តឺនីស៖ ម្ចាស់ការពារដំណែងជើងឯក អេនឌី ម៉ួរេ ធ្លាក់វគ្គ១ភាគ៤
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: September 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករលំដាប់លេខ១ ចក្រភពអង់គ្លេស និងជាម្ចាស់ការពារដំណែងជើងឯក «យូអេសអូផិន» (US Open) អេនឌី មួរ៉េ (Andy Murray) បានធ្លាក់ក្រោមថ្វីដៃកីឡាករលេខ៩ របស់ស្វីស ស្តែនីស្លាស វ៉ាវរីនកា (Stanislas Wawrinka) ក្នុងវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ កាលពីថ្ងៃព្រហស្បត៏។
កីឡាករ អេនឌី មួរ៉េ បោកបំបែករ៉ាកែតគាត់ចោល ក្រោពេលប្រកួតចាញ់។ (រូបថត Getty Images)
មួរ៉េ បានចាញ់៣សិតផ្ទួនៗ ដោយលទ្ធផល ៦-៤, ៦-៣ និង ៦-២ នៅក្នុងកីឡាដ្ឋាន អាទថើ អាស (Arthur Ashe Stadium) សហរដ្ឋអាមេរិក។
កីឡាករលេខ៣ពិភពលោក មួរ៉េ បានប្រាប់ដល់វិទ្យុប៊ីប៊ីស៊ី៥ (BBC Radio 5) ថា៖ «វាជាថ្ងៃដ៏អាក្រក់បំផុតសម្រាប់ខ្ញុំ។ គាត់ (វ៉ាវរីនកា) លេងបានយ៉ាងល្អ ហើយល្អខ្លាំងណាស់។ គាត់វាយចេញ និងធ្វើការវាយបកយ៉ាងលឿន ហើយទីបំផុតគាត់អាចទទួលជ័យជំនះ។ គាត់លេងបានល្អណាស់។»
ក្នុងការប្រកួតមួយដ៏ធំ ដែលមនុស្សជាច្រើនបានព្យាករណ៏ថា នឹងអាចឈានដល់សិតទី៥នោះ ជាក់ស្តែងវាចំណាយពេលត្រឹមតែ ២ម៉ោង ១៥នាទី តែប៉ុណ្ណោះ សម្រាប់កីឡាករ វ៉ាវរីនកា ក្នុងការយកឈ្នះកីឡាករជើងខ្លាំង នៅក្នុងទីក្រុងញ៉ូយ៉ក។
កីឡាករវ័យ ២៨ឆ្នាំ វ៉ាវរីនកា នឹងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហ្រ្គែនស្លាម (Grand Slam) ជាលើកដំបូង ខណៈដែលគាត់អាចនឹងជួបកីឡាករ លេខ១ពិភពលោក ណូវ័ក ឌីចូកូវីក (Novak Djokovic) ឬកីឡាករលេខ ២១ពិភពលោក មីកហែល យ៉ូស្នី (Mikhail Youzhny)។
មួរ៉េ វ័យ ២៦ឆ្នាំ ដែលបានឈ្នះពានរង្វាន់ដ៏ធំ «យូអេសអូផិន» កាលពីឆ្នាំមុននោះ មិនអាចធ្វើបានល្អទេនៅឆ្នាំនេះ។
គាត់បានបន្តថា៖ «ខ្ញុំលេងបានល្អគ្រប់គ្រាន់ មុននឹងឡើងមកដល់វគ្គ១ភាគ៤នេះ។ វាមិនមែនជារឿងងាយស្រួលទេ ក្នុងការធ្វើវា ខណៈដែលសល់កីឡាករតែ ៨នាក់គត់ ដែលឈានមកដល់វគ្គនេះ។»
មួរ៉េ បានបន្ថែមថា៖ «ខ្ញុំលេងតឺនីសបានល្អបំផុត នៅក្នុងការប្រកួតធំៗ ក្នុងរយះពេល ៣ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែថ្ងៃនេះ វាប្រហែលជាមិនមែនជាថ្ងៃល្អសម្រាប់ខ្ញុំទេ។»
រីឯ វ៉ាវរីនកា ក៏បានបន្ថែមដែរថា៖ «វាជារឿងមួយដ៏អស្ចារ្យសម្រាប់ខ្ញុំ ដែលបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហ្គ្រែនស្លាម។ ជាពិសេសនៅពេលអាចយកឈ្នះ អេនឌី មួរ៉េ ដែលជាម្ចាស់ការពារដំណែងជើងឯកផងនោះ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ