ «នេះហើយគឺខ្ញុំ ជា ហ៊ុន សែន ដែលពួកជនពាលកំពុងស្វែងរក ប៉ុន្តែប្រជាជនកម្ពុជា តែងចាត់ទុកថាម្នាក់នេះ (ហ៊ុន សែន) តែងតែរស់នៅ រួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា តាំងពីប្រជាជននៅក្រលំបាក១០០% រហូតមានការអភិវឌ្ឍ ដូចសព្វថ្ងៃ»។

បន្ទាប់មក នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង បានសួរឡើងដោយខ្លួនលោកទៀតថា៖ «តើខ្ញុំមានសិទ្ធិសប្បាយរីករាយ ជួបជុំកូនចៅដូចក្នុងរូបថតនេះដែរឬទេ? តើខ្ញុំត្រូវតែប្រាប់មនុស្សគ្រប់គ្នា ពិសេសពួកជនពាលថា ខ្ញុំកំពុងស្ថិតនៅទីនេះ ឬទីនោះដែរឬទេ?»។

កាលពីយប់រំលងអាធ្រាត​យប់ថ្ងៃទី៨ ចូលមកថ្ងៃទី៩ ខែកក្កដា (ត្រូវជាពេលព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧) លោក ឆាំ ឆានី អ្នកប្រើប្រាស់​បណ្ដាញសង្គមដ៏ល្បី ដែលមាននិន្នាការ​រិះគន់លោក ហ៊ុន សែន មិនសំចៃមាត់ បានសរសេរពាក្យពេជន៍ប៉ុន្មានឃ្លា នៅលើគណនេយ្យហ្វេសប៊ុកលោក ដូច្នេះថា៖ «ហ៊ុន​ សែន​ បានទៅដេកពេទ្យនៅសាំងហ្គាពួ តាំងពីថ្ងៃទី០១​ កក្កដា​ ២០១៧ម្លេះ​ អញ្ចឹងហើយ បានជា​ទីស្តីការគណះរដ្ឋមន្ត្រី លុបចោលការប្រជុំ​ ព្រោះមិនចង់ឲ្យអ្នកណាដឹង ពីព័ត៌មាននេះ​»។

អ្នករិះគន់រូបនេះ ដែលរស់នៅឯបរទេស បានអះអាងស្រង់ប្រភព ដែលផ្ដល់ដំណឹងនោះជូនលោក មកបញ្ជាក់បន្តថា៖ «តាមច្បាប់គ្រប់គ្រងរដ្ឋ​ នៅពេលដែលអវត្តមាននាយករដ្ឋមន្ត្រី​ គឺត្រូវតែមាននាយករដ្ឋមន្ត្រីស្តីទី។​ តែប្រភពបាននិយាយថា​ ហ៊ុន​ សែន​ មិនផ្ទេរដំណែងនាយករដ្ឋមន្ត្រីស្តីទីឲ្យ​ ស​ ខេង​ ឬ​ ប៊ិន​ ឈិន​ ទេ​ ព្រោះអត់ទុកចិត្ត​ ហើយសូម្បីតែពួកកូនៗ​ ហ៊ុន​ សែន​ ក៏អត់ហ៊ាន​ចេញទៅមើល​ ហ៊ុន​ សែន​ ឈឺម្តង​ទាំងអស់គ្នាដែរ​ (ម៉ាណែត​ ម៉ានី​ ម៉ា​និត​ ) ដោយខ្លាចមានបញ្ហាផ្ទៃក្នុង​ (ពាលស៊ីពាលក្នុងបក្សតែមួយ​ )។»

សារខាងលើ ដែលទទួលបាន ការចែករំលែករាប់រយ នៅលើបណ្ដាញសង្គម ទំនងជាបានបង្ក ការក្ដៅក្រហាយ ដល់លោក ហ៊ុន សែន ​មិនតិចទេ រហូតដល់ថ្នាក់លោកនាយករដ្ឋមន្ត្រី សរសេរគម្រាម​វិញថា៖ «ទោះខ្ញុំផ្ទេរសិទ្ធិ ឬមិនផ្ទេរសិទ្ធិ ទោះខ្ញុំស្ថិតនៅទីណា ក៏នៅតែមានលទ្ធភាព ដឹកនាំកិច្ចការប្រទេសជាតិ ពិសេសបង្រ្កាប​លើការបង្កចលាចល របស់ក្រុមជនពាល ក្រុមជ្រុលនិយម ក្រុមពួកកូនអាក្បត់ជាតិបានដែរ។ បើចង់ដឹង សុំសាកល្បងមើល Sic!»។

ជាចម្លើយតបទៅវិញ លោក ឆាំ ឆានី បានបង្ហោះសារនៅមុននេះថា លោករង់ចាំមើល ថាតើលោក ហ៊ុន សែន និងកូនៗរបស់លោក ដែលសុទ្ធសឹង ជានាយទាហាននោះ អាច«ធ្វើអ្វីកើត»ខ្លះ? លោកបានរំលឹក ពីករណីបណ្ដឹង របស់លោក ហ៊ុន ម៉ាណែត កាលពីចុងខែមករា ឆ្នាំកន្លងទៅមកបញ្ជាក់ថា៖ «ហ៊ុន ម៉ាណែត ប្តឹង ឆាំ ឆានី ហើយមិនអាចចាត់ការបិទមាត់ ឆាំ ឆានី បាន។ ឥឡូវនេះ ដល់វេនសម្តេច ហ៊ុន សែន ចេញចាត់ការ ឆាំ ឆានី ដោយផ្ទាល់ហើយ។»។

អ្នកប្រើប្រាស់ហ្វេសប៊ុករូបនេះ បានថ្លែងចំអក ឲ្យក្រុមគ្រួសារនាយករដ្ឋមន្ត្រីកម្ពុជាថា៖ «តើឪកូន នៃត្រកូលហ៊ុននេះ ធ្វើអី ឆាំ ឆានី កើត? ឆាំ ឆានី រង់ចាំស្វាគមន៍រាល់ចំណាត់ការ របស់គ្រួសារត្រកូល ហ៊ុន រួមទាំងពួក CPP ផងដែរ (បើលេងកុំខឹង បើខឹងកុំលេង)​។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...