អេង ឆៃអៀង៖ ដើរចេញពីសវនាការក្រុមប្រឹក្សាធម្មនុញ្ញ ព្រោះតែសវនាការបែប«នយោបាយ»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: September 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកសវនាការលើកទីបួន និងក៏ជាលើកចុងក្រោយ សម្រាប់ពាក្យបណ្តឹងនៅខេត្តកណ្តាល។ ដោយសង្កេតឃើញថា ការរៀបចំសវនាការ មានលក្ខណៈតឹងតែង រឹតត្បិត បន្ទប់តូចចង្អៀតធ្វើឲ្យតែបាន និងមិនមានការផ្សាយជាសាធារណៈ លោក អេង ឆៃអៀង តំណាងឲ្យគណបក្សសង្គ្រោះជាតិ និងជាដើមបណ្តឹងដែរនោះ បានដើរចេញពីបន្ទប់សវនាការ ដោយបានចាត់ទុកថាសវនាការនេះ បែបនយោបាយ លោកក៏បានចាត់ទុកថាសេចក្តីសម្រេចចុងក្រោយនេះ ក៏ជា«សេចក្តីសម្រេចបែបបយោបាយដែរ»។
សមាជិកទាំង៩រូប របស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងសវនាការរបស់ខ្លួន។ (រូបថត MONOROOM.info/ O. Vary)
បន្ទាប់ពីមានការប្រកាសដោយក្រុមប្រឹក្សាធម្មនុញ្ញ បើកសវនាការជាសាធារណៈ លើបណ្តឹងរបស់គណបក្សសង្គ្រោះជាតិ រួមមានខេត្តក្រចេះ ខេត្តបាត់ដំបង ខេត្តសៀមរាប ក៏ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជាបានការ ដោយពុំបានសង្ហាញនូវភស្តុតាងថ្មី ដែលក្រុមប្រឹក្សាធម្មនុញ្ញខ្លួនឯងបានទទួល និងស៊ើបអង្កេតនោះទេ តែផ្ទុយទៅវិញស្ថាប័នដ៏កំពូលនេះ បានទទួលយកការបកស្រាយរបស់តំណាងគ.ជ.ប និងការច្រានចោលនូវទឡ្ហីករណ៍នានារបស់គណបក្សសង្គ្រោះជាតិ។
ការដើរចេញពីសវនាការនេះ លោក អេង ឆៃអៀង បានលើកឡើងថា សវនាការនេះនឹងមិនអាចផ្តល់យុត្តិធម៌ សម្រាប់លោក ហើយលោកក៏គ្មានជំនឿលើការសម្រេចសេចក្តី របស់ស្ថាប័នកំពូលមួយនេះដែរ។ លោកបានបញ្ជាក់ថា «យើងក៏ដឹងពីលទ្ធផលមុនដែរ ដូច្នេះមិនចាំបាច់នៅនាំខាតពេលវេលា ខាតប្រយោជន៍»។
ឆ្លងកាត់តាមរយៈកាផ្ទៀងផ្ទាត់កញ្ចប់សុវត្ថិភាព«ក»នៅ គ.ជ.ប រាល់បញ្ហាទាំងអស់ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាឲ្យកត់ចូលក្នុងកំណត់ហេតុ ដើម្បីជជែកគ្នាក្នុងសវនាការ ជាសាធារណៈនៅក្រុមប្រឹក្សាធម្មនុញ្ញ។ ទោះយ៉ាងនេះក្តី តំណាងរូបនេះបានចាត់ទុកថា ការជជែកគ្នានេះ«មិនមានន័យ» ដោយលោកបានសម្អាងហេតុថា បើការជជែកគ្នានេះមានការផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិនោះ លោកនឹងនៅធ្វើការជជែកគ្នា។ លោកក៏បានបង្ហាញនូវការសោកស្តាយ ចំពោះនីតិវិធីរបស់ស្ថាប័នកំពូលច្បាប់មួយនេះ រួមទាំងបន្ទប់សវនាមួយដ៏តូចចង្អៀត។
លោកបានពន្យល់ថា «បើក្នុងសវនាការនេះ យើងអាចទទួលបានផលជាវិជ្ជមានណាមួយ សមរម្យដែលអាចទទួលយកបាន ប៉ុន្តែយើងដឹងថាក្រុមប្រឹក្សាធម្មនុញ្ញ បើកសវនាកាបីខេត្តនោះ នៅតែតម្កល់ទុកសេចក្តីសម្រេចរបស់គ.ជ.ប ជាបានការដដែលនោះ។ តើយើងនឹងនៅបានប្រយោជន៍អ្វី នាំតែខាតពេល។»
លោកបានបន្តរថា ខាងគណបក្សសង្ក្រោះជាតិ បានក៏បានដឹងនូវលទ្ធផលជាមុនដែរ តែទោះជាយ៉ាងណា ត្រូវតែធ្វើតាមនីតិវិធីនោះតែ ដូចជាការដាក់ពាក្យបណ្តឹងជាដើម ដើម្បីកុំឲ្យមានការចោទនានា និងក៏ដើម្បីបង្ហាញឲ្យមតិជាតិ និងអន្តរជាតិបានដឹង បានឮពីដំណើរការក្តីនៃស្ថាបន័កំពូល ដែលលោកចាត់ទុកថាជាសេចក្តីសម្រេច «នយោបាយ» មិនមែនជាសេចក្តីសម្តេចផ្តល់យុត្តិធម៌ ដល់ម្ចាស់បណ្តឹងនោះទេ។
«មានតែមហាបាតុកម្មដោយអហឹង្សាស្អែក ...»
ទាក់ទិននឹងការដើចេញដោយក្តីអស់ជំនឿនេះ លោក អេង ឆៃអៀង បានបញ្ជាក់ថា គ្មានផ្លូវណាមួយដែលមានសង្ឃឹមថា និងមានយុត្តិធម៌នោះទេ តែលោកបានបន្ថែមថា មានតែមហាបាតុកម្មដោយអហឹង្សាស្អែក (ថ្ងៃទី៧ ខែកញ្ញា) នេះទេ ដែលជាការសម្តែងនូវឆន្ទៈ ជាការរវ៉ា ជាការបង្ហាញនូវការអស់ជំនឿទុកចិត្ត ចំពោះស្ថាប័នយុត្តិធម៌ខ្មែរ ហើយក៏ដើម្បីបង្ហាញនូវការទាមទា ឲ្យមានការបង្កើតនូវគណកម្មាធិការចម្រុះឯករាជ្យមួយ។
ទស្សនាវដ្តីមនោរម្យព័ងអាងហ្វូមិនអាចសុំប្រតិមកម្ម ពីលោក ព្រហ្ម ញាណវិចិត្រ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះការដើរចេញរបស់លោក អេង ឆៃអៀង ពីសវនាការនេះបានទេ ដោយលោកមិនទទួលទូរស័ព្ទ តែកន្លងមក លោកក៏មិនដែលផ្តល់បទសម្ភាស ឲ្យអ្នកសារព័ត៌មានតាមទូរស័ព្ទនោះដែរ។
សម្រាប់លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ក្នុងសន្និសិទការសែត កាលពីព្រលប់ថ្ងៃទី៥ ខែកញ្ញានេះថា រាល់ការសម្រេចសេចក្តីរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ឈរលើគោលការណ៍ច្បាប់ដែលមានជាធរមាន និងជាស្ថាប័នច្បាប់កំពូលបិទផ្លូវតវ៉ា។ ឯការទាមទាឲ្យមានការបង្កើត គណកម្មការចម្រុះឯករាជ្យនោះ អគ្គលេខាធិការ គ.ជ.ប រូបនេះបង្ហាញថា នឹងមិនអាចទៅរួចបាននោះទេ ដែលយន្តការនៃការសើបអង្កេតនេះស្ថិតក្រោមឆត្រ័ អង្គការសហប្រជាជាតិ ឬ អង្គការក្រៅរដ្ឋាភិបាល ដែលជាយន្តការថ្មីជម្រុញឲ្យកម្ពុជា ដើរចេញពីគន្លងនីតិរដ្ឋ៕
-------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៦ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ